អភិវឌ្ឍចំណេះដឹង | May 12, 2021 | 131

ទម្លាប់ដែលរារាំងមិនឱ្យអ្នកក្លាយជាអ្នកគ្រប់គ្រងល្អ

ការសិក្សាស្រាវជ្រាវបានបង្ហាញថាបុគ្គលិក៥០ភាគរយលាឈប់ពីការងារដោយសារតែមិនចង់ជួបមុខអ្នកគ្រប់គ្រងរបស់គេ។ ហេតុដូច្នេះហើយ កំហុសធំបំផុតក្នុងក្រុមហ៊ុនគឺការដាក់មនុស្សខុសឱ្យធ្វើជាអ្នកគ្រប់គ្រង។ ពេលក្រុមហ៊ុនមានអ្នកគ្រប់គ្រងមិនល្អ គេមិនអាចដោះស្រាយបញ្ហាអ្វីបានទេ ហើយក៏បានត្រឹមតែបង្កើតបញ្ហាច្រើនឡើងថែមទៀត។ អ្នកគ្រប់គ្រងដែលគ្មានសមត្ថភាពច្រើនតែជាមនុស្សដែលប្រឹងប្រែងចង់បង្ហាញឱ្យមនុស្សដទៃមើលមកឃើញថាគេអស្ចារ្យ ហើយជាទូទៅបង្កើតកំហុសទាំងនេះដោយមិនដឹងខ្លួន៖

 

 

១/ អ្នកគ្រប់គ្រងដែលប្រមូលយកគុណសម្បត្តិទាំងអស់

ក្រុមការងារបានប្រឹងប្រែងបង្កើតស្នាដៃនិងផលិតផលដែលមានតម្រូវការក្នុងទីផ្សារ ហើយអតិថិជនរីករាយក្នុងការប្រើប្រាស់។ ពេលឃើញលទ្ធផលល្អបែបនេះ អ្នកគ្រប់គ្រងក៏ទទួលយកគុណសម្បត្តិទាំងអស់មកទុកសម្រាប់តែខ្លួនឯង ដោយគ្មានការសរសើរអ្វីសោះចំពោះក្រុមការងារ គ្មានការទទួលស្គាល់ ឬសាទរចំពោះជោគជ័យរបស់នរណាម្នាក់។ អ្នកគ្រប់គ្រងប្រភេទនេះជាមនុស្សបំពុលកម្លាំងចិត្តក្រុមការងារមិនឱ្យចង់ធ្វើការអ្វីឱ្យប្រសើរឡើយ។ 

 

២/ អ្នកគ្រប់គ្រងដែលគ្មានតម្លាភាព

បើនៅក្នុងអគារឬបន្ទប់ គេចូលចិត្តបិទទ្វារជិតគ្រប់ពេលដើម្បីជៀសវាងការទាក់ទងជាលក្ខណៈផ្ទាល់ខ្លួន។ ជាទូទៅ គេច្រើនតែរវល់នៅពេលចាំបាច់ និងចូលចិត្តគេចវេសពីបញ្ហា។ គេចូលចិត្តតែដំណឹងល្អដោយសារគេមិនអាចដោះស្រាយអ្វីបាន។ បើក្រុមការងារណាម្នាក់មានរឿងអ្វីមួយ គេត្រូវដោះស្រាយដោយខ្លួនឯងឬត្រូវទៅរកអ្នកផ្សេងទៀតដើម្បីជួយដោះស្រាយ។  

 

៣/ អ្នកគ្រប់គ្រងដែលចាត់ទុកមនុស្សដូចវត្ថុ

នៅក្នុងរចនាសម្ព័ន្ធអំណាចពីលើចុះក្រោម គេចាត់ទុកបុគ្គលិកដូចជាសម្ភារៈឬឧបករណ៍សម្រាប់ធ្វើការ ឬចំណាយជាជាងទ្រព្យ។ នៅក្នុងរបៀបនេះ គេមិនសូវមានការខ្វល់ខ្វាយរឿងសុខទុក្ខរបស់បុគ្គលិកទេ ដោយសារហេតុផលពីក្រោយការជួលបុគ្គលិកទាំងនោះមកធ្វើការគឺដើម្បីតែផលិតភាពនិងផលចំណេញសុទ្ធសាធ។ នៅក្នុងបរិស្ថានរបៀបនេះ មិនសូវមានភស្តុតាងដែលបញ្ជាក់ថាអ្នកគ្រប់គ្រងបង្ហាញការយល់អារម្មណ៍និងការយកចិត្តទុកដាក់ចំពោះបុគ្គលិកទេ។ 

 

៤/ អ្នកគ្រប់គ្រងដែលមិនចែកចាយព័ត៌មាន

អ្នកគ្រប់គ្រងដែលប្រមូលព័ត៌មានមកទុកសម្រាប់តែខ្លួនឯង គឺមានបំណងចង់ក្តោបអំណាចនិងគ្រប់គ្រងលើអ្វីៗគ្រប់យ៉ាងដែលនៅជុំវិញខ្លួនគេ។ ការគ្រប់គ្រងមនុស្សរបៀបនេះជាវិធីសាស្រ្តដែលមានប្រសិទ្ធភាពបំផុតក្នុងការបំផ្លាញទំនុកចិត្ត។ បើចង់បានលទ្ធផលវិជ្ជមានផ្ទុយពីនេះ មេដឹកនាំត្រូវមានទំនួលខុសត្រូវតាមរយៈការចែករំលែកព័ត៌មាននិងបង្ហាញតម្លាភាពដល់ក្រុមការងារ។

 

៥/ អ្នកគ្រប់គ្រងដែលល្អិតល្អន់ពេក

ពេលគេសួររកកំហុសធំបំផុតរបស់អ្នកគ្រប់គ្រង ចម្លើយដែលលេចធ្លោជាងគេគឺការគ្រប់គ្រងល្អិតល្អន់ពេក។  អ្នកគ្រប់គ្រងដែលគ្របដណ្តប់លើក្រុមកាងារ ការសម្រេចចិត្ត និងដំណើរការគ្រប់យ៉ាងនៅក្នុងក្រុមហ៊ុនតែងតែធ្វើឱ្យបុគ្គលិកបាក់ស្មារតីមិនចង់ធ្វើការ។ ពាក្យមួយមាត់ដែលអ្នកគ្រប់គ្រងប្រភេទនេះចូលចិត្តនិយាយគឺ «ខ្ញុំជាប្រធាន»។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់