គំនិតអាជីវកម្ម | June 09, 2021 | 83

សហគ្រិនភាពជាអនាគតនៃការងារ

សព្វថ្ងៃនេះមនុស្សយើងកំពុងតែស្ថិតនៅក្នុងពាក់កណ្តាលនៃបដិវត្តន៍ការងារដោយសារការផ្លាស់ប្តូរឧស្សាហកម្មនិងការវិវឌ្ឍយ៉ាងរហ័សនៃបច្ចេកវិទ្យា។ គេអាចព្យាករដឹងថាបច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិត មនុស្សយន្ត និងបច្ចេកវិទ្យាស្វ័យប្រវត្តិផ្សេងទៀតនឹងចូលខ្លួនមកជំនួសការងារជាច្រើន ហើយការបង្កើតថ្មីៗនឹងធ្វើឱ្យបច្ចេកវិទ្យាចាស់ៗឃ្លាតកាន់តែឆ្ងាយចេញពីការប្រើប្រាស់ប្រចាំថ្ងៃ។ របាយការណ៍ក្រុមហ៊ុន McKinsey អះអាងថាការងារពី១៥ទៅ៣០ភាគរយនឹងត្រូវបាត់បង់នៅត្រឹមឆ្នាំ២០៣០។ 

 

 

ទោះជាយ៉ាងណា មិនមែនមានន័យថាការងារទាំងនេះនឹងរលាយបាត់ទៅតែម្តងនោះទេ ប៉ុន្តែនឹងមានការងារថ្មីៗក្នុងឧស្សាហកម្មថ្មីដែលចូលមកជំនួស។ បន្ថែមពីលើនេះ រចនាសម្ព័ន្ធការងារក៏នឹងផ្លាស់ប្តូរដែរ។ តាមពិតទៅ សូម្បីតែក្នុងពេលឥឡូវនេះក៏គេឃើញប្រែប្រួលជាបណ្តើររួចទៅហើយ ដូចជាក្នុងវិស័យដឹកជញ្ជូន និងការងាកទៅរកសកម្មភាពពាណិជ្ជកម្មលើអ៊ីនថឺណិតជាដើម។ 

 

ទោះជានៅក្នុងឧស្សាហកម្មអ្វីក៏ដោយ ក៏ជាការវៃឆ្លាតដែរដែលអ្នកត្រូវយកចិត្តទុកដាក់លើការផ្លាស់ប្តូរក្នុងទីផ្សារនិងទិសដៅដែលឧស្សាហកម្មរបស់អ្នកកំពុងតែតម្រង់ទៅ។ មនុស្សជាច្រើននឹងត្រូវបំពាក់ជំនាញថ្មីៗបន្ថែមដើម្បីបត់បែនទៅតាមទិសដៅនៃឧស្សាហកម្មថ្មីៗ។ 

 

ដូច្នេះតើអ្វីៗទាំងអស់នេះមានន័យដូចម្តេចចំពោះអ្នក? ទោះជាអ្នកកំពុងតែធ្វើការក្នុងវិស័យអ្វី ឬមានមុខតំណែងជាអ្វីក៏ដោយ ក៏ឥឡូវនេះជាពេលដែលត្រូវចាប់ផ្តើមរៀនអនុវត្តល្បែងនៃសហគ្រិនភាពដែរ។ ក្រុមអ្នកជំនាញជឿថារបៀបធ្វើការដោយខ្លួនឯងជាទម្រង់ចុងក្រោយនៃការងារ។ លោកRichard Branson ធ្លាប់និយាយថា សហគ្រិនភាពគឺការប្រែក្លាយសកម្មភាពដែលធ្វើឱ្យជីវិតរបស់អ្នករីករាយក្លាយទៅជាប្រាក់ចំណូល ដើម្បីអ្នកអាចធ្វើបានកាន់តែច្រើន និងរីកចម្រើនទៅមុខជាមួយនឹងការងារនោះ។ 

 

បើទោះជាអ្នកគ្មានបំណងចង់បង្កើតពាណិជ្ជកម្មពេញលេញមួយដោយខ្លួនឯង ក៏ការចាប់ផ្តើមធ្វើការងារបន្ទាប់បន្សំជាមធ្យោបាយល្អបំផុតដើម្បីរកលុយដែរក្នុងទម្រង់សេដ្ឋកិច្ចសព្វថ្ងៃនេះ។ អ្នកត្រូវចាប់យកសន្តិសុខហិរញ្ញវត្ថុរបស់អ្នកមកទុកក្នុងដៃខ្លួនឯង។ នៅក្នុងស្ថានភាពសេដ្ឋកិច្ចមិនទៀងទាត់ ការពឹងផ្អែកតែលើប្រាក់ខែមួយមុខមិនមែនជាជម្រើសវៃឆ្លាតទេ។ ទោះជាសេដ្ឋកិច្ចទូទៅប្រែប្រួលឬវិវឌ្ឍដល់ណាក៏ដោយ ក៏អ្នកត្រូវមានប្រភពប្រាក់ចំណូលឱ្យបានច្រើន ទើបជាការប្រសើរ។ 

 

ការបង្កើតប្រភពប្រាក់ចំណូលដោយខ្លួនឯងមានន័យថាអ្នកលែងកំណត់ព្រំដែនតម្លៃការងារ ឬសមត្ថភាពរបស់អ្នកទៀតហើយ។ ប្រាក់ចំណូលបន្ថែមនេះក៏អ្នកអាចយកទៅប្រើប្រាស់ដើម្បីធ្វើឱ្យជីវិតកាន់តែរីករាយឬដើម្បីវិនិយោគសម្រាប់អនាគតដែរ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់