អភិវឌ្ឍចំណេះដឹង | May 10, 2021 | 129

ក្បួនប្រែក្លាយខ្លួនទៅជាមេដឹកនាំដែលបុគ្គលិកគោរព

អ្នកជួលបុគ្គលិកដែលមានជំនាញនិងចំណេះដឹងខ្ពស់មកបំពេញការងារដើម្បីសម្រេចគោលដៅពាណិជ្ជកម្មដែលបានកំណត់។ ដូច្នេះតួនាទីរបស់អ្នកពេលនេះគឺត្រូវធ្វើយ៉ាងណាបង្កើតបរិយាកាសនិងបង្កលក្ខណៈគ្រប់គ្រាន់សម្រាប់បុគ្គលិកបញ្ចេញសមត្ថភាព។ ដើម្បីធ្វើបែបនេះបាន អ្នកត្រូវបង្ហាញភាពជាអ្នកដឹកនាំបរិយាបន្ន។ 

 

 

ភាពជាអ្នកដឹកនាំបរិយាបន្នគឺការប្តេជ្ញាចិត្តជានិច្ចក្នុងការបង្កើតសុវត្ថិភាពផ្លូវចិត្តសម្រាប់ក្រុមការងារ។ បើក្រុមការងាររបស់អ្នកទទួលបានសុវត្ថិភាពផ្លូវចិត្តកាន់តែឆាប់ គេនឹងធ្វើការបានកាន់តែប្រសើរ។ នៅពេលដែលក្រុមការងាររបស់អ្នកដឹងថាគេមានសេរីភាពក្នុងការបញ្ចេញគំនិតយោបល់ និងអាចបង្កើតកំហុសក្នុងការសាកល្បង មានន័យថាអ្នកបើកកូនសោរនៃសក្តានុពលរបស់គេ។ ខាងក្រោមនេះជាក្បួនមួយចំនួនដើម្បីបង្ហាញភាពជាអ្នកដឹកនាំបរិយាបន្ន៖ 

 

១/ ភ្ជាប់ការងារនឹងបេសកកម្មរបស់ក្រុមហ៊ុន

យុវវ័យភាគច្រើនចង់ភ្ជាប់ការងាររបស់គេទៅនឹងបេសកកម្មអ្វីមួយជាក់លាក់ដែលចូលរួមចំណែកបង្កើនភាពប្រសើរឡើងដល់មនុស្សជាតិ។ ដូច្នេះហើយបើអ្នកចង់ផ្តល់កម្លាំងចិត្តដល់ក្រុមការងារ មធ្យោបាយល្អបំផុតគឺត្រូវពន្យល់បង្ហាញមូលហេតុនៅពីក្រោយការងារដែលគេធ្វើរាល់ថ្ងៃ។ ដំបូងអ្នកត្រូវបង្ហាញបញ្ហាដែលក្រុមហ៊ុនកំពុងតែដោះស្រាយជូនពិភពលោក។ បន្ទាប់មកទៀត ត្រូវភ្ជាប់ទំនាក់ទំនងឥទ្ធិពលនៃការងាររាល់ថ្ងៃទៅនឹងដំណោះស្រាយបញ្ហា។ ហើយចុងក្រោយគឺត្រូវពន្យល់ថាក្រុមហ៊ុននិងការងាររបស់ក្រុមហ៊ុននេះមានឥទ្ធិពលលើនរណាខ្លះ។  

 

២/ បើកចិត្តទូលាយទទួលយកគំនិតថ្មីៗ

គំនិតអាក្រក់បំផុតជាគំនិតដែលកប់នៅតែក្នុងចិត្តមិនអាចបញ្ចេញមកក្រៅបាន។ ក្រុមការងាររបស់អ្នកប្រហែលមានគំនិតថ្មីៗជាច្រើនដែលអាចយកមកបញ្ចូលក្នុងដំណើរការច្នៃប្រឌិតរបស់ក្រុមហ៊ុនយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែលុះត្រាពួកគេមានសុវត្ថិភាពផ្លូវចិត្តគ្រប់គ្រាន់ទើបពួកគេអាចចែករំលែកគំនិតទាំងនោះបាន។ អ្នកត្រូវធ្វើយ៉ាងណាបង្ហាញឱ្យក្រុមការងារដឹងថាអ្នកចង់ស្តាប់គំនិតនិងយោបល់របស់គេទាក់ទងនឹងការងារក្នុងក្រុមហ៊ុន។ មេដឹកនាំខ្លាំងពូកែតែងតែបើកចិត្តទទួលយកគំនិតថ្មីៗដោយសារគេដឹងច្បាស់ថាគំនិតជាធាតុរុញច្រានទៅរកការច្នៃប្រឌិត។ 

 

៣/ បង្កើតទំនាក់ទំនងដែលមានតម្លៃភាព

ទំនាក់ទំនងប្រកបដោយតម្លាភាពជាសមត្ថភាពក្នុងការជជែកពិភាក្សាគ្នាដោយបើកចំហ និងស្មោះត្រង់។ ដើម្បីធ្វើបែបនេះបាន អ្នកត្រូវមានប្រាជ្ញាអារម្មណ៍ខ្ពស់ គឺសមត្ថភាពក្នុងការយល់អារម្មណ៍របស់អ្នកដទៃ។ ពេលអនុវត្តបានត្រឹមត្រូវ ទំនាក់ទំនងប្រកបដោយតម្លាភាពជាមធ្យោបាយមូលដ្ឋានមួយក្នុងការបង្ហាញភាពជាអ្នកដឹកនាំប្រកបដោយបរិយាបន្ន ហើយក្រុមការងាររបស់អ្នកនឹងផ្តល់តម្លៃខ្ពស់ចំពោះសមត្ថភាពមួយនេះ។ អ្នកត្រូវដឹងថាពាក្យសម្តីរបស់អ្នកមានឥទ្ធិពលណាស់នៅពេលអ្នកមានអំណាច។ ដូច្នេះអ្នកត្រូវវិភាគរបៀបដែលក្រុមការងារប្រតិកម្មចំពោះសាររបស់អ្នក និងកែតម្រូវភាសារបស់អ្នកនៅពេលចាំបាច់។

 

៤/ ផ្តល់ភាពបត់បែននិងការយល់ចិត្ត

ភាពបត់បែនជាគំរូនៃការងារក្នុងអនាគត។ យើងទាំងអស់គ្នាសុទ្ធតែស្គាល់សារៈសំខាន់នៃប្រព័ន្ធការងារដែលមានលក្ខណៈបត់បែនដែលជំរុញដោយវិបត្តិកូវីដ១៩។ ម៉ោងពេលបត់បែននិងការអនុវត្តលាយគ្នារវាងការងារនៅក្នុងការិយាល័យនិងការងារពីផ្ទះផ្តល់លទ្ធភាពច្រើនដល់បុគ្គលិកដែលមានតួនាទីចំពោះការងារផងនិងកាតព្វកិច្ចថែទាំគ្រួសារផង។ ក្រុមហ៊ុនGoogle និងFacebook បានប្រកាសរួចហើយអំពីការចាប់ផ្តើមអនុវត្តរបៀបធ្វើការនៅក្នុងការិយាល័យលាយគ្នានឹងការងារពីផ្ទះចាប់ពីឆ្នាំ២០២១នេះទៅ។ ចំណែកក្រុមហ៊ុនSlack និងTwitter ក៏បានប្រកាសដែរថាបុគ្គលិកមិនចាំបាច់ត្រឡប់មកធ្វើការក្នុងការិយាល័យវិញទេ។ ស្ថានភាពរបស់បុគ្គលិកម្នាក់ៗមិនដូចគ្នាទេ ដូច្នេះមេដឹកនាំត្រូវបង្ហាញការយល់ចិត្តចំពោះបញ្ហាប្រឈមរបស់បុគ្គលិកម្នាក់ៗ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់