គំនិតអាជីវកម្ម | May 04, 2021 | 109

វិធីសាស្រ្តបង្កើតពាណិជ្ជកម្មជោគជ័យពីរក្នុងពេលតែមួយ

ក្នុងពេលដែលមនុស្សជាច្រើនប្រឡូកសហគ្រិនភាពដើម្បីក្លាយទៅជាចៅហ្វាយនាយដោយខ្លួនឯង គ្មានអ្វីអាថ៌កំបាំងទេដែលសហគ្រិនម្នាក់តែងតែត្រូវប្រឹងប្រែងលើសពេលធ្វើការឱ្យគេទៅទៀត។ ពិតណាស់ សហគ្រិនខ្លះយល់ថាខ្លួនគេមានពេលទំនេរច្រើន ប៉ុន្តែក៏មានសហគ្រិនខ្លះទៀតធ្វើការរហូតដល់ជិត១០០ម៉ោងដែរក្នុងមួយសប្តាហ៍ ឬជាមនុស្សដែលធ្វើការរហូតគ្មានពេលចុងសប្តាហ៍ឬសម្រាកបុណ្យទានអ្វីទេដើម្បីឆ្លើយតបតម្រូវការរបស់ពាណិជ្ជកម្មជានិច្ច។

 

 

ដូច្នេះហើយ គន្លឹះបង្កើតពាណិជ្ជកម្មពីរក្នុងពេលតែមួយប្រហែលជារឿងខុសធម្មតា។ ប៉ុន្តែទោះជាអ្នកជឿថាធ្វើបានឬមិនបាន ក៏មានមនុស្សធ្វើរួចមកហើយតាមការអនុវត្តវិធីសាស្រ្តទាំងនេះ៖

 

១/ ត្រៀមបែងចែកទំនួលខុសត្រូវ

ការបែងចែកទំនួលខុសត្រូវនិងការបញ្ជូនការងារទៅធ្វើនៅខាងក្រៅក្រុមហ៊ុនមិនត្រឹមតែជាគន្លឹះសម្រាកបន្ទុកនៃទំនួលខុសត្រូវប្រចាំថ្ងៃនោះទេ ប៉ុន្តែអ្នកក៏មានពេលច្រើនដើម្បីគិតរឿងសំខាន់ៗដែលតម្រូវការយកចិត្តទុកដាក់ពីអ្នក។ គ្រាន់តែបែងការងារទីផ្សារនិងការងាររដ្ឋបាល អ្នកអាចសម្រាលបន្ទុកការងារបានរហូតដល់៤០ភាគរយ។ ចំណែកដ៏ធំនៃការបែងចែកទំនួលខុសត្រូវកើតចេញពីការជួលក្រុមការងារត្រូវជំនាញនិងការចាប់ដៃគូត្រូវតាំងពីពេលចាប់ផ្តើម។ សហស្ថាបនិកគួរតែមានទស្សនវិស័យដូចគ្នា និងអាចដោះស្រាយបញ្ហាជាមួយគ្នាបានយ៉ាងល្អ។ 

 

២/ តាមដានពេលវេលារបស់អ្នកក្នុងពាណិជ្ជកម្មនីមួយៗ

អន្ទាក់ទូទៅមួយដែលស្ថាបនិកពាណិជ្ជកម្មជាច្រើនពិបាកគេចផុតគឺថាក្រុមហ៊ុនមួយតែងតែស៊ីពេលវេលានិងការយកចិត្តទុកដាក់របស់គេលើសពីអ្វីដែលគេមានទៅទៀត។ បញ្ហាមួយនេះតែងតែនាំទៅរកស្ថានភាពដែលពាណិជ្ជកម្មមួយរីកចម្រើនចំណែកឯពាណិជ្ជកម្មមួយទៀតទន់ខ្សោយ។ ដើម្បីបញ្ជៀសបញ្ហានេះ អ្នកត្រូវទទួលខុសត្រូវលើរបៀបប្រើប្រាស់ពេលវេលារបស់អ្នក។ ឧទាហរណ៍អ្នកអាចចំណាយពេលព្រឹកជាមួយនឹងក្រុមលក់នៃពាណិជ្ជកម្មA ហើយចំណាយពេលរសៀលជាមួយក្រុមផលិតនៃពាណិជ្ជកម្មB។ 

 

៣/ ប្រើប្រាស់ទីតាំងតែមួយសម្រាប់ពាណិជ្ជកម្មទាំងពីរ

ក្នុងពេលដែលអ្នកត្រូវញែកពាណិជ្ជកម្មទាំងពីរឱ្យដាច់ពីគ្នាផ្នែករចនាសម្ព័ន្ធច្បាប់ ក៏អ្នកនៅតែអាចទទួលបានផលចំណេញពីការប្រើប្រាស់ទីតាំងតែមួយកន្លែងសម្រាប់គ្រប់គ្រងក្រុមហ៊ុនទាំងពីរបានដែរ។ ការធ្វើបែបនេះជួយបង្កភាពងាយស្រួលក្នុងការត្រួតពិនិត្យនិងតាមដានការងារក្នុងក្រុមហ៊ុនទាំងពីរដោយមិនបាច់ធ្វើដំណើរចុះឡើង។ ទីតាំងរួមគ្នាបែបនេះក៏អាចជួយសន្សំលុយកាក់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមការងារទាំងពីរក្រុមហ៊ុនដែរ។ 

 

ការបង្កើតនិងគ្រប់គ្រងក្រុមហ៊ុនពីរឬច្រើនក្នុងពេលតែមួយអាចជាការប្រឈមខ្លាំងមួយ ប៉ុន្តែក៏ជាការងារដែលអាចនាំទៅរកផលចំណេញច្រើនដែរ។ តាមរយៈការប្រើប្រាស់វិធីសាស្រ្តទាំងនេះ ដើម្បីធ្វើឱ្យច្បាស់ថាការប្រើប្រាស់ពេលវេលារបស់អ្នកបានត្រឹមត្រូវ និងយកចិត្តទុកដាក់លើក្រុមហ៊ុននីមួយឱ្យបានគ្រប់គ្រាន់ អ្នកអាចដឹកនាំពាណិជ្ជកម្មទាំងអស់របស់អ្នកទៅរកជោគជ័យបានប្រាកដ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់