អភិវឌ្ឍចំណេះដឹង | May 11, 2021 | 137

មេរៀនគ្រប់គ្រងពីកំពូលCEOដែលចង់ផ្លាស់ប្តូរពិភពលោក

មានសហគ្រិនតិចនាក់ណាស់ដែលបានបង្កើតឥទ្ធិពលខ្លាំងលើពិភពលោកនេះដូចលោកSteve Jobs និងលោកElon Musk។ ប៉ុន្តែតើហេតុអ្វីបានជាកំពូលCEOទាំងពីរនេះមានភាពតឹងតែងចំពោះក្រុមការងារ? ចម្លើយចំពោះសំណួរមួយនេះអាចប្រែក្លាយទៅជាមេរៀនយ៉ាងមានតម្លៃសម្រាប់មនុស្សគ្រប់គ្នាដែលដឹកនាំក្រុមការងារ។ 

 

 

នៅក្នុងក្រុមហ៊ុនApple លោកSteve Jobs បានបង្កើតឥទ្ធិពលលើពិភពលោកក្នុងរបៀបទំនាក់ទំនង ធ្វើការ និងការកម្សាន្ត។ ចំណែកលោកElon Musk វិញបានដឹកនាំក្រុមហ៊ុនTesla នាំមុខគេក្នុងឧស្សាហកម្មរថយន្តអគ្គិសនី ព្រមទាំងដឹកនាំក្រុមហ៊ុនមួយផ្សេងទៀតដើម្បីនាំមនុស្សទៅក្រៅភព។  

 

ប៉ុន្តែការដឹកនាំក្រុមហ៊ុនច្នៃប្រឌិតបែបនេះមិនមែនជារឿងងាយស្រួលទេ។ ជាក់ស្តែងសូមពិចារណាដំណើរជីវិតលោកSteve Jobs ដែលមានមនុស្សជាច្រើនចាត់ទុកថាមានអំនួតខ្លាំងនិងងប់ងុលចំពោះគំនិតខ្លួនឯង។ មានរឿងមិននឹកស្មានដល់ច្រើនណាស់អំពីរបៀបដែលលោកJobs និយាយស្តីមិនចេះកោតក្រែងនរណា សូម្បីតែមនុស្សក្នុងគ្រួសារលោកក៏ដោយ។ នៅពេលអ្នកសរសេរប្រវត្តិរូបរបស់លោកសួរមូលហេតុរឿងនេះ លោកឆ្លើយយ៉ាងសាមញ្ញថា នេះជារបៀបរបស់លោក គ្មាននរណាអាចរំពឹងចង់ឱ្យលោកធ្វើខុសពីរបៀបនេះបានទេ។ 

 

ចំណែកលោកMusk វិញក៏មានកេរ្តិ៍ឈ្មោះមិនសូវខុសគ្នាប៉ុន្មានទេទាក់ទងនឹងរឿងនេះ។ អត្ថបទវែងអន្លាយមួយក្នុងទស្សនាវដ្តីដែលចុះផ្សាយកាលពីឆ្នាំ២០១៨បានរៀបរាប់លម្អិតអំពីទំនោររបស់លោកMusk ក្នុងការបញ្ឈប់បុគ្គលិកពីការងារភ្លាមបើគេមិនធ្វើការដូចការរំពឹងចង់បានរបស់លោកទេ។ លោកMusk ក៏បានសារភាពដែរចំពោះការកំណត់បទដ្ឋានខ្ពស់ខ្លាំងនៅលើបណ្តាញសង្គមថា មានមធ្យោបាយងាយស្រួលច្រើនណាស់ដើម្បីធ្វើការ ប៉ុន្តែគ្មាននរណាម្នាក់ដែលផ្លាស់ប្តូរពិភពលោកនេះដោយការងារក្នុងមួយសប្តាហ៍ត្រឹមតែ៤០ម៉ោងនោះទេ។ 

 

គ្មានអ្វីដែលគួរឱ្យសង្ស័យទេចំពោះភាពវៃឆ្លាតរបស់លោកJobs ឬលោកMusk នោះទេ គឺគេមានស្នាដៃរាប់មិនអស់នៅក្នុងជីវិត។ ប៉ុន្តែការសិក្សាស៊ីជម្រៅមួយរបស់សកលវិទ្យាល័យHarvardអំពីសុខមាលភាពក្នុងប្រវត្តិ ដែល ប្រើពេលអស់ជាង៨០ឆ្នាំ បាននាំឱ្យក្រុមអ្នកសិក្សាសន្និដ្ឋានថា ទំនាក់ទំនងល្អជាមួយគ្រួសារ មិត្តភក្តិ និងមនុស្សជុំវិញខ្លួន ជាកត្តានាំទៅរកជីវិតដែលកាន់តែរីករាយនិងមានសុខមាលភាពកាន់តែប្រសើរ។ 

 

ហើយនៅពេលដែលអ្នកកាន់តែមានភាពរីករាយនិងសុខមាលភាពកាន់តែប្រសើរ អ្នកនឹងមានឱកាសកាន់តែច្រើនដើម្បីធ្វើកិច្ចការដែលសំខាន់បានច្រើនទៀត។ ដូច្នេះ អ្នកគួរតែសួរខ្លួនឯងថា៖

តើខ្ញុំមានទំនាក់ទំនងដូចម្តេចជាមួយមនុស្សដទៃ?

តើអ្នកដទៃយល់យ៉ាងណាចំពោះទំនាក់ទំនងរបស់ខ្ញុំជាមួយគេ?

តើខ្ញុំកំពុងតែបង្កើតមត៌កប្រភេទណាទុកសម្រាប់ខ្លួនឯង?

 

ចម្លើយទៅនឹងសំណួរទាំងនេះនឹងមានឥទ្ធិពលខ្លាំងលើរបៀបគ្រប់គ្រងរបស់អ្នក ពីព្រោះថាមុនពេលអ្នកព្យាយាមផ្លាស់ប្តូរពិភពលោកនេះ អ្នកត្រូវធ្វើឱ្យប្រាកដថាអ្នកកំពុងតែបោះជំហានក្នុងផ្លូវត្រូវ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់