អភិវឌ្ឍចំណេះដឹង | June 09, 2021 | 85

ទម្លាប់ដែលរុញច្រានទៅរកការរីកចម្រើនផ្នែកហិរញ្ញវត្ថុ

មនុស្សភាគច្រើនដែលគ្មានមត៌កឬទទួលបានលាភសំណាងពិសេសអ្វីទេ ម្នាក់ៗត្រូវប្រឹងប្រែងធ្វើការដើម្បីរកលុយចិញ្ចឹមជីវិត។ ដូច្នេះហើយគោលដៅហិរញ្ញវត្ថុមិនមែនជារឿងងាយស្រួលឡើយ គឺច្រើនតែស្ថិតនៅក្នុងការប្រទុងប្រទាញគ្នារវាងប្រាក់ខែងាប់ បំណុលរស់ និងកំណើននៃចំណាយប្រចាំថ្ងៃ។ ទោះជាយ៉ាងណា បើអ្នកបង្កើតទម្លាប់មួយចំនួនខាងក្រោមនេះ អ្នកនឹងអាចសម្រេចបានគោលដៅហិរញ្ញវត្ថុនៅពេលណាមួយមិនខាន៖

 

 

១/ បង្កើតគោលដៅជីវិត

តើពាក្យសេរីភាពហិរញ្ញវត្ថុមានន័យដូចម្តេចចំពោះអ្នក? គំនិតទូលំទូលាយ ឬការចង់បានគ្រប់យ៉ាងមិនមែនជាគោលដៅច្បាស់លាស់ទេ។ ដូច្នេះអ្នកត្រូវកំណត់ឱ្យច្បាស់។ តើអ្នកគួរតែមានលុយប៉ុន្មានក្នុងគណនីធនាគារ? តើអ្នកចង់បានសម្ភារៈអ្វីខ្លះដើម្បីប្រើប្រាស់ប្រចាំថ្ងៃ? ហើយតើអ្នកចង់សម្រេចបានគោលដៅទាំងអស់នេះនៅអាយុប៉ុន្មាន? បើអ្នកកំណត់គោលដៅទាំងនេះបានកាន់តែច្បាស់ លទ្ធភាពសម្រេចបាននឹងមានកាន់តែច្រើន។

 

២/ ចាយក្នុងកម្រិតប្រាក់ចំណូល

ការរស់នៅមិនហួសពីកម្រិតប្រាក់ចំណូលមិនមែនជាការទម្លាក់តម្លៃខ្លួនឯង ឬបាត់បង់បទពិសោធន៍ល្អក្នុងជីវិតទេ។ បើមិនអាចធ្វើឱ្យទាបជាង ការចំណាយប្រចាំថ្ងៃរបស់អ្នកក៏មិនត្រូវខ្ពស់ជាងកម្រិតចំណូលរបស់អ្នកដែរ។ ការរស់នៅរបៀបនេះ អ្នកនឹងអាចជៀសផុតពីបំណុល ហើយមានជំហររឹងមាំសម្រាប់បង្កើនហិរញ្ញវត្ថុនៅពេលអនាគតទៀតផង។ ទោះជាយ៉ាងណា ការរស់នៅតាមកម្រិតប្រាក់ចំណូលបែបនេះតម្រូវឱ្យមានវិន័យ និងការលះបង់ខ្លះៗដែរ។ 

 

៣/ កំណត់ខ្ទង់បម្រុងទុកបង្កា

ការមានលុយបម្រុងទុកសម្រាប់ពេលត្រូវការបន្ទាន់នឹងជួយឱ្យអ្នករស់នៅបានស្ងប់ចិត្ត។ សំខាន់ជាងនេះទៅទៀត វិធីនេះជួយបញ្ជៀសអ្នកពីការធ្លាក់ខ្លួនទៅក្នុងរណ្តៅបំណុលគេ។ នៅក្នុងស្ថានភាពធម្មតា អ្នកគួរតែមានលុយបម្រុងទុកចាយសម្រាប់រយៈពេលយ៉ាងហោចណាស់៣ខែឬកន្លះឆ្នាំ។ បើទោះជាមិនមានលុយត្រៀមទុកជាក់លាក់បែបនេះ ក៏ការមានខ្ទង់បម្រុងក្នុងកម្រិតណាមួយនៅតែប្រសើរជាងគ្មានសោះដែរ។ គ្មាននរណាអាចស្មានដឹងមុនថានឹងមានរឿងចៃដន្យអ្វីកើតឡើងទេ។ 

 

៤/ ប្រើប្រាស់បំណុលប្រកបដោយយុទ្ធសាស្រ្ត

អ្នកជំនាញខាងហិរញ្ញវត្ថុភាគច្រើននឹងណែនាំឱ្យអ្នកជៀសវាងបំណុលនៅគ្រប់កាលៈទេសៈទាំងអស់។ ប៉ុន្តែមិនមែនបំណុលទាំងអស់សុទ្ធតែអាក្រក់ទេ។ អ្នកក៏អាចប្រើប្រាស់បំណុលដើម្បីទាញយកប្រយោជន៍បានដែរ ពីការអប់រំ ការទិញអចលនទ្រព្យទុក ឬការចាប់ផ្តើមធ្វើពាណិជ្ជកម្មជាដើម។ ទោះជាយ៉ាងណា អ្នកត្រូវបែងចែកឱ្យដាច់ស្រឡះរវាងបំណុលដើម្បីវិនិយោគ និងបំណុលដើម្បីត្រឹមតែបង្កើនភាពហឺហាឬការបំពេញចិត្តដែលមិនចាំបាច់។ 

 

៥/ មានផែនការវិនិយោគច្បាស់លាស់

បន្ទាប់ពីអ្នកមានខ្ទង់សម្រាប់ចាយនៅពេលចាំបាច់ហើយ គឺដល់ពេលដែលអ្នកត្រូវគិតដល់រឿងវិនិយោគម្តង។ មានជម្រើសវិនិយោគច្រើនណាស់ដែលអ្នកអាចប្រើប្រាស់បាន ប៉ុន្តែគេអាចបំព្រួញមកនៅត្រឹមពីរប្រភេទគឺវិនិយោគសម្រាប់ចូលនិវត្តន៍និងវិនិយោគមិនមែនសម្រាប់ចូលនិវត្តន៍។ កំហុសធំមួយរបស់មនុស្សភាគច្រើនគឺការគិតថាគេនៅក្មេងពេកមិនបាច់បារម្ភរឿងវិនិយោគសម្រាប់ពេលចូលនិវត្តន៍អ្វីទេ។ បើអ្នកចង់ទទួលបានផលចំណេញពីការវិនិយោគ អ្នកត្រូវចាប់ផ្តើមរៀនសន្សំទាំងសម្រាប់គោលដៅខ្លីនិងគោលដៅវែងឆ្ងាយ។ 

 

៦/ ពង្រីកចំណេះដឹងហិរញ្ញវត្ថុ

ការនិយាយរឿងលុយកាក់ច្រើនតែធ្វើឱ្យមនុស្សភាគច្រើនធុញទ្រាន់ឬមិនចូលចិត្តតែម្តង។ ប៉ុន្តែបើអ្នកចង់ក្លាយជាមនុស្សដែលមានសេរីភាពហិរញ្ញវត្ថុ និងចេះគ្រប់គ្រងលុយកាក់ច្បាស់លាស់ អ្នកត្រូវបន្តអប់រំខ្លួនឯងឱ្យគ្រប់ជ្រុងជ្រោយតាំងពីរបៀបរកលុយរហូតដល់របៀបគណនាពន្ធប្រាក់ចំណូល។ មានមធ្យោបាយងាយៗមួយចំនួនដែលអ្នកអាចចាប់ផ្តើមរៀនយល់ដឹងអំពីហិរញ្ញវត្ថុ ដូចជាការអានសៀវភៅ ស្តាប់គេពន្យល់បកស្រាយនៅលើអ៊ីនថឺណិត និងចូលរួមក្រុមមនុស្សដែលចង់រៀនរឿងនេះ។ 

 

ប្រែសម្រួល៖ វេហា

 

មតិយោបល់