អភិវឌ្ឍចំណេះដឹង | May 14, 2021 | 130

មេរៀនសំខាន់ៗក្នុងជីវិតដែលបានពីការធ្វើសមាធិ

ក្នុងពេលពាក្យសមាធិហាក់ដូចជាមានឫសគល់ក្នុងព្រះពុទ្ធសាសនា ក៏របៀបរបបជាច្រើននៃការធ្វើសមាធិបានបែកមែកសាខាទៅតំបន់ផ្សេងៗក្នុងពិភពលោកនេះ។ ហេតុផលដែលសមាធិទទួលបានការពេញនិយមសព្វថ្ងៃនេះគឺពិភពលោកកំពុងតែជួបបញ្ហាជ្រួលច្របល់។ មនុស្សយើងកំពុងតែវង្វេងក្នុងកម្រិតផ្សេងៗគ្នា។ យើងតែងតែមានបញ្ហាអារម្មណ៍តានតឹងមិនដាច់ដោយសារភាពរវល់ក្នុងជីវិត។ ជីវិតរបស់យើងហាក់ដូចជាកំពុងតែរត់ប្រដេញភាពប្រញាប់ប្រញាល់ដែលមិនដឹងថាត្រូវទៅណា។ យើងតែងតែខ្លាចអនាគតដែលមិនច្បាស់លាស់និងសោកស្តាយអតីតកាលដែលមិនអាចកែប្រែបាន។ 

 

 

យើងចំណាយពេលច្រើនឆ្នាំព្រងើយកន្តើយចំពោះពេលបច្ចុប្បន្នដែលនៅចំពោះមុខ។ តើដំណោះស្រាយចំពោះបញ្ហាក្នុងសម័យទំនើបនេះស្ថិតនៅត្រង់ណា? គឺស្ថិតនៅលើសិល្បៈបុរាណនៃការធ្វើសមាធិ។ សិល្បៈមួយនេះបង្រៀនយើងឱ្យចេះផ្តោតចិត្តលើរឿងសំខាន់ៗមួយចំនួន៖

 

១/ សន្តិភាពរបស់អ្នកចាប់ផ្តើមពីអ្នក

ប្រវត្តិសាស្រ្តពិភពលោកមានភស្តុតាងច្រើនណាស់ដែលបញ្ជាក់ថាមានបុគ្គលអាចរក្សាសន្តិភាពក្នុងចិត្តបានបើទោះជាស្ថានភាពជុំវិញមានភាពជ្រួលច្របល់យ៉ាងណាក៏ដោយ។ នៅពេលគេសិក្សាអំពីជីវិតមនុស្សដែលមានសន្តិភាពបែបនោះ គេរកឃើញឫសគល់នៃភាពស្ងប់ស្ងាត់នៅក្នុងសមាធិ។ មនុស្សទាំងនេះមិនដែលអន្ទះសាពេកចំពោះអនាគតដែលនៅឆ្ងាយ ហើយក៏មិនដែលសោកស្តាយចំពោះអតីតកាលដែរ។ គេដឹងច្បាស់អំពីពេលបច្ចុប្បន្ន។ ការអនុវត្តសមាធិរបស់គេនាំឱ្យគេដឹងអំពីគំនិតរបស់គេ។ អំណាចក្នុងការជ្រើសរើសគំនិតរបស់អ្នកជាកំពូលអំណាចក្នុងពិភពទំនើបសព្វថ្ងៃនេះ។ ការដឹងថាអ្នកមានឥទ្ធិពលអាចជ្រើសរើសគំនិតរបស់អ្នកបានបើអ្នកមានសមាធិអាចត្រួសត្រាយផ្លូវទៅរកសន្តិភាពផ្លូវចិត្តបាន។

 

២/ ទស្សនៈរបស់អ្នកកំណត់ពណ៌របស់ពិភពលោក

លោក George Bernard Shaw ធ្លាប់និយាយថា អ្នកជាបង្អួចដែលអ្នកមើលឃើញពិភពលោកនេះ។ អ្នកមើលឃើញពិភពលោកនេះមិនមែនតាមសភាពជាក់ស្តែងរបស់វាទេ ប៉ុន្តែអ្នកមើលឃើញទៅតាមស្ថានភាពក្នុងចិត្តរបស់អ្នក។ មនុស្សរីករាយមើលឃើញពិភពលោកនេះជាកន្លែងដែលមានសុភមង្គលគួរឱ្យចង់រស់នៅ។ មនុស្សដែលមានទំនោរហិង្សាច្រើនតែមើលឃើញហិង្សាថាជាផ្លូវរបស់ពិភពលោក។ ការក្លាយជាមនុស្សដែលរីករាយ និងមានភាពស្ងប់ស្ងាត់ជាគន្លឹះធ្វើឱ្យពិភពលោកនេះមានសន្តិភាព។ ការផ្តោតលើស្ថានភាពបច្ចុប្បន្នជួយឱ្យអ្នកមើលឃើញខ្លួនឯងកាន់តែច្រើន។ នៅពេលអ្នកធ្វើទស្សនៈរបស់អ្នកឱ្យកាន់តែប្រសើរឡើង ពិភពលោកនេះនឹងកាន់តែប្រសើរឡើងស្របគ្នាដែរ។

 

៣/ ចិត្តដែលនឹងធឹងអាចសម្រេចសមិទ្ធផលច្រើន

តើអ្នកធ្លាប់ឃើញខ្លួនឯងដែលរវល់ក្នុងគម្រោងសំខាន់អ្វីមួយហើយស្រាប់តែចិត្តអណ្តែតទៅរកទិសដៅផ្សេងៗជាច្រើនទេ? តើអ្នកត្រូវចំណាយពេលប៉ុន្មានម៉ោងឬប៉ុន្មានថ្ងៃដើម្បីសរសេរគម្រោងមួយឱ្យរួចរាល់? ការព្យាយាមរស់នៅក្នុងពេលបច្ចុប្បន្នបង្ខំអ្នកឱ្យផ្តោតតែលើកិច្ចការនៅចំពោះមុខបុណ្ណោះ។ វាបញ្ចេញថាមពលក្នុងចិត្តរបស់អ្នកទៅរកទិសដៅតែមួយ។ តាមរបៀបនេះ អ្នកនឹងអាចសម្រេចការងារបានច្រើនក្នុងពេលកាន់តែតិចជាងមុន។ អ្នករស់នៅក្នុងពិភពលោកដែលកំពុងតែទាក់ទាញការយកចិត្តទុកដាក់របស់អ្នកគ្រប់ពេល។ ជាលទ្ធផល មនុស្សកាន់តែច្រើនឡើងប្រឹងប្រែងធ្វើការកាន់តែខ្លាំងនិងចំណាយពេលកាន់តែយូរដើម្បីធ្វើការបានលទ្ធផលកាន់តែតិច។ 

 

៤/ អ្នកមានគំនិតច្នៃប្រឌិតជាងការគិតរបស់អ្នក

តើអ្នកធ្លាប់ចំណាយពេលច្រើនម៉ោងគិតអំពីបញ្ហាអ្វីមួយដោយមិនឃើញដំណោះស្រាយ ហើយស្រាប់តែដំណោះស្រាយនោះកើតឡើងនៅពេលអ្នកឈប់គិត ឬពេលអ្នកកំពុងតែធ្វើកិច្ចការផ្សេងទៅវិញ? នៅពេលគិតដល់បញ្ហាអ្វីមួយ យើងច្រើនតែអន្ទះសានឹងរឿងអនាគត ហើយភាពអន្ទះសានេះក៏បិទខ្ទប់ថាមពលច្នៃប្រឌិតរបស់អ្នក។ ប៉ុន្តែសមាធិជួយឱ្យអ្នកសម្លឹងមើលបញ្ហាបានច្បាស់ទៅតាមការពិត និងជំរុញឱ្យអ្នករសកដំណោះស្រាយបានកាន់តែប្រសើរ។ សមាធិជួយអ្នកឱ្យគិតក្នុងរបៀបផ្សេងៗនិងជម្នះឧបសគ្គបានដោយមិនខាតពេលវេលា។ 

 

៥/ ការព្រមទទួយយកខ្លួនឯងជារឿងសំខាន់

ក្នុងពេលដែលបំណងប្រាថ្នាចង់អភិវឌ្ឍខ្លួនជារឿងសំខាន់ ក៏អ្នកមិនត្រូវផុងខ្លួនក្នុងអន្ទាក់នៃការរិះគន់ខ្លួនឯងជានិច្ចនោះទេ។ មនុស្សយើងភាគច្រើនចូលចិត្តប្រៀបធៀបខ្លួនជាមួយនឹងអ្នកដទៃ ហើយក៏បង្កើតអារម្មណ៍មិនពេញចិត្តជាច្រើន។ សមាធិជួយឱ្យអ្នកផ្តោតចិត្តលើចំណុចខ្លាំងរបស់ខ្លួនឯង និងបង្កើនការឱ្យតម្លៃខ្លួនឯង។ នៅពេលអ្នកមានអារម្មណ៍ប្រសើរចំពោះខ្លួនឯង និងស្រឡាញ់ខ្លួនឯង អ្នកនឹងផ្តោតចិត្តកាន់តែច្រើនលើខ្លួនឯង ហើយអភិវឌ្ឍខ្លួនទៅតាមកម្រិតរបស់ខ្លួនឯង។ 

 

ប្រែសម្រួល៖ វេហា

 

មតិយោបល់