អភិវឌ្ឍចំណេះដឹង | May 13, 2021 | 124

កិច្ចការបីយ៉ាងដែលមេដឹកនាំត្រូវយកចិត្តទុកដាក់លើ

តម្រូវការចាំបាច់របស់មេដឹកនាំនៅក្នុងសតវត្សទី២១នេះគឺសមត្ថភាពដឹកនាំក្នុងភាពស្មុគស្មាញនិងភាពមិនច្បាស់លាស់។ ក្នុងពេលដែលមេដឹកនាំសម័យទំនើបនេះមានបញ្ហាពិបាករកពេលគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការទាំងអស់ឱ្យរួចរាល់តាមពេលកំណត់ ក៏មេដឹកនាំមិនត្រូវភ្លេចភារកិច្ចសំខាន់ក្នុងការបង្កើតឥទ្ធិពលវិជ្ជមាន ពង្រឹងជំនឿចិត្ត និងស្វាគមន៍អនាគតដោយទំនុកចិត្ត។ ដើម្បីបង្កើតបរិស្ថានដែលមានតម្លាភាពនិងសម្រេចជោគជ័យយូរអង្វែង មេដឹកនាំត្រូវប្រកាន់យកឥរិយាបថនិងផ្តោតចិត្តគិតលើរឿងទាំងនេះ៖

 

 

១/ យកចិត្តទុកដាក់លើគោលដៅនិងកម្លាំងចិត្តរបស់ក្រុមការងារ

លោកLarry Page សហស្ថាបនិកក្រុមហ៊ុនGoogle និងជាអ្នកវិទ្យាសាស្រ្តកុំព្យូទ័រធ្លាប់និយាយថា ការងាររបស់ខ្ញុំក្នុងនាមជាមេដឹកនាំគឺត្រូវធ្វើឱ្យប្រាកដថាមនុស្សគ្រប់គ្នាក្នុងក្រុមហ៊ុនមានឱកាសល្អៗ និងធ្វើឱ្យគេមានអារម្មណ៍ថាគេមានឥទ្ធិពលប្រកបដោយអត្ថន័យ។ ជំនឿទូទៅរបស់សហគ្រិនជោគជ័យនិងមេដឹកនាំដែលមានឥទ្ធិពលគឺត្រូវស្រឡាញ់ក្រុមការងារ និងយកចិត្តទុកដាក់លើតម្រូវការនិងការរំពឹងទុកពីតួនាទីរបស់ក្រុមការងារ។ 

 

ពេលខ្លះមេដឹកនាំស្តាយនៅពេលសមាជិកឆ្នើមក្នុងក្រុមការងាររបស់គេចាកចេញទៅរកកន្លែងធ្វើការថ្មី។ ការសិក្សាស្រាវជ្រាវបង្ហាញថា បុគ្គលិក២០ភាគរយឈប់ធ្វើការដោយសារកង្វះការទទួលស្គាល់ពីថ្នាក់ដឹកនាំ។ បុគ្គលិកទាំងអស់ក៏មានគោលដៅផ្ទាល់ខ្លួនដែរ និងចង់បង្កើតបរិស្ថានមួយដែលក្រុមការងារទាំងអស់មានឱកាសរីកចម្រើន។ មេដឹកនាំដែលខ្លាំងពូកែជួយក្រុមការងារឱ្យទទួលស្គាល់ទេពកោសល្យ យល់បញ្ហា និងផ្តល់ការគាំទ្រគ្រប់បែបយ៉ាង។ 

 

២/ យកចិត្តទុកដាក់លើអ្វីដែលអ្នកផ្តល់ឱ្យវិញ

មុខតំណែងជាអ្នកដឹកនាំកំណត់ដោយគោលដៅនិងការរំពឹងទុកធំពីក្រុមការងារនិងស្ថាប័នការងារ។ នៅក្នុងបរិស្ថានការងារដែលមានល្បឿនរហ័សនេះ ប្រហែលមេដឹកនាំរវល់ខ្លាំងក្នុងការបំពេញតួនាទីរហូតដល់ភ្លេចការប្រឈមផ្សេងទៀតនិងការចូលរួមរបស់ក្រុមការងារ។ សកម្មភាពបន្តិចបន្តួចនៃការផ្តល់កម្លាំងចិត្តដល់ក្រុមការងារអាចជួយឱ្យមេដឹកនាំនិងស្ថាប័នការងារទាំងមូលរីកចម្រើនយូរអង្វែង។ តាមរយៈការយកចិត្តទុកដាក់លើតម្រូវការរបស់បុគ្គលិក ទោះជាក្នុងកាយវិការណាមួយក៏ដោយ ក៏មេដឹកនាំអាចធ្វើឱ្យក្រុមការងារមានអារម្មណ៍ថាពួកគេកំពុងតែធ្វើការជាមួយមនុស្សដែលយល់និងយកចិត្តដាក់ចំពោះពួកគេ។  

 

៣/ យកចិត្តទុកដាក់លើរបៀបដែលអ្នកបង្កើតឥទ្ធិពល

ការសិក្សាបង្ហាញថាស្ថាប័នការងារចង់បានមេដឹកនាំដែលអាចដឹកនាំប្រកបដោយឥទ្ធិពល។ រឿងសំខាន់គឺត្រូវចងចាំថា ទោះជានៅក្នុងបន្ទប់ប្រជុំជាមួយថ្នាក់ដឹកនាំផ្សេងទៀត នៅក្នុងព្រឹត្តិការណ៍សាធារណៈ ឬនៅលើវេទិកាបណ្តាញសង្គមក៏ដោយ ក៏សកម្មភាពរបស់មេដឹកនាំតែងតែមានគេសង្កេតនិងបង្កើតបានជាប្រធានបទនៃការជជែកគ្នាដែរ។ 

 

មេដឹកនាំដែលមានឥទ្ធិពលក៏បង្កើតបរិស្ថានសុវត្ថិភាពដែលអនុញ្ញាតឱ្យអ្នកដទៃបញ្ចេញសំឡេងនិងយោបល់របស់គេដោយមិនខ្លាចការវាយតម្លៃឬការស្តីបន្ទោសអ្វីដែរ។ តាមរយៈការឱ្យតម្លៃដល់គំនិតនិងការចូលរួមរបស់ក្រុមការងារ មេដឹកនាំក៏ក្លាយជាគំរូនិងពង្រីកឥទ្ធិពលហួសពីស្ថាប័នការងាររបស់គេទៅទៀត។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់