បច្ចេកវិទ្យា | May 24, 2021 | 215

CEO ក្រុមហ៊ុនថ្មីដែលមានតម្លៃខ្ពស់បំផុតលាឈប់ពីតំណែងនៅអាយុ៣៨ឆ្នាំ

លោកZhang Yiming ជាស្ថាបនិកនិងជាCEO ក្រុមហ៊ុនByteDance ដែលជាមេរបស់ក្រុមហ៊ុនTikTok បានប្រកាសផែនការលាឈប់ពីតួនាទីជាប្រធានក្រុមហ៊ុនយក្សដែលមានតម្លៃសរុបប្រហែល៤០០ពាន់លានដុល្លារ។ 

 

 

នៅក្នុងលិខិតមួយជូនបុគ្គលិក លោកZhang សារភាពថា «តាំងពីដើមឆ្នាំនេះមក ខ្ញុំបានចំណាយពេលច្រើនគិតរករបៀបធ្វើយ៉ាងណាឱ្យក្រុមហ៊ុនរីកច្រើនយូរអង្វែងដែលមិនអាចពឹងផ្អែកលើជំហានបន្តិចម្តងៗទេ។» នៅក្នុងលិខិតនោះលោកក៏បញ្ជាក់កង្វះខាតជំនាញមួយចំនួនដើម្បីធ្វើជាអ្នកគ្រប់គ្រងគំរូ។ 

 

លោកZhang បញ្ជាក់ថាការសម្រេចចិត្តចុះចេញពីតំណែងជាCEOក្រុមហហ៊ុននេះនឹងនាំឱ្យលោកមានឥទ្ធិពលកាន់តែខ្លាំងលើគំនិតផ្តួចផ្តើមយូរអង្វែងទៀត។ លោក Liang Rubo ដែលជាសហស្ថាបនិកក្រុមហ៊ុនByteDanceនិងជាប្រធានផ្នែកធនធានមនុស្សនឹងឡើងកាន់តំណែងCEOជំនួសនៅក្នុងឆ្នាំនេះ ក្រោយពីអន្តរកាល៦ខែ។ 

 

បើទោះជាលិខិតរបស់លោកZhangជូនបុគ្គលិកជាការសម្តែងភាពស្មោះត្រង់ ក៏ការចាចេញពីតំណែងភ្លាមៗរបស់មហាសេដ្ឋីវ័យក្មេងម្នាក់នេះធ្វើឡើងចំពេលដែលមានការរឹតបន្តឹងចំពោះCEOក្រុមហ៊ុនបច្ចេកវិទ្យាចិន។ ការបត់បែនតាមពេលផ្លាស់ប្តូរជាកិច្ចការលំបាកខ្លាំងសម្រាប់CEO ហើយលោកZhangក៏សារភាពដែរថាលោកមិនចូលចិត្តគ្រប់គ្រងមនុស្សទេ។ 

 

លោកZhang បានបង្កើតក្រុមហ៊ុនByteDance ក្នុងឆ្នាំ២០១២ ដោយផ្តើមចេញពីគេហទំព័រដើម្បីប្រមូលផ្តុំព័ត៌មានដែលសព្វថ្ងៃនេះគេហៅថា Headlines ឬ Toutiao ។ កម្មវិធីរបស់គេហទំព័រនេះមានសមត្ថភាពអាចរៀបចំគេហទំព័រទៅតាមការចូលចិត្តរបស់អ្នកទស្សនាម្នាក់ៗ ហើយមិនយូរប៉ុន្មានក្រុមហ៊ុនByteDance ក៏បានក្លាយជាក្រុមហ៊ុនថ្មីដែលមានតម្លៃខ្ពស់បំផុតរបស់ប្រទេសចិន។ 

 

ដោយផ្អែកលើជោគជ័យរបស់គេហទំព័រToutiao លោកZhang ក៏បានបង្កើតកម្មវិធីTikTok សម្រាប់ចែករំលែកវីដេអូកម្សាន្តដែលទទួលបានការពេញនិយមខ្លាំង និងកម្មវិធីជាច្រើនទៀត។ ប៉ុន្តែកម្មវិធីផ្សេងទៀតមិនបានទទួលការគាំទ្រខ្លាំងដូចTikTokនោះទេ។ ជាក់ស្តែងកាលពីឆ្នាំ២០១៨ ក្រុងប៉េកាំងបានបញ្ជាឱ្យក្រុមហ៊ុនByteDance បិទគេហទំព័រចែករំលែករឿងកំប្លែងមួយ។ 

 

ក្រោមការដឹកនាំរបស់លោកZhang ក្រុមហ៊ុនByteDance បានដឹកមុខក្រុមហ៊ុនបច្ចេកវិទ្យាចិនផ្សេងទៀតក្នុងការប្រឡូកចូលទីផ្សារដែលគ្របដណ្តប់ដោយក្រុមហ៊ុនអាមេរិកគឺតាមរយៈកម្មវិធីTikTok ប៉ុន្តែកម្មវិធីមួយនេះនៅតែមិនអាចទាញបានការគាំទ្រធំដុំពីក្រុងប៉េកាំងចំពោះក្រុមហ៊ុនByteDance។ 

លោកZhang មិនមែនជាសហគ្រិនបច្ចេកវិទ្យាវ័យក្មេងទីមួយទេដែលលាឈប់ពីតំណែងគួរឱ្យភ្ញាក់ផ្អើលនៅឆ្នាំនេះ។ កាលពីខែមីនាកន្លងទៅ ស្ថាបនិកក្រុមហ៊ុនPinduoduo និងជាប្រធានក្រុមហ៊ុនគឺលោកColin Huang ក៏បានលាលែងពីក្រុមប្រឹក្សាភិបាល នៅពេលក្រុមហ៊ុននេះបានវ៉ាដាច់ក្រុមហ៊ុនAlibabaបន្តិចក្នុងការក្លាយជាគេហទំព័រពាណិជ្ជកម្មលើអ៊ីនថឺណិតធំបំផុតរបស់ប្រទេសចិន។ លោកHuang ក៏លាលែងតំណែងជាCEO កាលពីខែកក្តដាឆ្នាំ២០២០ដែរ។ 

 

ប្រែសម្រួល៖ វេហា

 

មតិយោបល់