អភិវឌ្ឍចំណេះដឹង | May 04, 2021 | 83

ទម្លាប់ដែលជួយឱ្យអ្នកក្លាយជាមេដឹកនាំពាណិជ្ជកម្មខ្លាំងពូកែ

ការសិក្សាស្រាវជ្រាវបង្ហាញថាការប្រឹងប្រែងធ្វើការ៧០ភាគរយនៃបុគ្គលិកក្នុងក្រុមហ៊ុនណាមួយមានចំណែកទទួលខុសត្រូវពីអ្នកគ្រប់គ្រងឬអ្នកដឹកនាំ ប៉ុន្តែមានត្រឹមតែ៣០ភាគរយនៃបុគ្គលិកប៉ុណ្ណោះដែលធ្វើការយ៉ាងយកចិត្តទុកដាក់។ ដូច្នេះហើយមានមនុស្សច្រើននាក់ណាស់ដែលមិនធ្វើការ។ 

 

 

ជាងនេះទៅទៀត ការស្គាល់ខ្លួនឯងក៏មិនសូវមានច្រើនដែរនៅក្នុងចំណោមមេដឹកនាំ។ បើចង់ធ្វើជាមេដឹកនាំដែលពោពេញដោយថាមពលនិងផ្តល់កម្លាំងចិត្តជំរុញមនុស្សជុំវិញខ្លួនឱ្យខិតខំធ្វើការអស់ពីសមត្ថភាព អ្នកបង្កើតទម្លាប់ទាំងនេះ៖

 

១/ បង្កើតអត្ថន័យសម្រាប់បុគ្គលិក

អ្នកត្រូវយល់ថាអត្ថន័យជាអ្វីដែលជំរុញចិត្តបុគ្គលិកក្នុងរបៀបដែលបន្តនិរន្តរភាព។ ការរក្សាអត្ថន័យតាមរយៈសកម្មភាពដូចជាការកំណត់គោលបំណងរបស់ស្ថាប័នឱ្យច្បាស់លាស់ ការលើកទឹកចិត្តបុគ្គលិកម្នាក់ៗឱ្យកំណត់មត៌កដែលគេចង់បន្សល់ទុក និងការផ្តល់ភាពស្វយ័តឱ្យបានច្រើន។ មេដឹកនាំក៏បង្កើតអត្ថន័យឱ្យបុគ្គលិកដែរនៅពេលអ្នកវិនិយោគក្នុងការអភិវឌ្ឍខ្លួននិងជួយរក្សាអារម្មណ៍ឱ្យតម្លៃខ្លួនឯងនិងសមត្ថភាព។ អ្នកក៏អាចជួយបុគ្គលិកឱ្យក្លាយជាមនុស្សកាន់តែប្រសើរឡើងទាំងក្នុងអាជីពនិងជីវិតផ្ទាល់ខ្លួនដែរ។ 

 

២/ តាំងចិត្តថែទាំបុគ្គលិកឱ្យរីកចម្រើន

ក្នុងចំណោមបុគ្គលិកបីនាក់ មានបុគ្គលិកពីរនាក់ដែលនិយាយថាចៅហ្វាយនាយរបស់គេមិនយកចិត្តទុកដាក់ថែទាំចំពោះពួកគេទេ។ ការបង្ហាញរបៀបយកចិត្តទុកដាក់ ការសណ្តោសប្រណី និងក្តីកង្វល់ចំពោះបុគ្គលិកជាសញ្ញាបង្ហាញកាយវិការពិតប្រាកដរបស់មេដឹកនាំ។ ការផ្តល់រង្វាន់និងការទទួលស្គាល់ទៅតាមគុណសម្បត្តិជាក់ស្តែងរបស់បុគ្គលិកជាវិធីសាស្រ្តធានាដល់ការរីកចម្រើនផ្ទាល់ខ្លួនរបស់បុគ្គលិកនិងបង្ហាញការគោរពមិនងាករេ។

 

៣/ កំណត់និងផ្សព្វផ្សាយការសម្រេចចិត្ត

គ្មានអ្វីដែលរាំងស្ទះការងាររបស់ស្ថាប័នជាមេដឹកនាំដែលមិនអាចឬមិនចេះសម្រេចចិត្តនោះទេ។ ពេលកំណត់បង្ហើយគម្រោងអ្វីមួយត្រូវពន្យារហូត ចំណាយលើគម្រោងនោះឡើងខ្ពស់កប់ពពក ហើយភាពមិនច្បាស់លាស់ធ្វើឱ្យបុគ្គលិកទាំងអស់ខ្សោះទាំងកម្លាំងកាយចិត្ត។ ភាពច្បាស់លាស់ក្នុងស្ថាប័នចាប់ផ្តើមពីមេដឹកនាំដែលមិនត្រឹមតែសម្រេចចិត្តទេ ប៉ុន្តែថែមទាំងវិនិយោគពេលវេលាលើការពន្យល់បកស្រាយការសម្រេចចិត្តនោះឱ្យបានកាន់តែច្បាស់លាស់ និងហេតុផលពីក្រោយការសម្រេចចិត្តនោះ។ 

 

៤/ កំណត់ទស្សនវិស័យនិងមើលជារួម

ជាការចាំបាច់ណាស់ដែលមេដឹកនាំត្រូវកំណត់ទស្សនវិស័យដែលផ្តោតលើបុគ្គលិក និងលើកទឹកចិត្តដល់ការចាយលុយដើម្បីបណ្តុះបណ្តាលជំនាញបន្ថែមដល់បុគ្គលិក។ ទស្សនវិស័យនោះគួរតែផ្អែកលើគោលដៅយុទ្ធសាស្រ្ត និងគុណតម្លៃរបស់ក្រុមហ៊ុន។ នៅពេលអ្នកកំណត់ទស្សនវិស័យ បុគ្គលិកបង្ហាញជំនឿចិត្តនិងមានមហិច្ឆតាចំពោះការបង្កើតអ្វីមួយទាំងអស់គ្នាដើម្បីធ្វើការងារឱ្យកាន់តែប្រសើរឡើង។ 

 

៥/ អនុវត្តតុល្យភាពនៃការប្រឹងប្រែង

ក្នុងនាមជាមេដឹកនាំ អ្នកអាចបង្ហាញគំរូជាមនុស្សប្រឹងប្រែងធ្វើការឱ្យអស់ពីសមត្ថភាព ប៉ុន្តែក៏មិនភ្លេចភាពរីករាយក្នុងការងារនឹងជីវិតដែរ។ អ្នកមិនត្រូវផ្តោតជ្រុលតែលើផ្នែកណាមួយទាំងស្រុងនោះទេ។ បើអ្នកតឹងតែងពេកដោយគ្មានភាពរីករាយសោះក្នុងការងារ បុគ្គលិកទាំងអស់នឹងខ្លាចមិនចង់ធ្វើការងារទេ ប៉ុន្តែបើអ្នកធូររលុងពេក បុគ្គលិកនឹងលែងមានសណ្តាប់ធ្នាប់ហើយលែងផ្តោតលើការងារមិនខាន។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់