អចលនទ្រព្យ | June 08, 2021 | 80

គន្លឹះវិនិយោគក្នុងអចលនវត្ថុពីវិនិយោគិនជោគជ័យ

ការវិនិយោគអចលនវត្ថុមិនមែនមានក្បួនត្រៀមទុកគ្រប់ពេលទេ ហើយផ្លូវទៅរកភាពរីកចម្រើនក៏មិនត្រឹង់ភ្លឹងដូចការគិតដែរ។ ទោះជាយ៉ាងណា មានកិច្ចការមួយចំនួនដែលអ្នកអាចធ្វើបានដើម្បីបង្កើនឱកាសជោគជ័យ គឺស្តាប់តាមការណែនាំរបស់វិនិយោគិនជោគជ័យ និងក្រុមអ្នកជំនាញក្នុងវិស័យ។ ទោះបីអ្នកជាមនុស្សថ្មីនៅក្នុងការវិនិយោគអចលនវត្ថុ ឬក៏មានបទពិសោធន៍ច្រើនឆ្នាំមកហើយ ក៏គន្លឹះខាងក្រោមនេះអាចជួយអ្នកឱ្យរីកចម្រើនបានដែរ៖

 

 

១/ ពង្រីកជម្រើសវិនិយោគ

ក្នុងពេលដែលមានដំបូន្មានថាអ្នកគួរតែវិនិយោគនៅក្នុងតំបន់ដែលអ្នកស្គាល់ច្បាស់ ក៏ការធ្វើបែបនេះមានន័យថាអ្នកកំពុងតែកំណត់ព្រំដែនសក្តានុពលនៃផលចំណេញរបស់ខ្លួនឯងហើយ។ ការពិចារណាវិនិយោគនៅក្នុងកន្លែងដែលឆ្ងាយពីតំបន់របស់អ្នកជាឱកាសពង្រីកសក្តានុពល និងជាមធ្យោបាយការពារអាជីវកម្មរបស់អ្នកពីការឡើងចុះនៃទីផ្សារក្នុងតំបន់។ 

 

២/ ស្រាវជ្រាវខ្លួនឯងខ្លះមុននឹងស្តាប់អ្នកជំនាញ

នៅក្នុងករណីជាច្រើន អ្នកផ្តល់ប្រឹក្សាអាជីពនិងគួរឱ្យទុកចិត្តរបស់អ្នក ដូចជាអ្នកគ្រប់គ្រង អ្នកជំនាញខាងពន្ធ និងសន្ធានការីជាដើម ប្រហែលផ្តល់ប្រឹក្សាឱ្យអ្នកតែតាមមេរៀនដែលគេធ្លាប់ជួបប្រទះ ឬមានស្រាប់នៅក្នុងក្បួនតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា អ្នកធ្វើការអាស្រ័យទៅតាមស្ថានភាពនិងកាលៈទេសៈជាក់ស្តែង។ អ្នកស្តាប់គេពន្យល់បកស្រាយដើម្បីស្វែងរកហេតុផលមែន ប៉ុន្តែអ្នកត្រូវសម្រេចចិត្តទៅតាមឱកាសដែលអ្នកមើលឃើញជាក់ស្តែង។

 

៣/ ប្រើប្រាស់អ្នកជំនាញក្នុងផ្នែកនីមួយៗ

នៅពេលអ្នកចាប់ផ្តើមវិនិយោគក្នុងវិស័យអចលនវត្ថុ គន្លឹះសំខាន់គឺត្រូវប្រើប្រាស់អ្នកជំនាញក្នុងផ្នែកនីមួយៗនៃគម្រោងដើម្បីកាត់បន្ថយពេលធ្វើការនិងធានាបានជោគជ័យ។ គ្មានប្រយោជន៍អ្វីដែលអ្នកត្រូវបង្កើតក្បួនថ្មីទាំងស្រុងឬប្រឹងប្រែងរែកពុនការងារនិងបន្ទុកទាំងអស់តែម្នាក់ឯងនោះទេ។ តាមរយៈការប្រើមនុស្សទៅតាមជំនាញ អ្នកបង្កើតកំហុសកាន់តែតិច និងទទួលបានចំណេញកាន់តែច្រើនក្នុងពេលយូរអង្វែង។

 

៤/ ស្គាល់ទីផ្សាររបស់អ្នកឱ្យបានច្បាស់

នៅពេលវិនិយោគក្នុងអចលនវត្ថុ រឿងសំខាន់គឺត្រូវរៀននិងក្លាយជាអ្នកជំនាញក្នុងទីផ្សារដែលអ្នកជ្រើសរើស។ ការទទួលបានដំណឹងគ្រប់ជ្រុងជ្រោយអំពីចរន្តបច្ចុប្បន្ន ដែលរួមទាំងអត្រាជួល កម្រិតប្រាក់ចំណូល អត្រាការប្រាក់ និងសូម្បីតែអត្រាគ្មានការងារធ្វើនឹងជួយអ្នកឱ្យមើលឃើញស្ថានភាពទីផ្សារច្បាស់ហើយអាចរៀបចំផែនការអនាគតបានយ៉ាងប្រសើរ។ ការមានសមត្ថភាពព្យាករទុកមុន និងការដើរមួយជំហានបានមុនទីផ្សារអាចជួយអ្នកឱ្យក្លាយជាវិនិយោគិនកាន់តែមានប្រសិទ្ធភាព។

 

៥/ ចាត់ទុកការវិនិយោគដូចជាពាណិជ្ជកម្មមួយ

ការវិនិយោគអចលនវត្ថុជាពាណិជ្ជកម្មមួយ ហើយដូចពាណិជ្ជកម្មដទៃទៀតដែរ ការវិនិយោគរបស់អ្នកតម្រូវឱ្យមានការរៀបចំផែនការច្បាស់លាស់ ការអនុវត្តទៀងទាត់ និងការគ្រប់គ្រងហ្មត់ចត់។ ពាណិជ្ជកម្មដែលជោគជ័យបំផុតគ្រប់គ្រងដោយមនុស្សដែលមានគុណភាពនិងជំនាញខ្ពស់នៅគ្រប់កម្រិត។ មនុស្សដែលព្រងើយកន្តើយការពិតមួយនៃនឹងជួបបញ្ហាដែលនាំទៅរកបរាជ័យ។ ទោះជាអ្នកចង់ពង្រីកការវិនិយោគរបស់អ្នកក្នុងទ្រង់ទ្រាយតូចឬធំប៉ុនណាក៏ដោយ បើអ្នកចង់បានជោគជ័យ អ្នកត្រូវតែគ្រប់គ្រងឱ្យដូចពាណិជ្ជកម្ម។

 

ប្រែសម្រួល៖ វេហា

 

មតិយោបល់