អភិវឌ្ឍចំណេះដឹង | May 15, 2021 | 162

មិនចាំបាច់មានសញ្ញាបត្រធំក៏អាចរកប្រាក់ចំណូលបានច្រើនដែរ

តាមរយៈការសាយភាយនៃអ៊ីនថឺណិត ការទទួលបានធនធានរៀនយ៉ាងងាយស្រួល និងកម្មវិធីបណ្តុះបណ្តាលដែលអាចរកបានគ្រប់ពេលនិងគ្រប់ទីកន្លែង មនុស្សឥឡូវនេះមានជម្រើសច្រើនណាស់ដើម្បីបង្កើតស្នាដៃជាច្រើនក្នុងជីវិតដោយមិនបាច់ទៅរៀននៅមហាវិទ្យាល័យ។ ដូច្នេះ បើអ្នកកំពុងតែគិតថាត្រូវប្រឡូកចូលក្នុងពិភពវិជ្ជាជីវៈភ្លាម ឬត្រូវចំណាយពេលច្រើនឆ្នាំដើម្បីរៀនៅមហាវិទ្យាល័យសិន អ្នកគួរតែពិចារណាហេតុផលមួយចំនួនខាងក្រោមនេះ៖

 

១/ មហាវិទ្យាល័យមិនបង្រៀនជំនាញដែលគេត្រូវការក្នុងពិភពការងារទេ

ការអប់រំនៅមហាវិទ្យាល័យមិនអាចរៀបចំអ្នកគ្រប់គ្រាន់សម្រាប់ពិភពលោការងារពិតប្រាកដទេ។ អ្នកអាចរៀនបានតែតាមរយៈការអនុវត្តជាក់ស្តែងប៉ុណ្ណោះ មិនមែនតាមរយៈការមើលគ្រូប្រាប់របៀបធ្វើការងារទេ។ លោក Gyanendra Singh សហស្ថាបនិកក្រុមហ៊ុន Cognic Systems ពន្យល់ថា សញ្ញាបត្រដែលអ្នកទទួលបានពីមហាវិទ្យាល័យគ្រាន់តែជាក្រដាសមួយសន្លឹកដែលបញ្ជាក់ថាអ្នកបានរៀនដល់កម្រិតណាប៉ុណ្ណោះ។ ប៉ុន្តែមេរៀននៅក្នុងសាលាមិនមែនដូចគ្នានឹងអ្វីដែលកើតឡើងក្នុងពិភពការងារនោះទេ។ អ្នកត្រូវតែមានជំនាញទីផ្សារ និងសមត្ថភាពដើម្បីបន្តរៀន រីកចម្រើន និងផ្តល់គុណតម្លៃជានិច្ច។ 

 

 

២/ ការងារដែលមានប្រាក់ចំណូលធំមិនតម្រូវឱ្យមានសញ្ញាបត្រពីមហាវិទ្យាល័យទេ

មានការងារច្រើនណាស់ដែលមិនតម្រូវឱ្យមានសញ្ញាបត្រពីមហាវិទ្យាល័យ ប៉ុន្តែជាការងារដែលអាចរកប្រាក់ចំណូលបានខ្ពស់។ លោក Niraj Bariya សព្វថ្ងៃកំពុងតែធ្វើការជាអ្នកគ្រប់គ្រងទីផ្សារនៅក្រុមហ៊ុន OLBUZ ពន្យល់ថាដំណាក់កាលដំបូងនៃអាជីពរបស់លោក នៅពេលជួបសម្ភាសការងារជាបន្តបន្ទាប់ក្រោយពេលរៀនចប់ គ្មានក្រុមហ៊ុនណាសួររកសញ្ញាបត្រពីមហាវិទ្យាល័យនោះទេ។ នៅក្នុងរយៈពេលធ្វើការងារ៥ឆ្នាំមកនេះ លោកបានជួបមនុស្សជាច្រើននិងបានដឹងថាមនុស្សទាំងនោះមិនដែលទៅរៀននៅមហាវិទ្យាល័យទេ ប៉ុន្តែរកប្រាក់ចំណូលបានយ៉ាងច្រើនតាមរយៈYouTube និងបណ្តាញអ៊ីនថឺណិតផ្សេងទៀត។ 

 

៣/ អ្នកអាចធ្វើជាចៅហ្វាយនាយបានដោយមិនបាច់មានសញ្ញាបត្រមហាវិទ្យាល័យ

បើទោះជាសញ្ញាបត្រខ្ពស់បើកផ្លូវទៅរកទ្រព្យសម្បត្តិនិងការងារអនាគត ក៏មានសហគ្រិនជាច្រើនក្នុងពិភពលោកនេះដែលមិនបានទៅរៀនឬរៀនមិនចប់ផងក៏នៅតែទទួលបានជោគជ័យយ៉ាងច្រើនដែរ។ លោកMichael Dell ជាអ្នកជំនួញអាមេរិក ជាវិនិយោគិន ជាអ្នកនិពន្ធ ជាស្ថាបនិកនិងជាCEOក្រុមហ៊ុន Dell Technologies ឈប់រៀនក្រោយពេលចូលមហាវិទ្យាល័យបានមួយឆ្នាំ។ នៅមានមនុស្សល្បីឈ្មោះច្រើននាក់ទៀតដែលរៀនមិនចប់ប៉ុន្តែបង្កើតភាពជោគជ័យខ្លាំងដូចជាលោកMark Zuckerberg លោកBill Gates និងលោកSteve Jobsជាដើម។ នៅក្នុងមហាវិទ្យាល័យ អ្នកមិនបានរៀនអំពីរបៀបធ្វើជាចៅហ្វាយនាយដោយខ្លួនឯងទេ។ អ្នកអាចរៀនជំនាញមូលដ្ឋានបានច្រើនមែន ប៉ុន្តែសហគ្រិនភាពជាបុគ្គលិកលក្ខណៈដែលមិនអាចរៀនចេះនៅសាលាទេ។  

 

៤/ អ្នកអាចរៀនអ្វីៗស្ទើរគ្រប់យ៉ាងតាមរយៈអ៊ីនថឺណិត

សព្វថ្ងៃនេះ នៅលើអ៊ីនថឺណិត អ្នកអាចរៀនជំនាញនិងចំណេះដឹងស្ទើរគ្រប់យ៉ាងដែលអ្នកចង់។ មិនមែនជាការមានសញ្ញាបត្រទេ ប៉ុន្តែជាការអភិវឌ្ឍជំនាញត្រូវដែលអាចជួយអ្នកឱ្យទទួលបានប្រាក់ខែខ្ពស់និងរកចំណូលបានច្រើន។ ហេតុអ្វីចាំបាច់ទៅរៀននៅមហាវិទ្យាល័យ បើអ្នកអាចអភិវឌ្ឍជំនាញគ្រប់យ៉ាង? វេទិការៀនលើអ៊ីនថឺណិតជាច្រើនដូចជា Coursera, The Khan Academy, Udemy, Skillshare, និង Lynda សុទ្ធតែជាកន្លែងដែលអ្នកអាចចាប់ផ្តើមរៀនបាន។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់