បច្ចេកវិទ្យា | August 30, 2021 | 148

កិច្ចការដែលកំពូលសហគ្រិនធ្វើ ប៉ុន្តែមនុស្សភាគច្រើនមិនធ្វើ

នៅពេលអ្នកឃើញមនុស្សជោគជ័យច្រើនធ្វើកិច្ចការអ្វីមួយដែលដូចគ្នា ហើយទទួលបានលទ្ធផលវិជ្ជមានដូចគ្នា អ្នកគួរតែស្វែងរកឱកាសដើម្បីរៀនធ្វើតាមគេ និងបង្កើតជាទម្លាប់របស់អ្នកដែរ។ ខាងក្រោមនេះជាទម្លាប់មួយចំនួនរបស់កំពូលសហគ្រិនដែលទទួលបានជោគជ័យក្នុងការងារជាបន្តបន្ទាប់៖

 

 

១/ បង្កើតចំណេះដឹងនិងចែករំលែកមេរៀន

គេប្រឹងប្រែងស្វែងរកផ្លូវដើរដែលនាំទៅរកជោគជ័យក្នុងកិច្ចការអ្វីមួយដែលគេដាក់ចិត្តចង់ធ្វើ ហើយគេក៏មិនកំណាញ់នឹងចែករំលែកមេរៀននោះជាមួយមនុស្សគ្រប់គ្នាដែលគេជួបដែរ។ ស្តាប់ទៅដូចជាសាមញ្ញណាស់ ប៉ុន្តែនេះជាទម្លាប់របស់គេ គឺមិនមែនដើម្បីអួតខ្លួនទេ ប៉ុន្តែគេមានចិត្តចង់ចែករំលែកឱ្យមនុស្សដទៃបានរីកចម្រើនដែរ។ ជាក់ស្តែង អ្នកនឹងស្តាប់ឮរឿងរ៉ាវល្អៗ និងការពិតដដែលៗនៅក្នុងសន្ទនាទាំងអស់ ដែលហាក់ដូចជាមនុស្សទាំងនោះមានបេសកកម្មផ្សព្វផ្សាយរឿងទាំងនោះ។ 

 

២/ ជាមនុស្សពូកែខាងបង្កើតលទ្ធផល

គេបង្កើតលទ្ធផលជាបន្តបន្ទាប់ ជាពិសេសនៅក្នុងការផ្សព្វផ្សាយជាអត្ថបទ សៀវភៅ រូបភាព និងវីដេអូ ទោះជាតាមបណ្តាញផ្លូវការ ឬតាមបណ្តាញសង្គមក៏ដោយ។ គេមិនរង់ចាំរហូតដល់មានភាពឥតខ្ចោះទើបគេចែករំលែកនោះទេ។ មើលពីសម្បកក្រៅទៅហាក់ដូចជាគេចង់ចាក់បំពេញពិភពអ៊ីនថឺណិតដោយមេរៀននិងដំបូន្មានរបស់គេ។ គេឆ្លៀតពេលសរសេរនិងចែករំលែកគ្រប់ឱកាសទាំងអស់ដែលមាន ហើយគេកម្រខ្ជះខ្ជាយមិនបង្កើតផលិតផលណាស់។ 

 

៣/ គេមានប្រភពប្រាក់ចំណូលជាច្រើន

លុយពិតប្រាកមិនមែនកើតឡើងតាមរយៈសកម្មភាពដែលគេបង្ហាញជាសាធារណៈនោះទេ។ គេមានផលិតផលនិងពាណិជ្ជកម្មដែលបង្កើតលុយទោះជាគេទៅដល់កន្លែងណាឬធ្វើកិច្ចការអ្វីក៏ដោយ។ ប្រហែលអ្នកគិតថាគេរកលុយបានពីការចូលរួមនិយាយនៅក្នុងសិក្ខាសាលា ឬកម្មវិធីជួបជុំអ្វីមួយ ប៉ុន្តែទាំងនោះគ្រាន់តែជាសកម្មភាពធ្វើទីផ្សាររបស់គេប៉ុណ្ណោះ លុយពិតប្រាកដកើតឡើងនៅមុនឬក្រោយពេលនោះ។ បើមើលមួយបែបនទៀត គឺដូចជាការចូលរួមនិយាយក្នុងទីសាធារណៈដោយមិនយកលុយកាក់អ្វីទាំងអស់ ហើយពាណិជ្ជកម្មនៅពីក្រោយខ្នងរបស់គេបង្កើតជោគជ័យពិតប្រាកដ។ 

 

៤/ ការពារនិងប្រុងប្រយ័ត្នមិនឱ្យខូចកេរ្តិ៍ឈ្មោះ

គេបង្កើតកេរ្តិ៍ឈ្មោះប្រៀបដូចជាទ្រព្យសម្បត្តិដែលប្រមូលទុកសម្រាប់ចែកឱ្យកូនចៅជំនាន់ក្រោយដែរ។ បើមាននរណាម្នាក់ឬរឿងរ៉ាវអ្វីមួយដែលគំរាមកំហែងដល់កេរ្តិ៍ឈ្មោះពាណិជ្ជកម្មរបស់គេ គេនឹងធ្វើកិច្ចការគ្រប់យ៉ាងដើម្បីកែតម្រូវឬស្តារឡើងវិញ។ កេរ្តិ៍ឈ្មោះប្រហែលមិនមានតម្លៃអ្វីទេសម្រាប់មនុស្សទូទៅ ប៉ុន្តែវាជាដើមទុនចាំបាច់សម្រាប់កំពូលសហគ្រិន គឺមានតម្លៃជាលុយកាក់ឬទ្រព្យសម្បត្តិផ្សេងទៀត។ 

 

៥/ ពូកែខាងបង្កើតនិងថែរក្សាភាពជាដៃគូ

គេជាកំពូលអ្នកបង្កើតភាពជាដៃគូនិងការចូលរួម។ នៅគ្រប់ការជួបប្រជុំ គេអាចកំណត់ដឹងតួនាទីដែលដៃគូប្រជុំអាចចូលរួមបំពេញបាននៅក្នុងការគាំទ្រទស្សនវិស័យរបស់គេ ហើយគេក៏អាចគិតដឹងមុនថាមនុស្សដែលគេជួបនោះចង់បានអ្វីត្រឡប់ទៅវិញ។ ជាលទ្ធផល គេរៀបចំការជួបនិងភាពជាដៃគូក្នុងរបៀបដែលនាំឱ្យចំណេញទាំងសងខាង ហើយចំណាយពេលតិចបំផុត។ គេក៏យល់ទៀតថាការប្រើប្រាស់ធនធានដែលមានស្រាប់មានភាពងាយស្រួលនិងរហ័សជាងការបង្កើតអ្វីៗថ្មីទាំងស្រុង។ គេគាំទ្រទំនាក់ទំនងដែលចំណេញទាំងសងខាង ហើយគេដឹងរបៀបរឹងចំណងទំនាក់ទំនងបែបនោះ។ 

 

ប្រែសម្រួល៖ វេហា

 

មតិយោបល់