អភិវឌ្ឍចំណេះដឹង | May 03, 2021 | 91

មនុស្សជោគជ័យនិងក្បួនជោគជ័យដែលគេបានប្រើប្រាស់

តើអ្នកធ្លាប់ឆ្ងល់ទេថាមនុស្សជោគជ័យបានទៅដល់គោលដៅរបស់គេបានដោយរបៀបណា? បើមើលសម្បកក្រៅទៅដូចជាមានលក្ខណៈសាមញ្ញនិងគ្មានការប្រឹងប្រែងអ្វីសោះ ដែលគេមានពេលវេលាល្អៗ មានមិត្តច្រើន និងរស់នៅជាមនុស្សមានឥទ្ធិពលក្នុងសង្គម។ យើងមើលឃើញភាពរុងរឿងរបស់គេ វិមានស្គឹមស្គៃរបស់គេ និងរបៀបរស់នៅយ៉ាងហ៊ឺហារបស់គេ។ ប៉ុន្តែមនុស្សជាច្រើនមើលមិនឃើញឬមិនបានដឹងដំណើរដ៏លំបាកដែលមនុស្សជោគជ័យទាំងនោះបានឆ្លងកាត់មកទេ។ ទឹកភ្នែក ញើសឈាម និងការឈឺចាប់ដែលមនុស្សជោគជ័យធ្លាប់ជួបប្រទះមានមិនតិចទេ។ សព្វថ្ងៃនេះអ្នកអាចដឹងរូបមន្តខ្លះៗរបស់មនុស្សជោគជ័យមួយចំនួន៖

 

 

១/ ស្ថាបនិកក្រុមហ៊ុនKFC ការចាប់ផ្តើមមិនដែលយូរពេកទេ

លោក Colonel Sanders មានគេស្គាល់ច្រើនក្នុងពិភពលោកនេះដោយសាររូបរបស់លោកនៅជាប់នឹងស្លាកយីហោKFC។ លោកលក់ក្រុមហ៊ុននៅឆ្នាំ១៩៦៤ ក្នុងតម្លៃ២លានដុល្លារ និងចូលនិវត្តនៅក្នុងអាយុ៧៤ឆ្នាំ។ ប៉ុន្តែតើអ្នកជឿទេថាលោក Colonel Sanders ទើបតែរកឃើញរូបមន្តបង្កើតមុខម្ហូបដ៏ឆ្ងាញ់សម្រាប់ភោជនីយដ្ឋាននៅអាយុ៦៦ឆ្នាំ? លោក Colonel Sanders ជាគំរូមួយដែលបញ្ជាក់ថាជោគជ័យមិនមែនពឹងផ្អែកតែលើវ័យក្មេង ឬដើមទុនច្រើនដើម្បីចាប់ផ្តើមនោះទេ។ 

 

២/ វិចិត្រករល្បីឈ្មោះVincent Van Gogh ស្រឡាញ់ការងាររបស់អ្នក

តើអ្នកដឹងទេថាវិចិត្រករល្បីឈ្មោះ Vincent Van Gogh លក់គំនូរបានតែមួយផ្ទាំងគត់ទៅឱ្យមិត្តជិតស្និទ្ធពេលលោកនៅរស់? ការលក់បានតិចនេះមិនមែនមកពីលោកគូររូបបានតិចទេ។ ក្នុងមួយជីវិត វិចិត្រករម្នាក់នេះគូររូបបានជាង៨០០ផ្ទាំង។ 

 

លោក Vincent Van Gogh ជាវិចិត្រករដែលបរាជ័យបំផុតក្នុងពេលនៅរស់។ លោកមានជំងឺផ្លូវចិត្តផង និងរស់នៅក្នុងភាពក្រីក្រផង។ កត្តាតែមួយគត់ដែលបន្តរុញច្រានការងារក្នុងជីវិតរបស់លោកគឺការស្រឡាញ់ធម្មជាតិ និងជំនឿមុតមាំលើឥទ្ធិពលនៅពីក្រោយសម្រស់ធម្មជាតិ។ លោកបានបញ្ចូលការស្រឡាញ់ទាំងអស់នេះទៅក្នុងការងារដែលធ្វើឱ្យស្នាដៃរបស់លោកមានឥទ្ធិពលយ៉ាងខ្លាំងលើវិចិត្រករជំនាន់ក្រោយៗ។ 

 

៣/ កំពូលវិនិយោគិន Warren Buffett ចិត្តដូចអេប៉ុងដើម្បីស្រូបយកចំណេះដឹង

លោកWarren Buffett មានឈ្មោះល្បីបំផុតនៅក្នុងពិភពវិនិយោគ ដែលមានភ្នែកមុតក្នុងពាណិជ្ជកម្មទាំងអស់ដែលលោកវិនិយោគ។ នៅពេលគេសួរអំពីអាថ៌កំបាំងជោគជ័យ លោកWarren ឆ្លើយយ៉ាងសាមញ្ញថា ខ្ញុំគ្រាន់តែជាមនុស្សមានសំណាងប៉ុណ្ណោះ។ ប៉ុន្តែអាថ៌កំបាំងពិតប្រាកដដែលមនុស្សគ្រប់គ្នាអាចមើលឃើញនិងធ្វើបានដែរនោះគឺ លោកស្រឡាញ់ការអានណាស់។ លោកប្រមូលចំណេះដឹងមហាសាលពីការអានសៀវភៅរាល់ថ្ងៃ។ ជាមធ្យមលោកWarren ចំណាយពេល៨ម៉ោងដើម្បីអានសៀវភៅ។ 

 

៤/ មហាសេដ្ឋីបច្ចេកវិទ្យាBill Gates កុំផ្តោតលើលុយកាក់

លោកBill Gates ជាកំពូលអ្នកមានម្នាក់ក្នុងពិភពលោក។ ប៉ុន្តែលោកបានសារភាពជាសាធារណៈថាលោកមិនចូលចិត្តចាយលុយច្រើនលើសម្លៀកបំពាក់និងគ្រឿងអលង្ការទេ។ លោកពាក់តែនាឡិកាតម្លៃ១០ដុល្លារនិងធ្វើដំណើរតាមយន្តហោះក្នុងរបៀបធម្មតាដូចមនុស្សទូទៅ។ លោកថែមទាំងលាងសម្អាតចានរាល់យប់ក្រោយពេលទទួលទានអាហាររួច។ 

 

លោកBill Gates យល់ច្បាស់សេរីភាពដ៏មានអត្ថន័យដែលកើតចេញពីការចង់បានលុយរាប់លានដុល្លារ។ ទោះជាយ៉ាងណា លោកចែករំលែកអាថ៌កំបាំងមួយថានៅពេលអ្នកមានលុយច្រើនជាងនោះ វាគ្មានអ្វីអស្ចារ្យទេ។ អាថ៌កំបាំងរបស់លោកBill Gates គឺមិនត្រូវងប់ងល់នឹងលុយទេ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់