អភិវឌ្ឍចំណេះដឹង | May 15, 2021 | 116

គន្លឹះគ្រប់គ្រងកេរ្តិ៍ពាណិជ្ជកម្មតាមរយៈបណ្តាញសង្គម

បណ្តាញសង្គមមិនត្រឹមតែជាកន្លែងសម្រាប់ផ្សព្វផ្សាយនិងបង្កើតវត្តមានពាណិជ្ជកម្មរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបង្កើតកេរ្តិ៍ឈ្មោះពាណិជ្ជកម្មរបស់អ្នកទៀតផង។ មនុស្សដែលគាំទ្រពាណិជ្ជកម្មរបស់អ្នកនៅលើបណ្តាញសង្គមចង់ដឹងនិងចង់មានទំនាក់ទំនងជាមួយយីហោរបស់អ្នកតាមរយៈការសាកសួរ និងចូលរួមបញ្ចេញយោបល់។ 

 

 

ដោយសារមានការឆ្លើយឆ្លងច្រើននៅលើវេទិកាដូចFacebookនិងInstagram បណ្តាញសង្គមបានក្លាយជាផ្នែកសំខាន់នៃការគ្រប់គ្រងកេរ្តិ៍ពាណិជ្ជកម្មលើអ៊ីនថឺណិតរបស់អ្នក។ តាមរយៈការប្រើប្រាស់យុទ្ធសាស្រ្តគ្រប់គ្រងកេរ្តិ៍ឈ្មោះពាណិជ្ជកម្មរបស់អ្នកលើបណ្តាញសង្គម អ្នកអាចបង្កើតទំនាក់ទំនងរឹងមាំជាមួយនឹងអតិថិជន និងផ្សព្វផ្សាយបានកាន់តែឆ្ងាយ៖

 

១/ តាមដានការសន្ទនាអំពីយីហោរបស់អ្នក

មានការសន្ទនាច្រើនណាស់ដែលកើតឡើងនៅលើបណ្តាញសង្គម។ ភាគច្រើននៃការសន្ទនាទាំងនេះប្រហែលមិនមានអ្វីពាក់ព័ន្ធនឹងពាណិជ្ជកម្មរបស់អ្នកទេ។ ដូច្នេះតើអ្នកអាចតាមដានរកការសន្ទនាដែលទាក់ទងនឹងយីហោរបស់អ្នកបានដោយរបៀបណា? ក្រុមហ៊ុនជាច្រើនប្រើឧបករណ៍ស្តាប់បណ្តាញសង្គមដើម្បីធ្វើឱ្យច្បាស់ថាគេមិនបាត់ការសន្ទនាណាមួយអំពីក្រុមហ៊ុនរបស់គេ។ ឧបករណ៍ដូចជាកម្មវិធី HootSuite ឬ Sprout Social ជួយក្រុមហ៊ុនឱ្យតាមដានពាក្យគន្លឹះទាក់ទងនឹងក្រុមហ៊ុន។ 

 

ជំនួសឱ្យការស្រាវជ្រាវលើបណ្តាញសង្គមដោយខ្លួនឯង កម្មវិធីទាំងអស់នេះផ្តល់ដំណឹងឱ្យអ្នកដឹងភ្លាមនៅពេលមានការសន្ទនាអ្វីមួយអំពីយីហោរបស់អ្នក។ វិធីនេះជួយឱ្យអ្នកដឹងអំពីកង្វល់និងការរំពឹងចង់បានពីអតិថិជន ហើយក៏ផ្តល់ឱកាសឱ្យអ្នកបានទាក់ទងជាមួយគេដោយផ្ទាល់ដែរ។ 

 

២/ ឆ្លើយតបរាល់មតិយោបល់នៅលើបណ្តាញសង្គម

វេទិកាបណ្តាញសង្គមច្រើនតែជាកន្លែងដែលអតិថិជនចែករំលែកបទពិសោធទាក់ទងនឹងយីហោរបស់អ្នក ហើយបើគេបញ្ចេញយោបល់អ្វីទោះជាវិជ្ជមានឬអវិជ្ជមានក៏ដោយ អ្នកត្រូវតែឆ្លើយតប។ អ្នកជំនាញខាងបណ្តាញសង្គមណែនាំថា អ្នកត្រូវធ្វើឱ្យប្រាកដថាអ្នកអានគ្រប់មតិយោបល់ និងឆ្លើយតប នេះជាកិច្ចការសំខាន់បំផុតនៅក្នុងការគ្រប់គ្រងពាណិជ្ជកម្មសព្វថ្ងៃនេះ។ 

 

តាមរយៈការឆ្លើយតបមតិយោបល់របស់អតិថិជន ក្រុមហ៊ុនរបស់អ្នកអាចបង្ហាញការប្តេជ្ញាចិត្តចំពោះសេវាកម្មអតិថិជន និងបង្កើតរូបភាពវិជ្ជមានក្នុងចិត្តរបស់អតិថិជន។ របៀបឆ្លើយតបវិជ្ជមាននិងវៃឆ្លាតអាចជាមធ្យោបាយផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងមានប្រសិទ្ធភាព។ បើអ្នកចង់ការពារកេរ្តិ៍ឈ្មោះនិងជៀសផុតពីការបាត់បង់អតិថិជន ការឆ្លើយតបយោបល់លើបណ្តាញសង្គមជាដែលត្រូវតែធ្វើ។ 

 

៣/ បង្ហាញនិងបន្តចែករំលែកយោបល់វិជ្ជមាន

ការឆ្លើយតបនិងបកស្រាយចំពោះមតិយោបល់អវិជ្ជមានជារឿងមួយ ប៉ុន្តែយោបល់វិជ្ជមាននិងសក្ខីកម្មរបស់អតិថិជននៅលើបណ្តាញសង្គមក៏អាចផ្តល់ជាថាមពលសម្រាប់ផ្សព្វផ្សាយកេរ្តិ៍ឈ្មោះក្រុមហ៊ុនរបស់អ្នកដែរ។ យោបល់វិជ្ជមានជួយទាក់ទាញមនុស្សដែលមិនទាន់ក្លាយជាអតិថិជនរបស់អ្នកឱ្យតាមដាននិងចង់ដឹងកាន់តែច្រើនអំពីពាណិជ្ជកម្មរបស់អ្នក។ បន្ថែមពីលើការអរគុណអតិថិជនចំពោះមតិយោបល់វិជ្ជមានរបស់គេ អ្នកគួរតែចែកចាយយោបល់ល្អៗទាំងនោះទៅកាន់បណ្តាញកាន់តែច្រើនទៀត។ 

 

សព្វថ្ងៃនេះអតិថិជនជាង៩០ភាគរយមើលការបញ្ចេញមតិយោបល់លើបណ្តាញសង្គមមុននឹងសម្រេចចិត្តទិញផលិតផលអ្វីមួយ។ តាមរយៈការគ្រប់គ្រងកេរ្តិ៍ពាណិជ្ជកម្មរបស់អ្នកបានល្អនៅលើបណ្តាញសង្គម អ្នកអាចធានាបានថាអ្នកកំពុងតែដើរលើផ្លូវត្រូវក្នុងការនាំពាណិជ្ជកម្មរបស់អ្នកទៅរកជោគជ័យ។ 

 

ប្រែសម្រួល៖ វេហា

 

មតិយោបល់