អភិវឌ្ឍចំណេះដឹង | May 14, 2021 | 128

ទម្លាប់ដែលរារាំងអ្នកមិនឱ្យក្លាយជាអ្នកមាន

នៅពេលគិតដល់រឿងមានបាន មនុស្សយើងទាំងអស់ស្រឡាញ់គំនិតនៃការមានលុយច្រើនក្នុងធនាគារ។ ប៉ុន្តែរឿងដែលមនុស្សភាគច្រើនមិដឹងនោះគឺថា មិនមែនការមានលុយច្រើនធ្វើឱ្យមនុស្សក្លាយជាអ្នកមានទេ ប៉ុន្តែជាផ្នត់គំនិតនិងទម្លាប់ទៅវិញទេដែលធ្វើឱ្យមនុស្សក្លាយជាអ្នកមាន។ គឺទម្លាប់ចាយលុយក្នុងរបៀបត្រឹមត្រូវដែលធ្វើឱ្យអ្នកក្លាយជាអ្នកមាននិងនៅតែមានទៀត។ ខាងក្រោមនេះជាទម្លាប់ទូទៅដែលអ្នកត្រូវគិតឡើងវិញ បើចង់ក្លាយជាអ្នកមាន៖

 

 

១/ មិនអនុវត្តតាមផែនការថវិកា

មនុស្សដែលមានលុយសុទ្ធតែមានផែនការថវិកា។ ប្រហែលអ្នកធ្លាប់គិតថាអ្នកត្រូវមានផែនការថវិកា និងត្រូវអនុវត្តតាមផែនការនោះឱ្យបានត្រឹមត្រូវ។ អ្នកប្រៀបធៀបចំណូលនិងចំណាយប្រចាំខែរបស់អ្នក និងកំណត់ថាត្រូវសន្សំប៉ុន្មានដើម្បីអនាគត។ ការអនុវត្តតាមផែនការថវិកាជាមធ្យោបាយសំខាន់ក្នុងការបង្កើតទ្រព្យ។ 

 

២/ មានប្រាក់ចំណូលតែមួយប្រភព

ប្រហែលអ្នកធ្លាប់ឮចំណុចនេះច្រើនដងហើយ ប៉ុន្តែនៅតែមានមនុស្សនិយាយទៀតដោយសារវាសំខាន់។ បើអ្នករកប្រាក់ចំណូលបានតែមួយច្រក អ្នកនឹងមិនអាចក្លាយជាអ្នកមានបានទេ។ ការមានប្រភពចំណូលលើសពីមួយច្រកជាផ្លូវពង្រីកទ្រព្យរបស់អ្នក។ ការសិក្សាស្រាវជ្រាវបង្ហាញថាសេដ្ឋីភាគច្រើនមានប្រភពចំណូលពីរឬបី បូកផ្សំជាមួយនឹងការវិនិយោគទៀត គឺគេអាចរកលុយបានច្រើនទាំងសម្រាប់ពេលបច្ចុប្បន្នផងនិងសម្រាប់អនាគតផង។ 

 

៣/ មិនវិនិយោគឱ្យបានគ្រប់គ្រាន់

បើអ្នកចង់រកលុយបានច្រើននិងក្លាយជាអ្នកមាន អ្នកត្រូវតែវិនិយោគ។ មានជម្រើសសុវត្ថិភាពច្រើនណាស់ក្នុងការវិនិយោគ។ ការវិនិយោគមិនត្រឹមតែជួយរក្សាលុយរបស់អ្នកឱ្យមានសុវត្ថិភាពដែលបញ្ចៀសមិនឱ្យអ្នកយកចាយភ្លាមៗទេ ប៉ុន្តែអ្នកក៏អាចប្រើលុយនោះឱ្យបង្កើតកូនចៅកាន់តែច្រើនថែមទៀតសម្រាប់អ្នក។ តាមរយៈការវិនិយោគលុយកាន់តែច្រើន អ្នកក៏សន្សំលុយបានកាន់តែច្រើន ហើយក្នុងពេលជាមួយគ្នាអ្នកក៏ចំណាយកាន់តែតិច។ 

 

៤/ ពេញចិត្តតែក្នុងវិជ្ជាជីវៈបច្ចុប្បន្ន

នៅពេលដែលអ្នកមានវ័យកាន់តែចាស់និងឡើងជណ្តើរការងារកាន់តែខ្ពស់ ដល់ចំណុចណាមួយអ្នកនឹងលែងចង់ផ្លាស់ប្តូរការងារទៅណាទៀតហើយ។ អ្នកលែងចង់បានអ្វីដែលល្អជាងនេះ ឬចង់ឡើងឱ្យខ្ពស់ជាងនេះទៀត។ អ្នកពេញចិត្តតែក្នុងអ្វីៗដែលអ្នកកំពុងតែមាន ហើយនេះមិនមែនជារឿងល្អទេ។ ជាទូទៅមនុស្សស្វែងរកកន្លែងសុខស្រួលដោយសារមិនសូវមានរឿងកង្វល់ច្រើន។ ប៉ុន្តែបើអ្នកចង់មានសន្តិសុខខាងហិរញ្ញវត្ថុ និងរីកចម្រើនក្លាយជាអ្នកមាន អ្នកត្រូវតែបន្តឡើងជណ្តើការងារកុំឈប់។ 

 

៥/ មិនអានដើម្បីរីកចម្រើន ឬមិនអានសៀវភៅសោះ

បើអ្នកចង់រីកចម្រើនក្នុងនាមជាបុគ្គលម្នាក់ ទោះជាក្នុងរឿងគ្រប់គ្រងលុយកាក់ ការអភិវឌ្ឍខ្លួន ឬការអប់រំក្នុងជំនាញណាមួយ ក៏អ្នកមិនត្រូវភ្លេចអានសៀវភៅដែរ។ សេដ្ឋីភាគច្រើនក្នុងពិភពលោកនេះមានទម្លាប់អានសៀវភៅដើម្បីរៀននិងរីកចម្រើន។ ការអានជាការកម្សាន្តផង ប៉ុន្តែបើអ្នកជ្រើសរើសប្រភេទសៀវភៅអានដោយផ្អែកទៅតាមប្រធានបទឬចំណេះដឹងដែលអ្នកចង់រៀន អ្នកនឹងរីកចម្រើនពីការអានមិនខាន។ 

 

ប្រែសម្រួល៖ វេហា

 

មតិយោបល់