អភិវឌ្ឍចំណេះដឹង | May 12, 2021 | 130

វិធីសាស្រ្តទទួលស្គាល់ការចូលរួមរបស់ក្រុមការងារ

ការទទួលស្គាល់វិភាគទានរបស់ក្រុមការងារជាគន្លឹះចាំបាច់នៃការគ្រប់គ្រងពាណិជ្ជកម្មគ្រប់ប្រភេទ។ ការទទួលស្គាល់សមាជិកក្រុមការងារចំពោះកិច្ចការដែលគេធ្វើ គឺជាការបង្ហាញឱ្យគេយល់ថាថាអ្នកដឹងឮការប្រឹងប្រែងរបស់គេ។ បើគ្មានការទទួលស្គាល់ទេ មនុស្សអាចចាប់ផ្តើមមានអារម្មណ៍ថាការចូលរួមរបស់គេគ្មានតម្លៃអ្វីទេ។ គេមិនចង់ធ្វើការងារអ្វីដែលលើសពីតួនាទី ហើយវប្បធម៌ការិយាល័យទាំងមូលក៏ចាប់ផ្តើមធ្លាក់ចុះ។

 

តាមពិតការសាទរក្រុមការងារចំពោះវិភាគទានរបស់គេមិនមែនជាការលំបាកទេ។ អ្នកគ្រាន់តែចងចាំក្បួនមួយចំនួនទុកនិងអនុវត្តឱ្យបានត្រឹមត្រូវប៉ុណ្ណោះ៖

 

 

១/ បង្កើតគំនិតប្លែកៗសម្រាប់ក្រុមការងារនីមួយៗ

ក្រុមការងារនីមួយៗមានចំណង់ចំណូលចិត្តផ្សេងៗគ្នា។ ហើយបើអ្នកគ្រប់គ្រងការិយាល័យច្រើន ឬបុគ្គលិកច្រើនផ្នែក អ្នកត្រូវយល់ថាក្រុមនីមួយៗនឹងបង្កើតវប្បធម៌ និងរបៀបផ្ទាល់ខ្លួនដើម្បីទទួលបានជោគជ័យក្នុងការងារ។ ការិយាល័យឬក្រុមការងារនីមួយៗគួរតែមានការទទួលស្គាល់ក្នុងរបៀបដែលគេចង់បាន។ បើអ្នកមានភាពបត់បែនចំពោះកញ្ចប់ថវិកា អ្នកមិនគួរមានបញ្ហាអ្វីក្នុងការរៀបចំការទទួលស្គាល់ស្នាដៃទេ។ 

 

២/ សាទរចំពោះពេលវេលាដែលពាក់ព័ន្ធនឹងក្រុមហ៊ុន

ទោះជាក្រុមហ៊ុនរបស់អ្នកធ្វើអាជីវកម្មអ្វីក៏ដោយក៏តែងតែមានពេលឈប់សម្រាក ឬពេលពិសេសៗចំពោះអ្នកនិងពាណិជ្ជកម្មរបស់អ្នកដែរ។ ប្រើប្រាស់ពេលវេលាទាំងនេះដើម្បីទទួលស្គាល់និងផ្តល់រង្វាន់លើកទឹកចិត្តដល់ក្រុមការងាររបស់អ្នកចំពោះការប្រឹងប្រែងរបស់គេ។ ទោះជារៀបចំក្នុងទ្រង់ទ្រាយធំឬតូចយ៉ាងណាក៏ដោយ ក៏ការជួបជុំសាទរក្នុងពេលដែលពាក់ព័ន្ធបែបនេះជាវិធីសាស្រ្តដែលមានប្រសិទ្ធភាពក្នុងការទទួលស្គាល់វិភាគទានរបស់ក្រុមការងារដែរ។

 

៣/ រកពេលវេលាស្ងាត់ដើម្បីបង្ហាញការទទួលស្គាល់

ការទទួលស្គាល់ស្នាដៃក្រុមការងារជាសាធារណៈ នៅពេលមានព្រឹត្តិការណ៍ពាណិជ្ជកម្មឬខួបកំណើតជារឿងសំខាន់មួយហើយ ប៉ុន្តែទាំងអស់នេះមិនជាមធ្យោបាយតែម្យ៉ាងក្នុងការទទួលស្គាល់ការចូលរួមវិភាគទាននោះទេ។ តាមពិតទៅ មានមនុស្សជាច្រើនកាន់តែរីករាយខ្លាំងនៅពេលមានការទទួលស្គាល់ស្ងាត់ៗជាលក្ខណៈបុគ្គល។ មានមធ្យោបាយជាច្រើនក្នុងការទទួលស្គាល់ស្នាដៃរបៀបឯកជនដូចជាការជួបនិយាយគ្នាតែពីរនាក់ ការនិយាយតាមទូរសព្ទ ឬការសរសេរអ៊ីម៉ែលពន្យល់បកស្រាយជាដើម។ 

 

ទោះជាអ្នកធ្វើក្នុងរបៀបជាបុគ្គល ឬនៅចំពោះមុខក្រុមហ៊ុនទាំងមូលក៏ដោយ ក៏ការទទួលស្គាល់វិភាគទានរបស់ក្រុមការងារជាគន្លឹះក្នុងការពង្រឹងវប្បធម៌ក្រុមហ៊ុន និងជាការបង្កើនសក្តានុពលរីកចម្រើនសម្រាប់ក្រុមការងារ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់