អភិវឌ្ឍចំណេះដឹង | May 03, 2021 | 90

គន្លឹះបង្កើតប្រាក់ចំណូលច្រើនប្រភពពេលធ្វើការនៅផ្ទះ

មានមធ្យោបាយច្រើនណាស់ដើម្បីរកលុយបន្ថែមក្នុងពេលធ្វើការនៅផ្ទះ។ ភាគច្រើននៃមធ្យោយបាយទាំងនោះតម្រូវឱ្យមានកុំព្យូទ័រ និងអ៊ីនថឺណិត ហើយពេលខ្លះទៀតក៏អ្នកត្រូវការទីតាំងដើម្បីទុកដាក់សម្ភារៈដែរ។ ក្នុងពេលដែលមនុស្សត្រូវបង្ខំចិត្តសំងំនៅក្នុងផ្ទះ ការរកលុយនៅផ្ទះបានក្លាយជាសកម្មភាពកាន់តែពេញនិយមក្នុងចំណោមអ្នកចូលចិត្តប្រើប្រាស់YouTube និងក្រុមអ្នកល្បីឈ្មោះលើបណ្តាញសង្គម។ ប៉ុន្តែតើការរកលុយបន្ថែមពេលនៅផ្ទះពិតជាងាយស្រួលមែនទេ?  ប្រហែលអ្នកនឹងភ្ញាក់ផ្អើលពេលដឹងការពិត៖

 

 

១/ លក់វត្ថុប្រើប្រាស់ដែលអ្នកលែងត្រូវការ

ទីផ្សារលើអ៊ីនថឺណិតដូចeBay គ្រាន់តែជាកន្លែងមួយក្នុងចំណោមកន្លែងជាច្រើនទៀតដែលផ្តល់លទ្ធភាពឱ្យមនុស្សទូទៅនិងពាណិជ្ជកម្មទិញលក់អ្វីៗស្ទើរគ្រប់យ៉ាងដែលគេត្រូវការ។ ឧទាហរណ៍ថាសៀវភៅថ្មីមួយក្បាលដែលអ្នកទិញយកមកអានរួចហើយ មានមនុស្សដទៃដែលត្រូវការនិងចង់អានដែរ ហើយគេព្រមទិញពីអ្នកក្នុងតម្លៃសមរម្យ។ អ្នកក៏ប្រហែលមានសម្ភារៈលេងជាច្រើនទៀតដែលកូនរបស់អ្នកធំឡើងនិងលែងចង់រក្សាទុកបន្តទៅទៀត។ 

 

ដំណើរការលក់លើទីផ្សារអ៊ីនថឺណិតមានលក្ខណៈសាមញ្ញណាស់ គឺអ្នកគ្រាន់តែបង្កើតគណនីមួយ និងចាប់ផ្តើមលក់។ អ្នកត្រូវការថតរូបវត្ថុដែលចង់លក់នោះ ជ្រើសរើសប្រភេទវត្ថុ សរសេររៀបរាប់ខ្លីៗអំពីវត្ថុនោះ និងកំណត់តម្លៃ។ មានមនុស្សរាប់លាននាក់ដែលចង់ទិញវត្ថុដាក់លក់របស់អ្នក។ ថ្លៃលក់នៅលើទីផ្សារអ៊ីនថឺណិតនេះមានត្រឹមតែមួយចំណែកតូចប៉ុណ្ណោះនៃប្រាក់ចំណូលពីការលក់របស់អ្នក ហើយអ្នកក៏អាចបង្កើតជាអាជីវកម្មលក់ទំនិញផ្សេងទៀតបានដែរតាមរបៀបនេះ។

 

២/ ចូលរួមក្នុងការស្ទង់មតិ

មធ្យោបាយមួយទៀតក្នុងការរកលុយបន្ថែមគឺការចុះឈ្មោះលើគេហទំព័រស្ទង់មតិ។ អ្នកនឹងត្រូវឆ្លើយសំណួរផ្សេងៗដើម្បីចូលរួមក្នុងការស្ទង់មតិពីក្រុមហ៊ុនដែលស្រាវជ្រាវទីផ្សាររបស់គេ។ ជាទូទៅ អ្នកនឹងទទួលបានកម្រៃបន្តិចបន្តួច ប៉ុន្តែការស្ទង់មតិនីមួយក៏ត្រូវការពេលវេលាត្រឹមពីរបីនាទីប៉ុណ្ណោះ។ ប្រហែលច្រកមួយនេះមិនអាចជួយឱ្យអ្នកមានលុយច្រើនទេ ប៉ុន្តែវាជាមធ្យោបាយល្អដើម្បីរកលុយបន្ថែមពីពេលទំនេរ។ គេហទំព័រខ្លះផ្ញើវត្ថុឱ្យអ្នកជួយពិនិត្យនិងវាយតម្លៃថែមទៀត ហើយជាលទ្ធផលអ្នកទទួលបានសម្ភារៈប្រើប្រាស់ដោយមិនបាច់បង់លុយ។  

 

៣/ ធ្វើការឯករាជ្យ

ពាណិជ្ជកម្មដែលជួលកម្លាំងពលកម្មនៅក្រៅក្រុមហ៊ុនមានកាន់តែច្រើនឡើងៗ។ អ្នកធ្វើការឯករាជ្យអាចជាអ្នកនិពន្ធ អ្នករចនា អ្នកបង្កើតកម្មវិធីកុំព្យូទ័រ អ្នកបង្កើតកម្មវិធីលើទូរសព្ទដៃ និងអ្នកគ្រប់គ្រងបណ្តាញសង្គមជាដើម។ តើអ្នកមានជំនាញអ្វីខ្លះដែលអាចជួយធ្វើពាណិជ្ជកម្មរបស់គេបាន? ក្រុមហ៊ុនខ្លះថែមទាំងជួលមនុស្សពីក្រៅទៅឆ្លើយអ៊ីម៉ែល និងឆ្លើយទូរសព្ទជំនួសបុគ្គលិកទៀតផង។ 

 

របៀបធ្វើការឯករាជ្យជាផ្នែកមួយដែលរីកចម្រើនរហ័សក្នុងពាណិជ្ជកម្ម ហើយក៏មានគេហទំព័រជាច្រើនអំពាវនាវរកមនុស្សធ្វើការឯករាជ្យដើម្បីជួយបង្ហើយគម្រោងបន្ទាន់របស់គេដែរ។ ការងារខ្លះក៏អាចក្លាយជាការងារពេញម៉ោងរបស់អ្នកបានដែរ បើអ្នកមានទំនាក់ទំនងល្អ។

 

៤/ ធ្វើជាអ្នកជួយផ្សព្វផ្សាយឱ្យក្រុមហ៊ុន

តើអ្នកមានគេហទំព័រផ្ទាល់ខ្លួនឬគណនីបណ្តាញសង្គមដែលមានមនុស្សគាំទ្រច្រើនដែរទេ? បើបែបនេះ ហេតុអ្វីបានជាមិនប្រើប្រាស់ប្រជាប្រិយភាពរបស់អ្នកដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនឹងយីហោឬក្រុមហ៊ុនធំៗដែលមានទំនាក់ទំនងទៅនឹងជំនាញនិងចំណេះដឹងរបស់អ្នក។ ដំណើរការងាយស្រួលណាស់ គឺគ្រាន់តែប្រើប្រាស់គេហទំព័រផ្ទាល់ខ្លួនឬបណ្តាញសង្គមរបស់អ្នកដើម្បីផ្សព្វផ្សាយយីហោអ្វីមួយទៅបានហើយ។ នៅពេលអ្នកអានឬអ្នកគាំទ្រណាចុចលើតំណគេហទំព័រក្រុមហ៊ុនដែលអ្នកសរសេរនោះ អ្នកនឹងទទួលបានកម្រៃជើងសាជាមិនខាន។ 

 

ប្រែសម្រួល៖ វេហា

 

មតិយោបល់