អចលនទ្រព្យ | May 03, 2021 | 74

ការលក់អចលនទ្រព្យសរុបក្នុងក្រុងហុងកុងកើនឡើងខ្ពស់បំផុតក្នុងពេលជិត២ឆ្នាំ

ការលក់អចលនទ្រព្យសរុបក្នុងក្រុងហុងកុង ដោយរួមទាំងផ្ទះ ហាងទំនិញ កន្លែងធ្វើពាណិជ្ជកម្ម ចំណតរថយន្ត បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត២ឆ្នាចុងក្រោយនេះ ស្របពេលដែលវិបត្តិកូវីដ១៩ចាប់ផ្តើមធ្លាក់ចុះវិញ។ 

 

 

យោងតាមទីភ្នាក់ងារ Centaline Property Agency ចំនួនអចលនទ្រព្យដែលលក់បានសរុបប្រចាំខែមេសាកន្លងទៅនេះមានចំនួនសរុប៩១០០កន្លែង គិតជាទឹកប្រាក់ស្នើនឹង១០,៦ពាន់លានដុល្លារ។ តួលេខនេះបង្ហាញឱ្យឃើញកំណើន០,៤ភាគរយលើសសកម្មភាពទិញលក់នៅខែមីនា។ 

 

លោកប្រធានក្រុមស្រាវជ្រាវជាន់ខ្ពស់នៃទីភ្នាក់ងារពន្យល់ថាមានការស្ទុះងើបឡើងវិញយ៉ាងខ្លាំងក្នុងសកម្មភាពទិញលក់ផ្ទះដែលមានម្ចាស់រស់នៅស្រាប់ ដែលធ្វើឱ្យទីផ្សារមួយទឹកនេះកើនឡើងដល់កម្រិតខ្ពស់បំផុតតាំងពីចុងឆ្នាំ២០១២មក។ 

 

ចំណែករដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់ក្រុងហុងកុង លោក Paul Chan Mo-po បានសរសេរលើបណ្តាញសង្គមផ្ទាល់ខ្លួនថា សេដ្ឋកិច្ចរបស់ក្រុងហុងកុងរីកចម្រើនគួរសមក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំនេះ ប៉ុន្តែវិបត្តិកូវីដ១៩នៅតែជាឧបសគ្គលើផ្លូវងើបរើបឡើងវិញនេះ។ 

 

នៅក្នុងទិវាពលកម្មអន្តរជាតិកាលពីពេលចុងសប្តាហ៍កន្លងទៅនេះ អ្នកទិញបានចំណាយលុយយ៉ាងច្រើនទិញផ្ទះចំនួន៣៨០កន្លែងពីក្នុងចំណោមផ្ទះ៥០០កន្លែងដែលដាក់លក់នៅក្នុងក្រុង។ នោះជាព្រឹត្តិការណ៍លក់អចលនទ្រព្យដែលលក់ដាច់បំផុតក្នុងរយៈពេល៧ខែចុងក្រោយនេះ។ 

 

ដើម្បីតាមទាន់ជំហានលក់វិជ្ជមាននេះ ក្រុមអ្នកសាងសង់បានបង្កើនតម្លៃអចលនទ្រព្យដែលគេប្រុងនឹងដាក់លក់ក្នុងទីផ្សារ។ ក្រុមហ៊ុន Road King Infrastructure បានឱ្យដឹងថាគេបង្កើតតម្លៃលក់១១ភាគរយក្រោយពីលក់បាន២៤០កន្លែងក្នុងមួយថ្ងៃមុននោះ។ 

 

ក្នុងពេលជាមួយគ្នានោះដែរ ក្រុមហ៊ុនក៏បានអះអាងថាគេលក់បាន១២១កន្លែងដែលក្នុងគម្រោងជាមួយគ្នានោះ ហើយក៏មានគម្រោងបញ្ចេញផ្ទះជាច្រើនទៀតនៅក្នុងសប្តាហ៍នេះ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់