គំនិតអាជីវកម្ម | June 10, 2021 | 84

គន្លឹះជៀសផុតពីការឈឺចាប់ដោយសារពាណិជ្ជកម្មដួលរលំ

មនុស្សភាគច្រើនយល់ថាពាណិជ្ជកម្មថ្មីដែលដួលរលំគឺដោយសារពាណិជ្ជកម្មនោះមិនបានដោះស្រាយបញ្ហារបស់ទីផ្សារតាមការចង់បានរបស់អតិថិជន។ ការសន្និដ្ឋានបែបនេះនាំឱ្យមានសំណួរមួយថា ហេតុអ្វីបានជាសហគ្រិនដែលមានគំនិតល្អៗនិងការប្តេជ្ញាខ្ពស់ជាច្រើននាក់ដែលបានចំណាយពេលវេលានិងការប្រឹងប្រែងគ្រប់បែបយ៉ាងហើយក៏នៅតែមិនអាចដោះស្រាយបញ្ហាទីផ្សារបានទៀត? 

 

 

ហេតុផលមានច្រើន ហើយហេតុផលខ្លះក៏ស្រដៀងគ្នាថែមទៀត។ មូលហេតុអាចបណ្តាលមកពីការអនុវត្ត គឺក្រុមហ៊ុនអស់ដើមទុនមុនពេលសម្រេចបានលទ្ធផលឬឈានដល់ដំណាក់កាលទទួលចំណេញមកវិញ ឬក៏មិនអាចទទួលបានការវិនិយោគបន្ថែមដើម្បីទប់ទំហំការងារដែលកាន់តែរីកធំឡើង។ ពេលខ្លះទៀតគូប្រជែងក៏ទៅដល់ទីផ្សារបានមុន ឬក៏មានព្រឹត្តិការណ៍អាក្រក់អ្វីមួយដែលរាំងស្ទះដល់ចង្វាក់ផលិតកម្មទាំងមូល។ 

 

នៅមានមូលហេតុផ្សេងទៀតដែរដូចជាស្ថាបនិកក្រុមហ៊ុនមិនបានធ្វើកិច្ចការចាំបាច់ឱ្យបានត្រឹមត្រូវទាក់ទងនឹងទីផ្សារនិងអតិថិជនមុនពេលបង្កើតផែនការពាណិជ្ជកម្ម។ ការសិក្សាស្រាវជ្រាវរកមូលហេតុដួលរលំរបស់ពាណិជ្ជកម្មថ្មីជាច្រើនបង្ហាញឱ្យឃើញថាមូលហេតុចម្បងគេគឺគ្មានតម្រូវការទីផ្សារ។ ពាណិជ្ជកម្មថ្មីគ្រប់ទំហំនិងគ្រប់ប្រភេទដែលដួលរលំសុទ្ធតែសារភាពកំហុសមួយនេះដូចគ្នា។ ហើយមូលហេតុចម្បងទីពីរគឺការអស់ដើមទុនមុនពេលទទួលបានចំណូល។

 

ខាងក្រោមនេះជាគំនិតមួយចំនួនដែលជួយសហគ្រិនជៀសផុតពីបញ្ហាខាងលើនេះ៖

 

១/ ផ្លាស់ប្តូរផ្នត់គំនិតនិងគំនិតរបស់អ្នក

ឈប់គិតអំពីផលិតផលរបស់អ្នក ហើយត្រូវផ្តោតគិតឱ្យបានច្រើនលើបញ្ហារបស់អតិថិជនវិញ។ ឈប់សន្និដ្ឋានអំពីអ្វីដែលទីផ្សារត្រូវការ ហើយត្រូវសម្លឹងមើលបញ្ហាពិតជាក់ស្តែងដែលទីផ្សារកំពុងតែជួបវិញ។ គោលដៅរបស់អ្នកមិនសម្លឹងរកមើលបញ្ហាដែលអ្នកចង់ដោះស្រាយទេ ប៉ុន្តែត្រូវសម្លឹងរកបញ្ហាដែលទីផ្សារមិនចង់ឃើញនិងដំណោះស្រាយដែលអតិថិជនចង់បាន។

 

២/ កំណត់យកអតិថិជនជាផ្នែកមួយនៃការវាយតម្លៃ

រៀនអំពីអ្វីៗគ្រប់យ៉ាងពីអតិថិជនគោលដៅរបស់អ្នក។ អតិថិជននឹងប្រាប់បញ្ហាគ្រប់យ៉ាងរបស់គេដល់មនុស្សដែលចង់ស្តាប់។ និយាយជាមួយមនុស្សដែលប្រើប្រាស់ដំណោះស្រាយរបស់គូប្រជែងឬដំណោះស្រាយផ្សេងពីអ្នក។ សួរគេរកមូលហេតុដែលគេចូលចិត្តប្រើដំណោះស្រាយនោះ និងមូលហេតុដែលគេមិនចង់ផ្លាស់ប្តូរ។ អតិថិជនមិនទិញផលិតផលឬបច្ចេកវិទ្យាទេ ប៉ុន្តែគេចាយលុយលើដំណោះស្រាយ។ 

 

៣/ បង្កើតទំនុកចិត្តនិងភាពជឿជាក់លើខ្លួនអ្នក

ជួបប្រជុំជាមួយក្រុមអ្នកជំនាញដើម្បីយល់ដឹងអំពីទីផ្សារដែលក្រុមហ៊ុនរបស់អ្នកចង់ប្រឡូកចូល។ ប្រើប្រាស់សមាគមពាណិជ្ជកម្មក្នុងតំបន់ អង្គការស៊ីវិល និងវេទិកាសហគមន៍ដើម្បីស្គាល់ស្ថានភាពទីផ្សារក្នុងតំបន់របស់អ្នក។ បង្កើតបណ្តាញទំនាក់ទំនងដើម្បីទទួលបានការណែនាំកាន់តែច្រើន។ អ្នកនឹងភ្ញាក់ផ្អើលនៅពេលឃើញមេដឹកនាំពាណិជ្ជកម្មចង់ជួយសហគ្រិនដែលចង់រៀនពីគេ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់