អភិវឌ្ឍចំណេះដឹង | June 09, 2021 | 88

រៀនប្រើប្រាស់ទស្សនវិជ្ជាជប៉ុនដើម្បីធ្វើឱ្យជីវិតមានន័យ

ទស្សនវិជ្ជាជប៉ុន Ikigai ត្រូវគេបង្កើតឡើងនៅក្នុងសតវត្សទី៨លើដែនកោះ Okinawa។ បើបកប្រែតាមន័យត្រង់របស់ពាក្យនេះគឺ iki មានន័យថាជីវិត ហើយgai មានន័យថាការរំពឹងទុក។ ដូច្នេះគំនិតរួមគឺជាហេតុផលរបស់បុគ្គលម្នាក់ៗដើម្បីរស់នៅឱ្យបានយូរអង្វែងនិងពោរពេញដោយអត្ថន័យ។ 

 

 

ទស្សនវិជ្ជាមួយនេះរួមផ្សំជាមួយនឹងវិធីសាស្រ្តសាមញ្ញៗមួយចំនួនលើកទឹកចិត្តមនុស្សគ្រប់គ្នាឱ្យស្វែងរកតុល្យភាពគំរូនៃតម្រូវការជីវិត។ អាជីពជោគជ័យមិនមែនចាំបាច់ត្រូវតែជាការងារធំដុំ ឬតម្រូវឱ្យមានការិយាល័យអស្ចារ្យនោះទេ។ ការទទួលបានតុល្យភាពអាជីពនិងជីវិតប្រៀបដូចជាមាគ៌ាកណ្តាលដែលមិនផ្អៀង ឬជ្រុលលើសទៅខាងណាមួយ។ ខាងក្រោមនេះជាគន្លឹះសម្រាយចំណុចសាមញ្ញៗក្នុងការអនុវត្តតាមទស្សនវិជ្ជាមួយនេះ៖

 

១/ ស្វែងរកឱ្យឃើញ Ikigai របស់អ្នក

យកក្រដាសសមួយសន្លឹកមកគូររង្វង់បួនដែលមានចំណុចត្រួតរួមលើគ្នា។ រង្វង់នីមួយៗតំណាងឱ្យកត្តាជំរុញចិត្តមួយដែលមានឥទ្ធិពលដោយផ្ទាល់លើជីវិតរបស់អ្នក គឺកិច្ចការដែលអ្នកពូកែធ្វើ អ្វីដែលអ្នកស្រឡាញ់ មធ្យោបាយចិញ្ចឹមជីវិតរបស់អ្នក និងជំនាញរបស់អ្នកដែលមានប្រយោជន៍ចំពោះអ្នកដទៃ។ គោលដៅនៃលំហាត់មួយនេះគឺសម្របសម្រួលអាជីពរបស់អ្នកឱ្យត្រូវតាមទំនោរធម្មជាតិរបស់អ្នក។ គន្លឹះស្ថិតនៅត្រង់ភាពស្មោះត្រង់ចំពោះខ្លួនឯង គឺអ្នកត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់។ 

 

២/ កំណត់ពេលសម្រាប់ខ្លួនឯង

ការរៀបចំផែនការសម្រាប់អនាគតជាផ្នែកមួយនៃការកសាងជីវិតដែលនាំទៅរកការសម្រេចមហិច្ឆតានិងធានាបានសន្តិសុខហិរញ្ញវត្ថុ។ ទោះជាយ៉ាងណា Ikigai ជាត្រីវិស័យមួយដែលចាំតម្រង់ទិសរបស់អ្នកនៅក្នុងជីវិតនិងជាគួរតែចាំរំឭកអ្នកអំពីតម្លៃនៃពេលចំពោះមុខ។ អ្នកមិនអាចចាប់ពេលវេលាទុកនៅស្ងៀមបានទេ ដូច្នេះហើយអ្នកគួរតែសម្រាកពីការងារខ្លះដើម្បីផ្តល់តម្លៃឱ្យពេលវេលាដែលអ្នកមាន។ បង្កើតគុណភាពនៃពេលវេលាតាមរយៈការធ្វើសកម្មភាពថ្មីៗដែលអ្នកចូលចិត្ត ឬសម្រាកតាមរបៀបដែលអ្នកចង់បាន។ 

 

៣/ ប្រមូលថាមពលពីធម្មជាតិ

វប្បធម៌ជប៉ុនផ្តោតតម្លៃខ្លាំងលើកម្លាំងជួលជុលនៃធម្មជាតិ។ ការសម្លឹងមើលទេសភាពស្រស់ស្អាត ភ្នំវែងអន្លាយ ឬបឹងដែលមានទឹកថ្លាឆ្វង់អាចជួយបង្កើតតុល្យភាពនិងជួលជុលជីវិតដែលពោរពេញដោយសម្ពាធបញ្ហា។ ឥទ្ធិពលនៃសម្រស់ធម្មជាតិទាំងនេះអាចជួយធ្វើឱ្យចិត្តរបស់អ្នកស្ងប់បាន។ ការមើលសម្រស់ផ្កាឬស្តាប់សំឡេងបក្សីច្រៀងអាចរំឭកអ្នកអំពីសាមគ្គីភាគនៅក្នុងធម្មជាតិ។ ឥទ្ធិពលនៃពិភពធម្មជាតិជួយតម្រង់ទិសដៅរបស់អ្នកឱ្យស្របនឹងថាមពលរបស់អ្នក។ 

 

៤/ រៀនរស់ក្នុងរបៀបសកម្ម

ផ្តោតគោលដៅលើការពង្រីកប្រយោជន៍នៃជីវិតរបស់អ្នកតាមរយៈការបង្កើតទម្លាប់ហាត់ប្រាណឱ្យបានទៀងទាត់។ នៅពេលអ្នកមានវ័យកាន់តែច្រើន អ្នកគួរជ្រើសរើសធ្វើសកម្មភាពណាដែលមិនសូវប្រើកម្លាំងខ្លាំងពេក ដូចជាដើរ ឬហាត់ក្បាច់គុនដែលមានលក្ខណៈទន់ភ្លន់។ ធ្វើយ៉ាងណាឱ្យសាច់ដុំនិងសន្លាក់របស់អ្នកមានសកម្មភាពជាប្រចាំដើម្បីរក្សាសមត្ថភាពចល័តរបស់អ្នកឱ្យបានល្អ។ 

 

៥/ ទទួលទានអាហារល្អសម្រាប់សុខភាព

ដើម្បីរស់នៅបានយូរអង្វែងអ្នកត្រូវរក្សារាងកាយឱ្យមានតុល្យភាពដោយអាហារដែលសមស្របចំពោះសុខភាព។ គ្មានរូបមន្តអាហារណាមួយដែលត្រូវសម្រាប់មនុស្សគ្រប់គ្នាទេ ដូច្នេះអ្នកត្រូវកត់ចំណាំទុកសម្រាប់ខ្លួនឯងថាអាហារប្រភេទណាខ្លះដែលទទួលទានទៅធ្វើទុកនិងអាហារប្រភេទណាខ្លះដែលផ្តល់សុខភាពឱ្យអ្នក។ ទោះជាយ៉ាងណា ការទទួលទានបន្លែនិងផ្លែឈើស្រស់ៗអាចមានប្រយោជន៍សម្រាប់មនុស្សគ្រប់គ្នានិងគ្រប់វ័យ។ គន្លឹះមួយទៀតក្នុងការទទួលទានគឺត្រូវបរិភោគក្នុងបរិមាណដែលមិនឱ្យឆ្អែតពេក និងទុកចន្លោះប្រហែល២០ភាគរយមុនពេលអ្នកឆ្អែត។ ទម្លាប់បែបនេះជួយឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកធ្វើការបានល្អ និងបង្កើនកម្រិតថាមពលឆាប់រហ័ស។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់