អភិវឌ្ឍចំណេះដឹង | May 11, 2021 | 131

ទម្លាប់ថ្មីដើម្បីជួយបណ្តុះផ្នត់គំនិតរីកចម្រើន

នៅពេលចិញ្ចឹមកូន យើងតែងតែបង្រៀនអំពីការប្រឹងប្រែងជម្នះបញ្ហា និងការក្រោកឈរក្រោយពេលដើរដួល ដើម្បីក្លាយជាមនុស្សរឹងមាំនិងត្រៀមខ្លួនល្អសម្រាប់ជោគជ័យក្នុងជីវិត។ ប៉ុន្តែតើយើងបង្រៀនកូនអ្វីខ្លះអំពីប្រាជ្ញានិងសមត្ថភាពរបស់គេក្នុងការរៀន? នៅពេលកូនក្មេងជឿថាគេកើតមកជាមួយនឹងជំនាញនិងសមត្ថភាពដែលមានស្រាប់ និងមិនអាចផ្លាស់ប្តូរអ្វីបានទេ គេច្រើនតែគេចវេសពីបញ្ហា និងបង្កើតព្រំដែនសិប្បនិម្មិតចំពោះខ្លួនឯងដែលមាន៌ឥទ្ធិពលយ៉ាងខ្លាំងនៅពេលគេធំឡើងនិងចាស់ទៅ។

 

 

នៅក្នុងសៀវភៅ Mindset: The New Psychology of Success លោកស្រីCarol Dweck ដែលអ្នកជំនាញខាងចិត្តសាស្រ្តនិងជាអ្នកស្រាវជ្រាវ បានណែនាំអំពីផ្នត់គំនិតពីរប្រភេទ គឺផ្នត់គំនិតរីកចម្រើននិងផ្នត់គំនិតងាប់ក្រឡា។ មនុស្សដែលមានផ្នត់ងាប់ក្រឡាជឿថាអត្តចរិត ប្រាជ្ញា និងសមត្ថភាពច្នៃប្រឌិតសុទ្ធតែមិនអាចកែប្រែអ្វីបាន។ ដូច្នេះគេប្រឹងសម្តែងឱ្យមនុស្សដទៃឃើញថាគេល្អឥតខ្ចោះ ហើយជៀសវាងបរាជ័យនិងបញ្ហាប្រឈមទាំងអស់ដើម្បីថែលាក់បាំងកម្រិតសមត្ថភាពរបស់គេ។ ផ្នត់គំនិតដែលគេចពីហានីភ័យនេះអាចនាំទៅរកកង្វះឆន្ទៈក្នុងការរុញច្រានខ្លួនឯងឱ្យធ្វើកិច្ចការលំបាកៗ។ 

 

ផ្ទុយទៅវិញ លោកស្រីDweck ណែនាំថាមនុស្សដែលមានផ្នត់គំនិតរីកចម្រើនចូលចិត្តការប្រឈម និងមើលឱកាសជុំវិញខ្លួនដើម្បីរីកចម្រើន ព្រមទាំងសុខចិត្តពង្រីកសមត្ថភាពដែលមានស្រាប់។ តាមរយៈផ្នត់គំនិត អ្នកផ្តោតចិត្តលើការអភិវឌ្ឍខ្លួនជានិច្ច និងការស្គាល់ខ្លួនឯង។ អ្នកដឹងថាអ្នកអាចអភិវឌ្ឍខ្លួនតាមរយៈការប្រឹងប្រែងនិងការអនុវត្តតាមក្បួនជាក់លាក់។ ការផ្នត់គំនិតបែបនេះធ្វើឱ្យអ្នកមើលឃើញថាឧបសគ្គជាឱកាសសម្រាប់រីកចម្រើន។ អ្នកដឹងថាខួរក្បាលរបស់អ្នកអាចរៀនអ្វីដែលថ្មីៗ និងអភិវឌ្ឍបានតាមរយៈការបណ្តុះបណ្តាលនិងប្រឹងប្រែង។

 

បើអ្នកដឹងខ្លួនថាអ្នកមានផ្នត់គំនិតងាប់ក្រឡា ទម្លាប់ទាំងប្រាំខាងក្រោមនេះនឹងជួយអ្នកបណ្តុះផ្នត់គំនិតរីកចម្រើនបាន។ នៅក្នុងរយៈពេល៩០ថ្ងៃខាងមុខនេះ អ្នកត្រូវតាំងចិត្តបញ្ចូលទម្លាប់ទាំងនេះទៅក្នុងជីវិតប្រចាំថ្ងៃឱ្យបាន៖

 

១/ ចង់ចេះចង់ដឹងនិងច្នៃប្រឌិត

ប្រជែងនឹងខ្លួនឯងក្នុងការរៀនចំណេះដឹងនិងជំនាញថ្មីមួយរាល់ថ្ងៃ និងជម្នះធ្វើកិច្ចការឱ្យហួសពីកម្រិតងាយស្រួល។ អ្នកនឹងរកឃើញយុទ្ធសាស្រ្តថ្មីៗដើម្បីអនុវត្ត ដែលនឹងជួយអ្នកសម្រេចគោលដៅ។ 

 

២/ ប្តេជ្ញាចិត្តចំពោះភាពរីកចម្រើន

បើអ្នកចង់ឃើញភាពរីកចម្រើន អ្នកចាំបាច់ត្រូវជម្រុះលេសទាំងអស់ចោល និងបន្តប្រឹងប្រែងទៅមុខកុំឈប់។ សម្រេចចិត្តឱ្យច្បាស់ថាអ្នកត្រូវធ្វើកិច្ចការអ្វីខ្លះ ហើយមិនត្រូវមានលេសជាដាច់ខាត។ ប្តេជ្ញាចិត្តចំពោះការសម្រេចចិត្តរបស់ខ្លួនឯង និងទទួលខុសត្រូវចំពោះការប្តេជ្ញាចិត្តរបស់អ្នក។

 

៣/ ប្រឹងប្រែងឱ្យបានទៀងទាត់

ភាពទៀងទាត់ជាគន្លឹះដើម្បីអភិវឌ្ឍទម្លាប់ថ្មីៗនិងរៀនចំណេះដឹងថ្មីៗ។ ផ្ទុយទៅវិញ ភាពមិនទៀងទាត់ជាបញ្ហាធំបំផុតរបស់យើងដែលច្រើនតែរំលាយបំណងល្អមិនឱ្យទៅដល់គោលដៅ។ អ្នកត្រូវផ្តោតចិត្តលើការប្រឹងប្រែងរបស់ខ្លួនឯង ហើយត្រូវសម្រេចចិត្តថាត្រូវធ្វើនៅពេលណាខ្លះ និងត្រូវធ្វើដូចម្តេចខ្លះ។ 

 

៤/ ត្រូវមានភាពក្លាហាននៅចំពោះមុខបញ្ហា

បរាជ័យនិងបញ្ហាជាឱកាសដើម្បីរៀនសូត្រ។ អ្នកត្រូវតែទទួលយក និងស្វែងរកដំណោះស្រាយ ព្រមទាំងកែតម្រូវសកម្មភាពខ្លះៗ។ ទោះជាអ្នករៀបចំផែនការបានល្អិតល្អន់យ៉ាងណា ក៏ឧបសគ្គនឹងកើតឡើងដោយជៀសមិនរួចដែរ។ ដូច្នេះអ្នកត្រូវត្រៀមខ្លួនជានិច្ចដើម្បីប្រឈមបញ្ហានៅពេលវាបង្ហាញខ្លួន។ 

 

៥/ ទទួលយកយោបល់កែតម្រូវពីអ្នកដទៃ

ពេលខ្លះផ្លូវល្អបំផុតដើម្បីអភិវឌ្ឍខ្លួនកើតចេញពីការប្រើប្រាស់គំនិតយោបល់កែលម្អពីមនុស្សជំឈវិញខ្លួន។ អ្នកអាចសួរមនុស្សដែលមានបទពិសោធច្រើនជាងឬមនុស្សដែលអ្នកអាចទុកចិត្តបានឱ្យផ្តល់យោបល់លើជំនាញដែលអ្នកត្រូវរៀនបន្ថែមដើម្បីឈានទៅរកអនាគតកាន់តែភ្លឺស្វាង និងសួររកដំណោះស្រាយដែលអ្នកគិតមិនឃើញ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់