អភិវឌ្ឍចំណេះដឹង | May 13, 2021 | 149

គន្លឹះដែលសហគ្រិនខ្លាំងពូកែប្រើប្រាស់ដើម្បីដោះស្រាយសម្ពាធអារម្មណ៍

សម្ពាធអារម្មណ៍ច្រើនតែជាលទ្ធផលនៃសកម្មភាពកម្រិតខ្ពស់ជាបន្តបន្ទាប់ក្នុងមួយរយៈពេលវែង។ ក្នុងស្ថានភាពនេះ យើងមានអារម្មណ៍អន្ទះសានិងលើសលប់ដោយសារមានការងារច្រើនដែលធ្វើមិនអស់។ ដើម្បីថែរក្សាសុខភាពទាំងផ្លូវចិត្តនិងផ្លូវកាយ ព្រមទាំងដើម្បីទទួលបានជោគជ័យយូរអង្វែងផង អ្នកចាំបាច់ត្រូវស្វែងរកមធ្យោបាយដើម្បីដោះស្រាយបញ្ហាសម្ពាធអារម្មណ៍។ 

 

 

ជំហានទីមួយគឺត្រូវកំណត់ឱ្យដឹងប្រភពនៃសម្ពាធអារម្មណ៍។ តើសម្ពាធអារម្មណ៍របស់អ្នកកើតចេញពីការអូសបន្លាយពេលវេលាមិនព្រមចាប់ផ្តើមធ្វើកិច្ចការអ្វីមួយតាមពេលកំណត់មែនទេ? តើទម្លាប់និងឥរិយាបថរបស់អ្នក ឬជីវិតផ្ទាល់ខ្លួនរបស់អ្នកបន្ថែមបញ្ហាលើកម្រិតនៃសម្ពាធអារម្មណ៍របស់អ្នកទេ? នៅពេលអ្នកដឹងប្រភពហើយ អ្នកត្រូវស្វែងរកមធ្យោបាយជម្រុះសម្ពាធអារម្មណ៍នោះចេញ។ ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលសហគ្រិនជោគជ័យតែងតែប្រើ៖

 

១/ រកឱ្យឃើញតុល្យភាពរបស់ខ្លួនឯង

ការស្គាល់តុល្យភាពអារម្មណ៍របស់ខ្លួនឯងនឹងជួយអ្នកឱ្យមានអារម្មណ៍ស្របតាមពិភពលោកជុំវិញខ្លួន។ នេះជារបៀបធ្វើចិត្តនិងកាយរបស់អ្នកឱ្យស្ងប់។ លំហាត់ដកដង្ហើមវែងៗនិងការធ្វើសមាធិជាមធ្យោបាយអស្ចារ្យដែលអ្នកអាចអនុវត្តបាននៅគ្រប់កន្លែងទាំងអស់។ សមាធិអាចជាការអង្គុយស្ងៀមនិងផ្តោតលើអារម្មណ៍តែមួយ។ នៅពេលអ្នកដកដង្ហើមវែងចូលនិងបញ្ចេញមកវិញ វាជួយជម្រះអារម្មណ៍តានតឹង និងទទួលបានអារម្មណ៍ស្រស់ស្រាយមកវិញ។ គោលដៅនៃលំហាត់ទាំងអស់នេះគឺដើម្បីជម្រះចិត្តរបស់អ្នកនិងបញ្ឈប់ខ្លួនឯងពីគំនិតអណ្តែតអណ្តូងមិនដាច់។    

 

២/ សរសេររៀបរាប់អារម្មណ៍លើក្រដាស

កុំមើលរំលងភាពស្ងប់ស្ងាត់ដែលកើតចេញពីការសរសេររឿងរ៉ាវនិងអារម្មណ៍ដែលអ្នកធុញទ្រាន់លើក្រដាស។ សកម្មភាពនេះអាចជាច្រកសំខាន់មួយដើម្បីបញ្ចេញអារម្មណ៍និងជួយឱ្យអ្នកទទួលបានភាពច្បាស់លាស់។ នៅពេលសម្ពាធអារម្មណ៍ឈានឡើងដល់កម្រិតគ្របសង្កត់ អ្នកជំនាញណែនាំឱ្យកត់ត្រាអារម្មណ៍អវិជ្ជមានទាំងអស់លើសៀវភៅកំណត់ហេតុផ្ទាល់ខ្លួន។ អ្នកមិនចាំបាច់គិតថាត្រូវពន្យល់ឬចាប់ផ្តើមសរសេររៀបរាប់តាំងពីដើមទៅទេ។ ការសរសេរទៅតាមអារម្មណ៍ដែលកំពុងតែកើតឡើងជាមធ្យោបាយល្អបំផុតដើម្បីបញ្ចេញអារម្មណ៍ទាំងនោះ។ 

 

៣/ បញ្ចេញអារម្មណ៍តានតឹងតាមញើស

សហគ្រិនដែលពូកែធ្វើការតែងតែដឹងថាការហាត់ប្រាណបញ្ចេញញើសជាវិធីល្អក្នុងការជម្រុះអារម្មណ៍តាងតឹងពីការងារ។ ការសិក្សាស្រាវជ្រាវក៏បានរកឃើញដែរថាលំហាត់ប្រាណជាមធ្យោបាយល្អបញ្ចេញអារម្មណ៍អវិជ្ជមានដូចជាកំហឹង អន្ទះសា និងច្រាសច្រាល។ មនុស្សដែលបញ្ចេញថាមពលរាលថ្ងៃតាមរយៈសកម្មភាពហាត់ប្រាណមិនសូវបញ្ចេញអារម្មណ៍ខឹងសម្បារពីការងារដាក់មនុស្សជុំវិញខ្លួនទេ។ សកម្មភាពហាត់ប្រាណមួយចំនួនក៏អាចមានលក្ខណៈកម្សាន្តដែរដូចជាការដឹកឆ្កែរត់លេង និងការលេងកីឡាជាដើម។ 

 

៤/ ស្វាគមន៍ពេលព្រឹកដោយការដឹងគុណនិងគោលដៅ

តើអ្នកធ្លាប់ក្រោកពីគេងភ្លាមមានអារម្មណ៍តានតឹងភ្លាមទេ? ស្ថានភាពបែបនេះច្រើនតែបណ្តាលមកពីអ្នកចូលគេងទាំងអារម្មណ៍អន្ទះសានិងតប់ប្រមល់។ នៅពេលអ្នកក្រោកពីដំណេកភ្លាមដោយអារម្មណ៍មិនសប្បាយចិត្ត អ្នកគួរតែសាកល្បងចំណាយពេលពីរបីនាទីដំបូងបណ្តុះអារម្មណ៍នៃការដឹងគុណ។ អ្នកក៏អាចចាប់ផ្តើមដោយកត់ត្រាអារម្មណ៍ដឹងគុណទាំងអស់លើសៀវភៅកំណត់ហេតុផ្ទាល់ខ្លួន។ ទោះជារឿងរ៉ាវឬអារម្មណ៍អ្វីក៏ដោយដែលធ្វើឱ្យអ្នករីករាយ អ្នកត្រូវកត់ត្រាទុកទាំងអស់។ បន្ថែមពីលើនេះ អ្នកក៏គួរចំណាយពេលពីរបីនាទីដើម្បីសរសេរគោលដៅប្រចាំថ្ងៃ។ 

 

៥/ ចែកការងារនិងទំនួលខុសត្រូវឱ្យអ្នកដទៃផង

អ្នកមិនអាចធ្វើកិច្ចការទាំងអស់តែម្នាក់ឯងទេ ហើយក៏មិនចាំបាច់ត្រូវធ្វើបែបនេះដែរ។ ការព្យាយាមគ្រប់គ្រងការងារលម្អិតគ្រប់ផ្នែកនឹងធ្វើឱ្យអ្នករែកពុនបន្ទុកលើសកម្លាំង។ ពេលខ្លះអ្នកត្រូវការជំនួយ ហើយនេះជារឿងធម្មតាទេ។ តាមពិតទៅ ការជម្រុះការងារដែលស៊ីពេលចេញពីបញ្ជីការងាររបស់អ្នកនឹងធ្វើឱ្យអ្នកមានពេលច្រើនដើម្បីធ្វើកិច្ចការដែលសំខាន់ពិតប្រាកដ។ មានរបៀបច្រើនណាស់ដែលអ្នកអាចបែងចែកការងារទៅឱ្យអ្នកជំនាញធ្វើ ទាំងនៅក្នុងក្រុមហ៊ុននិងនៅក្រៅក្រុមហ៊ុន។

 

ប្រែសម្រួល៖ វេហា

មតិយោបល់