គំនិតអាជីវកម្ម | June 10, 2021 | 87

វិធីសាស្រ្តគេចឱ្យផុតពីការដួលរលំក្នុងពេលបង្កើតពាណិជ្ជកម្មថ្មី

នៅក្នុងសៀវភៅ The Founder’s Dilemma អ្នកនិពន្ធ Noam Wasserman ដែលជាសាស្រ្តាចារ្យនៅសាលាពាណិជ្ជកម្មHarvard បានអះអាងថា ៦៥ភាគរយនៃពាណិជ្ជកម្មថ្មីដែលដួលរលំទៅវិញគឺដោយសារទំនាស់ក្នុងចំណោមក្រុមស្ថាបនិក។ តួលេខនេះប្រហែលធ្វើឱ្យមនុស្សមួយចំនួនភ្ញាក់ផ្អើល ប៉ុន្តែគ្មានអ្វីចម្លែកទេក្នុងចំណោមមនុស្សដែលធ្លាប់សាកល្បងបង្កើតពាណិជ្ជកម្ម។ 

 

 

គេច្រើនតែនិយាយថាពេលវេលាល្អបំផុតក្នុងពាណិជ្ជកម្មគឺមុនពេលចាប់ផ្តើម ជាពេលដែលពោរពេញដោយក្តីស្រមៃល្អៗ និងសង្ឃឹមជឿជាក់។ ទោះជាយ៉ាងណា នៅពេលចាប់ផ្តើមភ្លាម ក្រុមអ្នកបង្កើតពាណិជ្ជកម្មនោះក៏ចាប់ផ្តើមខ្វែងគំនិតគ្នាភ្លាមដែរ។ បើទោះជាមូលហេតុនៃវិវាទនោះផ្សេងៗគ្នា ក៏គេអាចពន្យល់បានយ៉ាងសាមញ្ញថាទាក់ទងនឹងបណ្តុំនៃគុណតម្លៃ ទស្សនវិស័យ និងកម្លាំងជំរុញចិត្ត។ 

 

ដូច្នេះហើយ បើការយល់មិនស្របគ្នាជាបញ្ហា ដំណោះស្រាយក៏ត្រូវតែចាប់ផ្តើមពីចំណុចនេះដែរ។ ទោះជាយ៉ាងណា ការយល់ស្របគ្នាជាគំនិតមួយដែលមានមនុស្សច្រើនលើកយកមកជជែកគ្នា ប៉ុន្តែកម្រមានអ្នកផ្តល់និយមន័យឱ្យបានច្បាស់ណាស់ ឬក៏ប្រាប់ផ្លូវឈានទៅរកការយល់ស្របគ្នានោះដែរ។ 

 

ក្នុងនាមជាស្ថាបនិកនៃពាណិជ្ជកម្មមួយ អ្នកមានគំនិតចំពោះអ្វីដែលពាណិជ្ជកម្មនោះគួរតែអនុវត្ត នរណាខ្លះដែលអ្នកគួរតែបម្រើ និងត្រូវបម្រើដោយរបៀបណា។ ដូច្នេះអ្នកក៏ចាប់ផ្តើមជួលក្រុមការងារមកចូលរួមបុព្វហេតុមួយនេះ និងប្រឹងប្រែងបង្ហាញទស្សនវិស័យរបស់អ្នកឱ្យគេយល់ច្បាស់។ ប៉ុន្តែលទ្ធផលមិនអាចកើតឡើងដូចការរំពឹងទុកទាំងស្រុងទេ។ 

 

សមាជិកស្ថាបនិកម្នាក់ៗមានគំនិតខុសគ្នាទាក់ទងនឹងលទ្ធផលដែលគេចង់បាននិងរបៀបគ្រប់គ្រងក្រុមហ៊ុន។ បន្តិចម្តងៗ ទស្សនវិស័យផ្សេងគ្នាទាំងនេះកាន់តែបែកផ្លូវគ្នាឆ្ងាយទៅៗ រហូតដល់លែងអាចយល់គ្នាបាន។ នេះជាការខ្វែងគំនិតគ្នា ហើយវាជាមូលហេតុចម្បងនៃការផ្តួលរំលំពាណិជ្ជកម្មថ្មី។ ដូច្នេះហើយ តើត្រូវធ្វើយ៉ាងណាដើម្បីបញ្ជៀសបញ្ហានេះ? 

 

នៅពេលអ្នកចាប់ផ្តើមបង្កើតពាណិជ្ជកម្មអ្វីមួយ អ្នកត្រូវធ្វើយ៉ាងណាប្រឹងប្រែងយកទៅឱ្យដល់ទីផ្សារមុនពេលអ្នកអស់ដើមទុន។ បើអ្នកទុកពេលកាន់តែយូរមុននឹងទៅដល់ទីផ្សារ ហើយចាប់ផ្តើមប្រមូលផល លទ្ធភាពដួលរលំមុនក្រោកឈររួចនឹងមានកាន់តែច្រើន។ ការខ្វែងគំនិតគ្នាស៊ីពេលច្រើនណាស់ ហើយការជួបប្រជុំដោះស្រាយបញ្ហាទាំងនេះនឹងធ្វើឱ្យអ្នកបាត់បង់លទ្ធភាពធ្វើកិច្ចការដែលអ្នកត្រូវធ្វើ គឺការប្រឡូកចូលក្នុងទីផ្សារ។ ដូច្នេះហើយ បើចង់ជៀសផុតពីបញ្ហា គឺអ្នកត្រូវនាំផលិតផលចូលទីផ្សារឱ្យបានកាន់តែឆាប់។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់