អភិវឌ្ឍចំណេះដឹង | June 08, 2021 | 92

ហេតុផលដែលបុគ្គលិកល្អៗលាឈប់ពីការងារ

ក្រោយពីប្រឹងប្រែងធ្វើការនិងមានជំនាញខ្ពស់ច្រើនឆ្នាំមក អ្នកក៏បានឡើងតំណែងក្លាយទៅជាអ្នកគ្រប់គ្រងឬមេដឹកនាំក្នុងស្ថាប័នមួយ។ ក្នុងពេលដែលមានការិយាល័យកាន់តែធំនិងប្រាក់ខែកាន់តែច្រើន ពេលនេះក្រុមហ៊ុនរំពឹងចង់ឱ្យអ្នកដឹកនាំក្រុមការងារដើម្បីសម្រេចបានលទ្ធផលកាន់តែប្រសើរនៅក្នុងពេលអនាគត។ 

 

 

ក្នុងពេលនេះដែរ អ្នកក៏គួរតែដឹងដែរថាតួនាទីកាន់តែធំ ទំនួលខុសត្រូវក៏កាន់តែច្រើនដែរ ហើយទំនួលខុសត្រូវទាំងនោះក៏មានទាំងការគ្រប់គ្រងនិងការអភិវឌ្ឍមនុស្សដែលរាយការណ៍ឱ្យអ្នកដែរ។ 

 

ជោគជ័យរបស់ក្រុមការងារក៏ជាជ័យជម្នះរបស់អ្នកដែរ ហើយកំហុសរបស់គេក៏ជាបរាជ័យរបស់អ្នកដែរ។ ដូច្នេះហើយ អ្នកអាចធ្វើជាចៅហ្វាយនាយល្អ ឬអាក្រក់ដែលមនុស្សគ្រប់គ្នាមិនចង់ធ្វើការជាមួយ។ ខាងក្រោមនេះជាចំណុចគន្លឹះមួយចំនួនដែលអ្នកត្រូវដឹងបើចង់រក្សាក្រុមការងារល្អនៅធ្វើការជាមួយគ្នាបានយូរអង្វែង៖ 

 

១/ ដាក់បន្ទុកការងារច្រើនពេក

អ្នកមានការងារច្រើនត្រូវធ្វើពីព្រោះក្រុមហ៊ុនរបស់អ្នកចង់សម្រេចសមិទ្ធផលខ្ពស់នៅចុងឆ្នាំ។ ប៉ុន្តែហេតុផលទាំងនេះមិនបានផ្តល់សិទ្ធិឱ្យអ្នកគ្រប់គ្រាន់ដើម្បីទម្លាក់បន្ទុកការងារច្រើនលើសលប់ឱ្យក្រុមការងារដោយមិនបានថ្លឹងថ្លែងជាមុននោះទេ។ ការដាក់ទំនួលខុសត្រូវការងារច្រើនពេកនឹងរុញច្រានឱ្យក្រុមការងារល្អៗរបស់អ្នកចាត់ទុកថាជារឿងអវិជ្ជមាន ដែលនាំទៅរកការបាត់បង់ផលិតភាពទៅវិញ។ 

 

២/ ធ្វើជាមនុស្សដែលចេះគ្រប់យ៉ាង

ការធ្វើការជាមួយចៅហ្វាយនាយដែលអ្នកយល់ថាមិនសមនឹងតំណែង ជាពិសេសនៅពេលគេគិតថាគេចេះធ្វើការគ្រប់យ៉ាងក្នុងពេលដែលការពិតផ្ទុយស្រឡះ ជារឿងដែលពិបាកណាស់។ ចៅហ្វាយនាយអាក្រក់មិនព្រមទទួលយកការរៀនថាជាផ្លូវដែលមានទៅមានមកទេ។ គេមិនចូលចិត្តប្រឹក្សាយោបល់ពីមនុស្សនៅក្រោមបង្គាប់ទេ ដោយគិតថារបៀបនេះធ្វើឱ្យគេបាត់បង់ឥទ្ធិពល។ 

 

៣/ មិនខ្វល់ខ្វាយរឿងជីវិតផ្ទាល់ខ្លួន

នៅក្នុងកន្លែងធ្វើការ យើងទាំងអស់គ្នាតែងតែមានព្រំដែនជាក់លាក់រវាងរឿងផ្ទាល់ខ្លួននិងរឿងការងារ។ ប៉ុន្តែការកំណត់ព្រំដែនបែបនេះមិនមែនមានន័យថាគ្មានអ្វីទាក់ទងនឹងរឿងផ្ទាល់ខ្លួនសោះនោះទេ។ ចៅហ្វាយនាយអាក្រក់ជាមនុស្សមិនខ្វល់រឿងបុគ្គលសោះ។ គេយល់ថាការសួរដេញដោលអំពីជីវិតនៅពេលចុងសប្តាហ៍ជារឿងផ្ទាល់ខ្លួនពេក។ ពេលខ្លះគេសង្ស័យរឿងសុំច្បាប់ច្រើនពេករបស់បុគ្គលិកដែលប្រើមូលហេតុឈឺ។   

 

៤/ មិនព្រមសរសើរឬផ្តល់រង្វាន់លើកទឹកចិត្ត

ចិត្តវិទូAbraham Maslow រំឭកយើងថា ក្រោយពីមានតម្រូវការខាងអាហារនិងកន្លែងស្នាក់នៅហើយ មនុស្សយើងនៅចង់បានការទទួលស្គាល់និងការស្រឡាញ់ថែមទៀត។ មនុស្សយើងទាំងអស់ប្រាថ្នាចង់ឱ្យក្រុមគ្រួសារ ក្រុមហ៊ុន និងសង្គមទាំងមូលផ្តល់តម្លៃឱ្យ។ ចៅហ្វាយនាយល្អដឹងរឿងនេះច្បាស់ណាស់។ ផ្ទុយទៅវិញ ចៅហ្វាយនាយអាក្រក់យល់ថាការប្រឹងប្រែងធ្វើការរហូតទទួលបានលទ្ធផលល្អជាថ្នូរនឹងប្រាក់ខែដែលបុគ្គលិកទទួលបាន គឺគ្មានអ្វីលើសពីការដោះដូរនេះទេ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់