អចលនទ្រព្យ | May 04, 2021 | 72

ក្បួនពិនិត្យមើលអាជីពក្នុងអចលនទ្រព្យសមនឹងអ្នកឬអត់

តើអ្នកមានគម្រោងចង់បង្កើតអាជីពថ្មីឬការងារបន្ទាប់បន្សំដើម្បីរកលុយបន្ថែមមែនទេ? ប្រហែលអ្នកកំពុងគិតដល់អាជីពក្នុងវិស័យអចលនទ្រព្យ។ បើប្រៀបធៀបជាមួយនឹងអាជីពផ្សេងទៀតដែលមានសក្តានុពលតូចតាចក្នុងការរកប្រាក់ចំណូល ការធ្វើជាភ្នាក់ងារអចលនទ្រព្យមិនសូវស្មុគស្មាញប៉ុន្មានទេ។ ប៉ុន្តែមានចំណុចមួយចំនួនដែលអ្នកត្រូវតែយកចិត្តទុកដាក់ដែរដូចជាការធ្វើជាចៅហ្វាយនាយខ្លួនឯង ការត្រូវជួបមនុស្សថ្មីៗ និងការជួយមនុស្សក្នុងដំណើរទិញលក់របស់គេជាដើម។ ទោះជាយ៉ាងណា ការបង្កើតអាជីពជោគជ័យក្នុងវិស័យអចលនទ្រព្យតម្រូវឱ្យមានការងារច្រើនជាងការស្រមៃគិតរបស់មនុស្សភាគច្រើន។ ដើម្បីជួយអ្នកសម្រេចចិត្តបានច្បាស់ថាអ្នកមានលក្ខណៈគ្រប់គ្រាន់សម្រាប់អាជីពនេះឬអត់ សូមប្រើវាស់ស្ទង់តាមគោលការណ៍ខាងក្រោម៖

 

 

១/ ការងាររបស់ភ្នាក់ងារអចលនទ្រព្យ

ភ្នាក់ងារអចលនទ្រព្យជួយអតិថិជនទិញ លក់ និងជួលអចលនទ្រព្យ។ តាមស្ថិតិ អាជីពមួយនេះនឹងកើនឡើងត្រឹម២ភាគរយនៅក្នុងមួយទសវត្សឆ្នាំ២០២០នេះ។ តម្រូវការរបស់មនុស្សដែលធ្វើការក្នុងវិស័យនេះនៅតែបន្តកើនឡើងដោយសារមានមនុស្សកាន់តែច្រើននឹងត្រូវការភ្នាក់ងារអចលនទ្រព្យនៅពេលគេចង់លក់ឬទិញផ្ទះ ឬផ្លាស់ប្តូរលំនៅពេលប្តូរកន្លែងធ្វើការ។ 

 

២/ ក្លាយជាភ្នាក់ងារអចលនទ្រព្យ 

ការធ្វើជាភ្នាក់ងារអចលនទ្រព្យមិនមែនជាការងារពិបាកទេ ប៉ុន្តែការបន្តជោគជ័យនិងទទួលបានប្រាក់ចំណូលជាប្រចាំពីការងារទើបជារឿងពិបាកខ្លាំង។ ក្នុងករណីភាគច្រើន ការងារនេះតម្រូវឱ្យមានការប្តេជ្ញាចិត្តលើពេលវេលា ការប្រឹងប្រែង និងការចាយលុយកាក់ខ្លះ។ 

 

៣/ ភារកិច្ចការិយាល័យ

សម្រាប់អ្នកដែលចាប់ផ្តើមដំបូងៗ ភ្នាក់ងារអចលនទ្រព្យត្រូវគ្រប់គ្រងលើការងារការិយាល័យជាច្រើន។ ឯកសារច្បាប់ត្រូវតែបំពេញឱ្យច្បាស់លាស់ ហើយឯកសារទាំងអស់ត្រូវតែរក្សាទុកឱ្យមានសណ្តាប់ធ្នាប់។  ព្រឹត្តិការណ៍ត្រូវតែរៀបចំទៅតាមលំដាប់លំដោយ។ អ្នកត្រូវដឹងថាខ្លួនឯងពូកែខាងកិច្ចការលម្អិតនិងការរៀបចំឯកសារទាំងអស់ទេ? តើអ្នកអាចធ្វើកិច្ចការច្រើនក្នុងពេលតែមួយឱ្យស្របតាមពេលកំណត់បានទេ?

 

៤/ បង្កើតទំនាក់ទំនង

ការស្វែងរកអតិថិជនជាគន្លឹះស្នូលក្នុងជោគជ័យរបស់ភ្នាក់ងារអចលនទ្រព្យ។ បើគ្មានអ្នកទិញនិងអ្នកលក់ទេ អ្នកនឹងមិនមានការងារ ហើយក៏មិនមានប្រាក់ចំណូលដែរ។ មធ្យោបាយទូទៅមួយក្នុងការបង្កើតទំនាក់ទំនងគឺតាមរយៈបណ្តាញមនុស្សដែលអ្នកស្គាល់ស្រាប់ មានដូចជាគ្រួសារ មិត្តភក្តិ អ្នកជិតខាង មិត្តរួមថ្នាក់ មិត្តរួមការងារ និងទំនាក់ទំនងសង្គមផ្សេងទៀត។ ជាលទ្ធផលថ្ងៃនីមួយៗរបស់អ្នកគឺត្រូវជួបប្រជុំ និងនិយាយជាមួយមនុស្សច្រើននាក់ ចែកចាយនាមបណ្ណ និងប្រមូលព័ត៌មានផ្ទាល់ខ្លួនតម្រៀបតាមប្រភេទ។ 

 

៥/ ធ្វើការគ្មានម៉ោងកំណត់

អ្នកនឹងត្រូវចំណាយពេលច្រើនធ្វើការដោយផ្ទាល់ជាមួយអតិថិជន ទាំងអ្នកទិញ អ្នកលក់ និងអ្នកជួល។ រឿងមួយដែលអ្នកត្រូវចងចាំគឺថាការជួបជាមួយអតិថិជនភាគច្រើនមិនមែនត្រូវម៉ោងធ្វើការរបស់អ្នកឬមនុស្សទូទៅទេ។ មានន័យថាអ្នកត្រូវតែលះបង់ពេលវេលាផ្ទាល់ខ្លួន។ បើមានកិច្ចការអាទិភាពអ្វីមួយកើតឡើងភ្លាមៗ អ្នកត្រូវតែបោះបង់ផែនការក្នុងដៃដើម្បីបត់បែនទៅតាមស្ថានការណ៍។ អ្នកក៏ត្រូវត្រៀមខ្លួនជានិច្ចសម្រាប់ធ្វើបទបង្ហាញ ដោយមានទាំងរូបថតនិងព័ត៌មានលម្អិតអំពីអចលនទ្រព្យក្នុងដៃរបស់អ្នក។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់