គំនិតអាជីវកម្ម | May 04, 2021 | 84

គន្លឹះរក្សាវប្បធម៌ក្រុមហ៊ុននៅពេលបុគ្គលិកធ្វើការនៅផ្ទះ

វប្បធម៌ក្រុមហ៊ុនជារឿងដែលពិបាកកំណត់ណាស់។ ជាទូទៅ បុគ្គលិកយល់វប្បធម៌ក្រុមហ៊ុនមិនសូវច្បាស់លាស់ទេ ហើយវប្បធម៌ក្រុមហ៊ុនក៏កើតឡើងបន្តិចម្តងៗ ជាជាងបង្កើតឡើងច្បាស់ភ្លាមស្របពេលជាមួយនឹងកំណើតរបស់ក្រុមហ៊ុននោះ។ វប្បធម៌ក្រុមហ៊ុនរបស់អ្នកក្លាយជាបុគ្គលិកលក្ខណៈ និងមានឥទ្ធិពលខ្លាំងលើរបៀបដែលសាធារណជនស្គាល់ក្រុមហ៊ុនរបស់អ្នក។ 

 

 

សព្វថ្ងៃនេះ ក្នុងពេលដែលក្រុមហ៊ុនជាច្រើនបង្ខំចិត្តបិទទ្វារការិយាល័យ របៀបធ្វើការនៅផ្ទះក៏ក្លាយជាទម្លាប់ថ្មីមួយក្នុងពិភពការងារ។ ដូច្នេះហើយ តើអ្នកអាចធ្វើយ៉ាងណាដើម្បីបន្តវប្បធម៌ក្រុមហ៊ុននៅពេលបុគ្គលិកមិនធ្វើការក្នុងកន្លែងជាមួយគ្នា? 

 

កិច្ចសហការគ្នាក្នុងបរិស្ថានការងារពីចម្ងាយមិនតម្រូវឱ្យបន្ថែមកិច្ចការអ្វីទេ ប៉ុន្តែក្រុមការងារដែលធ្វើការពីចម្ងាយក៏នៅតែជាក្រុមការងារដដែល បើទោះជាធ្វើការជួបមុខគ្នា ឬមិនជួបមុខគ្នាក៏ដោយ។ យោងតាមការផ្សាយព្រឹត្តិបត្រថ្មីៗនេះរបស់សាលាពាណិជ្ជHarvard បានកត់សម្គាល់គោលការណ៍បីសម្រាប់ធ្វើការពីចម្ងាយដោយជោគជ័យ គឺទំនាក់ទំនង សហការ និងវប្បធម៌។

 

ទំនាក់ទំនងនិងកិច្ចសហការងាយនឹងសម្រេចបានណាស់តាមរយៈមធ្យោបាយទំនាក់ទំនងគ្រប់ប្រភេទ និងឧបករណ៍បណ្តាញសង្គម ប៉ុន្តែវប្បធម៌ជាអ្វីដែលបង្កើតទំនុកចិត្តនិងការចូលរួមពិតប្រាកដ។ វប្បធម៌ក្រុមហ៊ុនមានលក្ខណៈលើសពីការត្រឹមតែបង្កើតកន្លែងបន្ទប់សម្រាក និងកៅអីអង្គុយស្រួលធ្វើការបុណ្ណោះទេ ប៉ុន្តែវាតម្រូវឱ្យបុគ្គលិកចូលរួម បណ្តុះបណ្តាល និងបង្កើតច្រកទំនាក់ទំនង និងចែករំលែកចំណេះដឹង។ សកម្មភាពទាំងអស់នេះធ្លាប់តែធ្វើឡើងនៅចំពោះមុខ ប៉ុន្តែវាក្លាយជាបញ្ហានៅពេលបុគ្គលិកធ្វើការតាមកន្លែងផ្សេងៗឆ្ងាយពីគ្នាបែបនេះ។ 

 

ទោះជាយ៉ាងណា ក្នុងពេលដែលមានបច្ចេកវិទ្យាគ្រប់បែបយ៉ាងដូចបច្ចុប្បន្ននេះ គេនៅតែបន្តអនុវត្តបានយ៉ាងមានប្រសិទ្ធភាពដដែល។ វេទិកាជួបប្រជុំពីចម្ងាយបានវិវត្តដល់ដំណាក់កាលមួយដែលមនុស្សអាចនិយាយឆ្លើយឆ្លងនិងបង្ហាញរូបភាពក្នុងពេលជាមួយគ្នាភ្លាមដូចពេលជួបមុខផ្ទាល់ដែរ។

 

គន្លឹះជោគជ័យស្ថិតនៅក្នុងកម្រិតនៃការចូលរួម ហើយជំនួសឱ្យការចង្អុលទិសដៅតែម្ខាងពីថ្នាក់លើ គេអាចបង្កើតនិងរក្សាវប្បធម៌បានតាមរយៈការធានាឱ្យបានថាក្រុមការងារប្រាស្រ័យទាក់ទងគ្នាទៀងទាត់។ 

 

ទម្លាប់ល្អៗក្នុងការអភិវឌ្ឍវប្បធម៌មានដូចជាការរៀបចំឱ្យក្រុមអ្នកគ្រប់គ្រងទទួលខុសត្រូវចំពោះការបណ្តុះបណ្តាល ទំនាក់ទំនង និងកិច្ចសហការគ្នា ព្រមទាំងផ្តល់ឧបករណ៍ចាំបាច់គ្រប់គ្រាន់។ ជាងនេះទៅទៀត ភាពទៀងទាត់ និងញឹកញាប់កាន់តែមានសារៈសំខាន់ក្នុងបរិស្ថានការងារពីចម្ងាយ។ 

 

ប្រែសម្រួល៖ វេហា

 

មតិយោបល់