អភិវឌ្ឍចំណេះដឹង | June 10, 2021 | 75

ដំបូន្មានអាជីពសម្រាប់មនុស្សដែលចង់សម្រេចស្នាដៃធំ

ការបង្កើតអាជីពដែលជោគជ័យមួយតម្រូវឱ្យមានវិន័យសំខាន់ៗច្រើនណាស់។ ទោះជាអ្នកត្រូវការកម្លាំងចិត្តដើម្បីចាប់ផ្តើមអនុវត្តទម្លាប់ថ្មីៗ ឬដើម្បីរុញច្រានខ្លួនឯងទៅរកផ្លូវត្រូវវិញ ក៏អ្នកត្រូវការដំបូន្មានទាំងនេះពីមនុស្សដែលមានបទពិសោធន៍ច្រើនក្នុងជីវិតដែរ៖

 

 

១/ ចំណេះដឹងអំពីខ្លួនឯងជាមូលដ្ឋានគ្រឹះ

បើគ្មានចំណេះដឹងអំពីខ្លួនឯងទេ ការប្រឹងប្រែងដើម្បីជោគជ័យមិនមានគ្រឹះរឹងមាំទេ។ នៅក្នុងសម័យបុរាណ ទស្សនវិទូលើកទឹកចិត្តមនុស្សឱ្យរៀនពិចារណា។ មេដឹកនាំសព្វថ្ងៃនេះប្រើប្រាស់ការយល់ដឹងខ្លួនឯងដើម្បីកំណត់និយមន័យនិងឈានទៅរកជោគជ័យ។ 

 

ចំណេះដឹងអំពីខ្លួនឯងតម្រូវឱ្យមានការពិចារណាដល់បទពិសោធន៍ ទាំងល្អនិងអាក្រក់។ សាកគិតត្រឡប់ទៅរកបទពិសោធន៍របស់អ្នកកាលពីសប្តាហ៍មុន និងកត់សម្គាល់រកពេលណាដែលអ្នកមានអារម្មណ៍ពេញចិត្តបំផុត។ ប្រហែលអ្នកពេញចិត្តបំផុតនៅពេលដោះស្រាយបញ្ហាពាណិជ្ជកម្មបាន ឬនៅពេលជួយនរណាម្នាក់។ អ្នកត្រូវតែសម្លឹងមើលក្នុងខ្លួនឯង និងរកឱ្យឃើញថាអ្នកចូលចិត្តធ្វើអ្វីជាងគេ? តើអ្នកមានជំនាញអ្វីខ្លះ និងមហិច្ឆតាអ្វីខ្លះ? 

 

២/ ការចង់ចេះចង់ដឹងមានឥទ្ធិពលណាស់

លោកJim Rohn ធ្លាប់និយាយថា ប្រព័ន្ធអប់រំផ្លូវការនឹងជួយឱ្យអ្នកចេះចិញ្ចឹមជីវិត ប៉ុន្តែការអប់រំផ្ទាល់ខ្លួននឹងជួយឱ្យអ្នកមានបាន។ ចិត្តដែលបើកទូលាយនិងចង់ចេះចង់ដឹងមានសារៈសំខាន់ណាស់ដើម្បីទទួលបានប្រយោជន៍ច្រើនពីឱកាសរៀន។ ការចង់ចេះចង់ដឹងមានន័យថាជាការសម្លឹងរកមើលឱកាសដើម្បីរៀននិងអនុវត្តគំនិតនៅខាងក្រៅសាលា។ ការផ្តោតចិត្តកាន់តែមានសារៈសំខាន់ក្នុងតួនាទីជាអ្នកដឹកនាំ ដោយសារសកម្មភាពរបស់អ្នកនិងពាក្យសម្តីរបស់អ្នកនឹងមានឥទ្ធិពលលើមនុស្សជុំវិញខ្លួន។ 

 

លោកBrian Grazer ជាផលិតករខ្សែភាពយន្តរឿង Apollo 13, The Da Vinci Code និង J. Edgar បានចាត់ទុកជោគជ័យក្នុងអាជីពរបស់លោកថាបានពីចរិតចង់ចេះចង់ដឹងនិងការរៀនពីមនុស្សជុំវិញខ្លួន។ លោកបានរៀបរាប់លម្អិតដំណើររៀនសូត្រទាំងអស់នេះនៅក្នុងសៀវភៅA Curious Mind: The Secret to a Bigger Life។

 

៣/ អ្នកណែនាំផ្លូវផ្តល់ទស្សនៈថ្មីនិងសំណួរកាន់តែប្រសើរ

មេដឹកនាំជោគជ័យតែងតែមាននិងទៅរកអ្នកណែនាំផ្លូវជានិច្ចនៅក្នុងដំណើររីកចម្រើននៃអាជីពរបស់គេ។ ចំណុចចាប់ផ្តើមនៃការសន្ទនាច្រើនតែចេញពីរឿងពាណិជ្ជកម្ម ប៉ុន្តែមេរៀនមានលក្ខណៈទូលំទូលាយនៅក្នុងផ្នែកជាច្រើនទៀតនៃដំណើរជីវិត។ អ្នកបង្ហាញផ្លូវអាចជួយអ្នកឱ្យបើកចិត្តនិងទស្សនៈកាន់តែធំទូលាយ ព្រមទាំងសួរអ្នកឱ្យពិចារណាគ្រប់ជ្រុងជ្រោយមុនពេលអនុវត្តគម្រោងអ្វីមួយ។ អ្នកមិនត្រឹមតែត្រូវមានមនុស្សណែនាំផ្លូវដែលមានបទពិសោធន៍និងជំនាញដូចអ្នកប៉ុណ្ណោះទេ ប៉ុន្តែត្រូវរកមនុស្សដែលមានចំណេះដឹងនិងចំណង់ចំណូលខុសពីអ្នកថែមទៀតដើម្បីធ្វើឱ្យអ្នកទទួលបានគំនិតនិងមេរៀនប្លែកៗ។ 

 

៤/ រាប់អានមនុស្សឱ្យត្រូវដើម្បីសម្រេចគោលដៅ

មនុស្សដែលអ្នករាប់អានមានឥទ្ធិពលខ្លាំងណាស់លើជោគជ័យរបស់អ្នក។ ចំណុចគន្លឹះគឺអ្នកត្រូវចេះជ្រើសរើសមនុស្សដែលអ្នករាប់អាន ពីព្រោះថាបើអ្នករាប់អានមនុស្សត្រូវ អ្នកនឹងរីកចម្រើន ប៉ុន្តែបើរាប់អានមនុស្សខុស អ្នកនឹងវិនាស។ ស្វែងរកមនុស្សណាដែលជួយអ្នកឱ្យប្រឹងប្រែងនិងរីកចម្រើន? បើមនុស្សណានៅក្នុងបណ្តាញទំនាក់ទំនងរបស់អ្នកដែលចូលចិត្តតែផ្តោតគិតនិងនិយាយរឿងអវិជ្ជមាន ប្រហែលដល់ពេលដែលអ្នកត្រូវជម្រុះគេចេញពីជីវិតរបស់អ្នកហើយ ពីព្រោះថាគេមិនអាចជួយអ្នកឱ្យសម្រេចគោលដៅរបស់អ្នកបានទេ។

 

ប្រែសម្រួល៖ វេហា 

មតិយោបល់