អភិវឌ្ឍចំណេះដឹង | May 03, 2021 | 75

វិធីសាស្រ្តដ៏មានឥទ្ធិពលដើម្បីសម្រេចបានលទ្ធផលពិតប្រាកដឆាប់រហ័ស

តើអ្នកអាចបង្កើតលទ្ធផលពិតប្រាកដនិងទទួលបានជោគជ័យឆាប់ទេ? ចម្លើយយ៉ាងខ្លីគឺបាន។ ដរាបណាអ្នកអនុវត្តតាមវិធីសាស្រ្តត្រឹមត្រូវ អ្នកអាចបង្កើតជោគជ័យយ៉ាងអស្ចារ្យនិងឆាប់រហ័ស។ អ្នកជំនាញម្នាក់លើកឡើងថាទិសដៅរបស់អ្នកមានសារៈសំខាន់ជាងល្បឿនរបស់អ្នក។ ជំហានទីមួយគឺអ្នកមិនត្រូវរត់ដេញតាមអ្វីដែលខុសនោះទេ។ ទីពីរអ្នកត្រូវដឹងថាការប្រឹងប្រែងរបស់អ្នកនឹងទទួលបានលទ្ធផល។ 

 

 

ហេតុដូច្នេះហើយ អ្នកត្រូវតែប្រើប្រាស់វិធីសាស្រ្តត្រឹមត្រូវដើម្បីសម្រេចជោគជ័យដែលអ្នកចង់បាន។ ខាងក្រោមនេះជាវិធីសាស្រ្តដ៏មានឥទ្ធិពលដើម្បីជួយអ្នកបង្កើតលទ្ធផលដែលអ្នកចង់បានយ៉ាងឆាប់៖

 

១/ ពង្រឹងការស្គាល់ខ្លួនឯង

នេះជាគន្លឹះសំខាន់បំផុតមួយចំពោះជោគជ័យ។ បើអ្នកមិនស្គាល់អ្វីដែលអ្នកចង់បាន អ្វីដែលអ្នកបានធ្វើខុសកន្លងមកទេ អ្នកនឹងមិនអាចទទួលបានជោគជ័យដែលអ្នកចង់បាននោះទេ។ អ្នកត្រូវតែដឹងថាខ្លួនឯងចង់បានអ្វី ត្រូវបានដោយរបៀបណា និងអភិវឌ្ឍខ្លួនដោយរបៀបណា? មនុស្សជាច្រើនបានត្រឹមតែស្រមៃប៉ុណ្ណោះ។ គេគ្មានគំនិតចង់បានអ្វីពិតប្រាកដក្នុងជីវិតទេ។ គេធ្វើតែកិច្ចការដែលត្រូវធ្វើរាល់ថ្ងៃទាំងអារម្មណ៍ធុញទ្រាន់ និងជាប់គាំងទៅណាមិនរួច។ 

 

អ្នកមិនអាចជួលជុលអ្វីមួយដែលអ្នកមិនដឹងថាខូចត្រង់ណានោះទេ។ ដូច្នេះហើយ ជំហានទីមួយដើម្បីបង្កើតជោគជ័យគឺត្រូវដឹងថាអ្វីជាជោគជ័យដែលអ្នកចង់បាន សម្រេចបានដោយរបៀបណា និងត្រូវអភិវឌ្ឍជំនាញអ្វីខ្លះបន្ថែមទៀត។ លោកTony Robbins ធ្លាប់និយាយថាការស្គាល់ខ្លួនឯងជាធនធានកម្រមួយរបស់មនុស្ស។ 

 

២/ អនុវត្តក្បួន៩០-៩០-១

គន្លឹះបន្ទាប់មកទៀតគឺត្រូវអនុវត្តក្បួន៩០-៩០-១ក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។ ក្បួននេះងាយស្រួលយល់ណាស់ ប៉ុន្តែជាក្បួនដែលពិបាកអនុវត្តជាប់លាប់។ នៅក្នុងរយៈពេល៩០ថ្ងៃបន្ទាប់ អ្នកត្រូវចំណាយពេល៩០នាទីដំបូងនៃថ្ងៃនីមួយធ្វើកិច្ចការសំខាន់បំផុតរបស់អ្នក។ ការសិក្សាបានបង្ហាញថា ដើម្បីបង្កើតទម្លាប់ថ្មីមួយ អ្នកត្រូវអនុវត្តទម្លាប់នោះដដែលៗយ៉ាងហោចណាស់៦៦ថ្ងៃ។ ហើយបើអ្នកអាចធ្វើការដើម្បីសម្រេចគោលដៅរបស់អ្នកក្នុងរយៈពេល៩០ថ្ងៃ អ្នកនឹងអាចប្រែក្លាយសកម្មភាពរបស់អ្នកទៅជាទម្លាប់។  

 

ពេលអ្នកអនុវត្តក្បួននេះ អ្នកត្រូវធ្វើកិច្ចការសំខាន់បំផុតមុនគេនៅពេលព្រឹក។ ការធ្វើបែបនេះនឹងជួយឱ្យអ្នកប្រមូលការប្រឹងប្រែងទាំងអស់ទៅបង្កើតលទ្ធផលពិតប្រាកដ។ បើមានកិច្ចការអ្វីសំខាន់ចំពោះអ្នក អ្នកត្រូវតែធ្វើកិច្ចការនោះមុនគេ។

 

៣/ ប្តេជ្ញាចំពោះការអភិវឌ្ឍខ្លួនមិនឈប់

វិធីសាស្រ្តទីបីដើម្បីបង្កើតភាពរីកចម្រើនឱ្យបានឆាប់រហ័សគឺត្រូវប្តេជ្ញាចំពោះការអភិវឌ្ឍខ្លួនមិនឈប់។ មធ្យោបាយតែមួយគត់ដែលអ្នកអាចបន្តធ្វើឱ្យបានកាន់តែប្រសើរនិងរីកចម្រើនជានិច្ចគឺតាមរយៈការអភិវឌ្ឍខ្លួន។ បើអ្នកនៅតែបន្តធ្វើកិច្ចការដែលអ្នកធ្វើ អ្នកនឹងបន្តទទួលបានតែលទ្ធផលដដែលៗដូចពីមុន។ លុះត្រាតែអ្នកផ្លាស់ប្តូររបៀបដែលអ្នកធ្វើការ អ្នកនឹងមិនទទួលបានលទ្ធផលអ្វីប្លែកទេ។ 

 

ឧទាហរណ៍ថា បើអ្នកចង់សម្រកទម្ងន់ ការដើរមួយម៉ឺនជំហានក្នុងមួយថ្ងៃប្រហែលជាផែនការរបស់អ្នក ប៉ុន្តែបើអ្នកពឹងផ្អែកលើការដើរតែម្យ៉ាង ប្រហែលមិនមែនជាមធ្យោយបាយដែលមានប្រសិទ្ធភាពបំផុតនោះទេ។ ហេតុដូច្នេះហើយ អ្នកត្រូវកំណត់ដឹងវិធីសាស្រ្តរបស់អ្នកនិងត្រូវយល់របៀបទទួលបានប្រសិទ្ធភាពបំផុតពីយុទ្ធសាស្រ្តរបស់អ្នក។ ហេតុផលនេះហើយដែលអ្នកត្រូវរៀននិងអភិវឌ្ឍខ្លួនជាប្រចាំ ហើយមធ្យោបាយងាយស្រួលបំផុតគឺត្រូវរៀនពីអ្នកដទៃ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់