គំនិតអាជីវកម្ម | June 08, 2021 | 77

មេរៀនដែលក្រុមហ៊ុនយីហោធំៗអាចរៀនបានពីវិបត្តិកូវីដ១៩

វិបត្តិកូវីដ១៩បានជះឥទ្ធិពលអាក្រក់លើពាណិជ្ជកម្មជាច្រើន ទាំងផ្នែកលក់រាយ ភោជនីយដ្ឋាន បដិសណ្ឋារកិច្ច និងការកម្សាន្ត។ ទោះជាយ៉ាងណា ក្នុងពេលដែលពាណិជ្ជកម្មមួយចំនួនត្រូវបិទទ្វាររហូត មានពាណិជ្ជកម្មថ្មីខ្លះលេចរូបរាងឡើងនិងរីកចម្រើន។ ពាណិជ្ជកម្មខ្លះទៀតត្រូវបង្ខំចិត្តបត់បែនទៅរកប្រព័ន្ធសេដ្ឋកិច្ចលើអ៊ីនថឺណិតដែលគេមិនសូវស្គាល់ច្បាស់។

 

 

ឧស្សាហកម្មពាណិជ្ជកម្មលើអ៊ីនថឺណិតរីកចម្រើនយ៉ាងរហ័ស ដែលយីហោមានគេស្គាល់ស្រាប់ទទួលបានការរីកចម្រើនយ៉ាងខ្លាំង ហើយយីហោថ្មីៗក៏ស្ទុះឡើងយ៉ាងរហ័ស។ ជំនួសឱ្យការផ្តោតលើឥទ្ធិពលអវិជ្ជមាននៃវិបត្តិកូវីដ១៩លើពាណិជ្ជកម្ម យើងគួរតែក្រឡែកមើលមេរៀនដែលយីហោមួយចំនួនអាចរៀនបានពីកាលៈទេសៈនេះវិញ៖

 

១/ អ្នកប្រើប្រាស់នឹងសុខចិត្តចាយលុយជានិច្ច

បើទោះជាមានការជជែកគ្នាច្រើនអំពីរឿងទុក្ខលំបាកនៅក្នុងពេលមានវិបត្តិកូវីដ១៩នេះ ក៏ក្រុមហ៊ុនលក់រាយជាច្រើនរាយការណ៍អំពីកំណើននៃការលក់ទំនិញតាមអ៊ីនថឺណិតដែរ។ គ្រាន់តែក្រុមហ៊ុនBest Buy មួយមានកំណើនលក់លើអ៊ីនថឺណិតដល់ទៅជាង២៥០ភាគរយ។ មនុស្សជាច្រើនប្រមូលទិញសម្ភារៈបច្ចេកវិទ្យាដើម្បីបម្រុងទុកក្នុងពេលដែលមិនដឹងថាស្ថានភាពធម្មតានឹងវិលត្រឡប់មកវិញនៅពេលណា។  

 

បើទោះជាគ្មានភាពច្បាស់លាស់ទាក់ទងនឹងការងារ ប្រាក់ចំណូល និងសេដ្ឋកិច្ចទាំងមូល ក៏អ្នកប្រើប្រាស់នៅតែចាយលុយដដែល។ ក្នុងពេលដែលប្រឈមនឹងស្ថានភាពធុនទ្រាន់ពេលមិនអាចចេញទៅក្រៅបាន អ្នកប្រើប្រាស់ជាច្រើនងាកទៅរកការទិញទំនិញលើអ៊ីនថឺណិតដើម្បីជាការកម្សាន្ត។ 

 

២/ ពាណិជ្ជកម្មបានងាកយ៉ាងខ្លាំងទៅរកអ៊ីនថឺណិត

វិបត្តិកូវិដ១៩បានណែនាំប្រជាសាស្រ្តថ្មីសន្លាងទៅរកភាពងាយស្រួលនៃការទិញទំនិញលើអ៊ីនថឺណិត។ តាំងពីការទិញសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដែលមានការដឹកជញ្ជូនដល់ទីកន្លែងក្នុងពេលពីរបីថ្ងៃរហូតដល់ការទិញគ្រឿងទេសនៅក្នុងតំបន់ជាមួយគ្នាដែលដឹកជញ្ជូនទៅដល់ក្នុងពេលកន្លះម៉ោង ភាគច្រើននៃអ្នកប្រើប្រាស់ទាំងនេះនឹងនៅតែបន្តទិញទំនិញតាមអ៊ីនថឺណិតទៅមុខទៀតបើទោះជាមានឬគ្មានបញ្ហាកូវីដ១៩ ដោយសារភាពងាយស្រួល។

 

៣/ បណ្តាញសង្គមអាចបើកហាងថ្មីបានភ្លាមៗ

រឿងដ៏គួរឱ្យកត់សម្គាល់មួយនៅក្នុងអំឡុងពេលមានវិបត្តិកូវីដ១៩នេះ គឺមានពាណិជ្ជកម្មដែលធ្វើប្រតិបត្តិការដោយមនុស្សតែម្នាក់លេចឡើងច្រើនណាស់ និងរីកចម្រើនយ៉ាងរហ័ស ដោយសារបណ្តាញសង្គម។ តាំងពីសម្ភារៈប្រើប្រាស់ដែលធ្វើដោយដៃ រហូតដល់ស្នាដៃផ្សេងទៀត មានមនុស្សជាច្រើនបានបង្កើតយីហោយ៉ាងជោគជ័យដោយមិនសូវប្រើប្រាស់ដើមទុនច្រើនឬឆ្លងកាត់ដំណាក់កាលស្មុគស្មាញអ្វីទាំងអស់។ 

 

៤/ មិនត្រូវខ្លាចផ្លាស់ប្តូរដើម្បីបើកឱកាសថ្មីទេ

វិបត្តិកូវីដ១៩បានរុញច្រានក្រុមហ៊ុនជាច្រើនឱ្យបត់បែន។ ក្រុមហ៊ុនផលិតសម្លៀកបំពាក់ខ្លះប្តូរទៅផលិតម៉ាសបាំងមុខ ហើយតាមរយៈការផ្លាស់ប្តូរបែបេនេះ គេរីកចម្រើនយ៉ាងរហ័ស។ ក្នុងពេលដែលពាណិជ្ជកម្មជាច្រើនបិទទ្វារ និងបញ្ឈប់បុគ្គលិក ពាណិជ្ជកម្មដែលបត់បែនទៅរកឱកាសថ្មីៗបែរជាត្រូវជួលបុគ្គលិកបន្ថែមយ៉ាងច្រើនទៅវិញដើម្បីឆ្លើយតបតម្រូវការថ្មីៗ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់