បច្ចេកវិទ្យា | September 14, 2021 | 85

វៀតណាមកំពុងតែសម្រុកអភិវឌ្ឍប្រាជ្ញាសិប្បនិម្មិត

វៀតណាមមានសេដ្ឋកិច្ចស្ទុះខ្លាំងនៅក្នុងតំបន់អាស៊ាន ហើយបានផ្តោតលើការស្រាវជ្រាវអភិវឌ្ឍន៍ប្រាជ្ញាសិប្បនិម្មិតដែលមានការចូលរួមពីក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកនិងក្រុមហ៊ុនថ្មីៗ ហើយមនុស្សជាច្រើនជឿថាសកម្មភាពនេះនឹងជួយចូលរួមវិភាគទានដល់សេដ្ឋកិច្ចឌីជីថលសកលនៅក្នុងពេលអនាគត។ 

 

ក្រុមហ៊ុន FPT Group ជាក្រុមហ៊ុនផ្តល់សេវាបច្ចេកវិទ្យាព័ត៌ឈានមុខគេក្នុងប្រទេសវៀតណាមបានប្រកាសក្នុងពេលថ្មីៗនេះថាគេនឹងចំណាយលុយ៣,២លានដុល្លារលើការស្រាវជ្រាវនិងការអភិវឌ្ឍប្រាជ្ញាសិប្បនិម្មិតនៅក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ 

 

 

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀតដូចជាក្រុមហ៊ុនViettel ក្រុមហ៊ុន Vietnam Posts and Telecommunications ក្រុមហ៊ុន VNG Corporation និងក្រុមហ៊ុន Vingroup ក៏ចូលរួមវិយោគយ៉ាងខ្លាំងលើការស្រាវជ្រាវនិងអភិវឌ្ឍវិស័យប្រាជ្ញាសិប្បនិម្មិតនេះដែរ ដើម្បីស្វែងរកកម្មវិធីថ្មីៗដែលកំណត់គំរូពាណិជ្ជកម្មថ្មីៗ។ 

 

ដើម្បីបង្កើនសមត្ថភាពស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិត ក្រុមហ៊ុន Viettel និងក្រុមហ៊ុន Vingroup បានវិនិយោគលើបច្ចេកវិទ្យកំពូលកុំព្យូទ័រដែលអាចដោះស្រាយបញ្ហាស្មុគស្មាញខ្លាំងនៅក្នុងគណិតវិទ្យា ស្របពេលដែលគេជំរុញការអភិវឌ្ឍបច្ចេកវិទ្យានេះ។ 

 

ក្រុមហ៊ុន Vingroup ក៏បានបង្កើនការវិនិយោគក្នុងវិស័យនេះដែរ និងបានប្រើប្រាស់បច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិតក្នុងវិស័យសុខាភិបាល យានយន្តវៃឆ្លាត និងរថយន្តដែលបើកបរដោយខ្លួនឯង។ 

 

ក្រុមអ្នកជំនាញនិយាយថាការវិនិយោគនិងការអភិវឌ្ឍបច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិតពីក្រុមហ៊ុនធំៗបានទាក់ទាញក្រុមអ្នកជំនាញនិងវិស្វករវៀតណាមពីជុំវិញពិភពលោកត្រឡប់មកមាតុភូមិវិញ ហើយសិក្ខាសាលាដែលមានការចូលរួមពីក្រុមអ្នកជំនាញបរទេសក៏ត្រូវគេរៀបចំឡើងទៀងទាត់ ដែលបង្កើតបានជាសហគមន៍អ្នកជំនាញខាងប្រាជ្ញាសិប្បនិម្មិតនៅក្នុងប្រទេសមួយនេះ។ 

 

យោងតាមសន្និសីទអន្តរជាតិស្តីពីប្រាជ្ញាសិប្បនិម្មិតនិងប្រាជ្ញាកុំព្យូទ័រដែលរៀបចំដោយវិទ្យាស្ថានបច្ចេកវិទ្យានៃបណ្ឌិត្យសភាវិទ្យានិងបច្ចេកវិទ្យាវៀតណាម ប្រទេសនេះកំពុងតែស្ថិតនៅក្នុងចំណាត់ថ្នាក់ទី២១ក្នុងវិស័យប្រាជ្ញាសិប្បនិម្មិត បើនិយាយអំពីការវិនិយោគរុញច្រានវិស័យមួយនេះ។ 

 

រដ្ឋាភិបាលវៀតណាមបានចេញយុទ្ធសាស្រ្តជាតិស្តីពីការស្រាវជ្រាវ ការអភិវឌ្ឍ និងការប្រើប្រាស់ប្រាជ្ញាសិប្បនិម្មិតរហូតដល់ឆ្នាំ២០៣០ក្នុងគោលបំណងប្រែក្លាយប្រទេសវៀតណាមឱ្យទៅជាមជ្ឈមណ្ឌលនវានុវត្តន៍និងប្រាជ្ញាសិប្បនិម្មិតក្នុងតំបន់អាស៊ាន ហើយបើអ្នកគឺក្នុងពិភពលោកផង។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់