អភិវឌ្ឍចំណេះដឹង | May 11, 2021 | 129

ផ្នត់គំនិតដែលអាចរៀនបានពីមនុស្សជោគជ័យខ្លាំង

តើអ្នកធ្លាប់ឆ្ងល់ថាមនុស្សជោគជ័យខ្លាំងដូចលោកBill Gates លោកRichard Branson និងលោកJeff Bezos បានក្លាយជាមនុស្សជោគជ័យនិងនៅតែបន្តជោគជ័យទៀតបានដោយរបៀបណាទេ? សៀវភៅប្រវត្តិរូបមនុស្សជោគជ័យ និងភស្តុតាងជាងស្តែងក្នុងសង្គមបានបង្ហាញស្រដៀងគ្នាថាមនុស្សជោគជ័យទាំងអស់មានផ្នត់គំនិតគោលមួយចំនួនដូចគ្នា ហើយជាផ្នត់គំនិតដែលមនុស្សគ្រប់គ្នាអាចរៀនអនុវត្តតាមបានដើម្បីសម្រេចគោលដៅក្នុងជីវិត៖

 

 

១/ ស្គាល់និងព្រមទទួលយកខ្លួនឯង

គេស្គាល់ចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនឯង។ គេព្រមទទួលយកខ្លួនគេនិងប្រឹងប្រែងធ្វើការគ្រប់យ៉ាងដើម្បីផ្លាស់ប្តូរទៅរកអ្វីដែលគេចង់បាន។ សាកគិតដល់មនុស្សដូចលោកBill Gates ឬលោកស្រីJ.K. Rowling បន្តិចមើល។ ពួកគេព្រមទទួលស្គាល់ការពិតអំពីខ្លួនឯងនិងធ្វើការទៅតាមបុគ្គលិកលក្ខណៈរបស់ខ្លួនឯង។ គេមិនបានព្យាយាមក្លាយទៅជាអ្វីដែលគេមិនចូលចិត្តនោះទេ។ បើគេរវល់តែជម្នះចរិតខ្លាចញញើតមិនសូវហ៊ានចូលសង្គមរបស់គេ ប្រហែលគេមិនអាចទទួលបានលទ្ធផលដូចសព្វថ្ងៃនេះទេ។ 

 

២/ កំណត់គោលដៅដែលស្របតាមចរិត ជំនាញ និងចំណុចខ្លាំងរបស់ខ្លួនឯង

គេមិនពឹងផ្អែកលើតម្រូវការបន្ទាន់ អារម្មណ៍ ឬកាលៈទេសៈដែលគេកំពុងតែជួបប្រទះទេ។ មនុស្សដែលបន្សល់ទុកកេរ្តិ៍ឈ្មោះក្នុងប្រវត្តិសាស្រ្តដូចលោក Martin Luther King លោកSteve Jobs និងលោកNelson Mandela សុទ្ធតែបានរស់នៅដោយពឹងផ្អែកលើបុគ្គលិកលក្ខណៈ និងគុណតម្លៃ ព្រមទាំងបេសកកម្មផ្ទាល់ខ្លួនរបស់គេ។ អ្នកខ្លះបានលះបង់ច្រើនដើម្បីដើរលើផ្លូវដែលគេបានជ្រើសរើស។ ទស្សនវិទូ Friedrich Nietzsche ធ្លាប់និយាយថា មនុស្សដែលមានបុព្វហេតុដើម្បីរស់អាចទ្រាំទទួលយកគ្រប់របៀបទាំងអស់។ 

 

៣/ ស្គាល់របៀបគ្រប់គ្រប់គ្រងដំណើរជីវិតរបស់ខ្លួនឯង

គេដឹងច្បាស់ថាគេជាអ្នកកាន់ចង្កូតនាវាជីវិតរបស់គេ ហើយគេអាចគ្រប់គ្រងបានតែលើខ្លួនគេប៉ុណ្ណោះ។ គេយល់និងព្រមទទួលស្គាល់ថាគេមិនអាចគ្រប់គ្រងអ្វីៗគ្រប់យ៉ាងនៅក្នុងពិភពលោកបានទេ ប៉ុន្តែគេអាចគ្រប់គ្រងរបៀបប្រតិកម្មតបទៅនឹងរឿងគ្រប់យ៉ាងដែលកើតឡើងជុំវិញខ្លួន។ គេថែមទាំងដឹងទៀតថាគេអាចស្មានទុកមុន និងធ្វើសកម្មភាពខ្លះមុនពេលដែលបញ្ហាក្នុងពិភពលោកនេះគ្របសង្កត់គេ។ គេដឹងច្បាស់ថាបើគេបន្តប្រឹងប្រែងរុញច្រានដំណើររបស់គេទៅមុខ គេនឹងទៅដល់គោលដៅនៅពេលណាមួយមិនខាន។ 

 

៤/ ព្រមទទួលស្គាល់ថាគេនឹងជួបពេលលំបាកៗនិងបញ្ហាជាបន្តបន្ទាប់

ពេលលំបាកនិងឧបសគ្គជាផ្នែកមួយនៃដំណើររបស់មនុស្សដែលចង់ធ្វើកិច្ចការធំក្នុងជីវិត។ គេដឹងថានេះជារបៀបរបស់ពិភពលោកនេះ ហើយមិនសំងំរអ៊ូរទាំ ឬស្តីបន្ទោសនរណាទេ។ បើគ្មានពេលលំបាកនិងបរាជ័យទេ គ្មានអ្វីដែលត្រូវរៀន ហើយក៏គ្មានភាពរីកចម្រើននោះទេ។ គេដឹងទៀតថាស្មាដៃឬសមិទ្ធផលដែលមានតម្លៃក្នុងជីវិតមិនមែនកើតឡើងដោយមិនបានប្រឹងប្រែងនោះទេ។ មនុស្សជោគជ័យប្រឹងប្រែងនិងឆ្លងកាត់បញ្ហាលំបាកៗ ប៉ុន្តែគេមិនឈឺចាប់ទេ ដោយសារគេរស់នៅស្របតាមគោលដៅជីវិតនិងបេសកកម្មរបស់គេ។ នេះជាការលះបង់ដើម្បីប្តូរយកជោគជ័យធំមកវិញ។ 

 

៥/ ដឹងថាពេលទៅដល់គោលដៅ គេនឹងចាប់ផ្តើមដំណើរមួយទៀត

ដោយសារការដឹងរបៀបនេះហើយបានជាគេព្រមទទួលយកនិងរីករាយក្នុងដំណើរតស៊ូ។ គេដឹងច្បាស់ថាគោលដៅពិតប្រាកដមិនមែនជាទីតាំងដែលត្រូវទៅឱ្យដល់នៅទេ ប៉ុន្តែជាដំណើររាល់ថ្ងៃតែម្តង។ គោលដៅទាំងអស់នេះប្រៀបដូចជាការរស់នៅដែរ គឺយើងមិនអាចឈប់រស់នៅពេលយើងសម្រេចស្នាដៃអ្វីមួយនោះទេ។ 

 

ដើម្បីរៀនយកផ្នត់គំនិតទាំងអស់ដោយជោគជ័យ អ្នកត្រូវចាប់ផ្តើមអនុវត្តតាមជំហានទាំងប្រាំថែមទៀតគឺរៀនឱ្យបានច្រើនអំពីខ្លួនឯង សម្រេចចិត្តក្នុងរបៀបវៃឆ្លាត ធ្វើតែកិច្ចការណាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នក រៀនពីបញ្ហានិងបរាជ័យ និងសន្សំសំចៃពេលវេលា។

 

ប្រែសម្រួល៖ វេហា

មតិយោបល់