អភិវឌ្ឍចំណេះដឹង | April 08, 2021 | 104

មនុស្សមិនសូវចេះនិយាយស្តីក៏អាចក្លាយ​ជា​អ្នកលក់ខ្លាំងពូកែបានដែរ

មានការយល់ច្រឡំធំមួយថាមនុស្សដែលមិនសូវចេះរាប់អាននិងមិនសូវហ៊ាននិយាយស្តីជាមនុស្សឯកោ ហើយមិនអាចធ្វើជាមនុស្សពូកែទាក់ទងទេនៅក្នុងសង្គម។

ដោយសារចរិតមិនសូវចូលចិត្តនិយាយច្រើន ប្រហែលអ្នកចូលចិត្តសំងំនៅតែម្នាក់ឯង និងញញើតញញើមមិនចូលចិត្តព្រឹត្តិការណ៍ជួបជុំដែលមានមនុស្សច្រើនទេ ហើយមានមិត្តតិចតួចបំផុត។

ស្រដៀងគ្នានេះដែរ ប្រហែលអ្នកជឿថាគំនិតច្នៃប្រឌិតនិងជំនាញស្តាប់មានតែនៅក្នុងចំណោមមនុស្សដែលចូលចិត្តរាប់អាននិងនិយាយច្រើនប៉ុណ្ណោះ។ 

 

 

ហេតុអ្វីបានជាមនុស្សភាគច្រើនគិតថាមនុស្សពូកែនិយាយនិងចូលចិត្តរាប់អានគេឯងអាចធ្វើជាអ្នកលក់ដ៏ខ្លាំងបាន? ចំណុចដែលធ្វើឱ្យគេចាប់អារម្មណ៍បំផុតនៅក្នុងចំណោមអ្នកលក់គឺសមត្ថភាពនិយាយ ភាពរស់រាយ និងការមានមិត្តច្រើន។

ពិតណាស់ថាកត្តាទាំងអស់នេះអាចជួយបានច្រើនក្នុងដំណើរការលក់។ ទោះជាយ៉ាងណា ក៏កត្តាទាំងអស់នេះមិនមែនកំណត់ថាអាចធ្វើឱ្យមនុស្សម្នាក់ខ្លាំងពូកែក្នុងការលក់ទេ។ តាមពិត មានហេតុផលមួយចំនួនដែលធ្វើឱ្យមនុស្សមិនសូវចូលចិត្តនិយាយច្រើនក្លាយជាកំពូលអ្នកលក់បាន៖ 

 

១/ មានចរិតពូកែសង្កេត

នៅក្នុងទំនាក់ទំនងសព្វថ្ងៃ មានមិនដល់១០ភាគរយទេដែលធ្វើយ៉ាងតាមរយៈពាក្យសម្តី។ ជាង៩០ភាគរយទៀតនៃទំនាក់ទំនងធ្វើឡើងតាមរយៈភាសាកាយវិការ។ ការពូកែសង្កេតនិងការចេះរបៀបឆ្លើយតបជាជំនាញសំខាន់បំផុតរបស់អ្នកលក់កម្រិតខ្ពស់។ មនុស្សមិនសូវចិត្តនិយាយស្តីតែងតែពូកែខាងសង្កេតមើលភាសាកាយវិការ ការផ្លាស់ប្តូររបៀបលើកដាក់សំឡេង និងតម្រុយកាយវិការផ្សេងទៀត។ នៅពេលជួបប្រជុំជាមួយភ្ញៀវ ចំណុចទាំងអស់នេះជួយអ្នកឱ្យយល់បានច្រើនអំពីភ្ញៀវ។  

 

២/ មានផែនការជានិច្ច

ក្នុងពេលដែលមនុស្សពូកែនិយាយប៉ប៉ាច់ប៉ប៉ោចច្រើនតែបង្កើតផែនការតែក្នុងពេលទំនេរ មនុស្សមិនសូវនិយាយស្តីពូកែគិតនិងបង្កើតផែនការស្ទើរគ្រប់ពេល។ ការរៀបចំប្រុងប្រៀបបានល្អគ្រប់ជ្រុងជ្រោយបែបនេះជាកត្តានាំទៅរកដំណើរការលក់ដ៏ខ្លាំង។ ផែនការផ្តល់ទំនុកចិត្តនិងភាពជឿជាក់ក្នុងចំណោមអតិថិជន។ លោក Benjamin Franklin ធ្លាប់និយាយថាបើអ្នកបរាជ័យក្នុងការរៀបចំផែនការ មានន័យថាអ្នករៀបចំផែនការដើម្បីបរាជ័យ។

 

៣/ ស្តាប់យ៉ាងយកចិត្តទុកដាក់

ការលក់មិនមែនគ្រាន់តែជាប្រឹងនិយាយបញ្ចុះបញ្ចូលគេគ្រប់ពេលទេ។ ក្នុងនាមជាអ្នកលក់ អ្នកត្រូវយល់ចំណុចត្រូវការរបស់អ្នកអតិថិជន។ មនុស្សមិនសូវចូលចិត្តនិយាយភាគច្រើនពូកែស្តាប់គេយ៉ាងយកចិត្តទុកដាក់ និងអាចដឹងបានយ៉ាងច្បាស់អំពីតម្រូវការរបស់អ្នកដទៃ។ អ្នកអាចប្រើប្រាស់ចំណុចនេះដើម្បីស្គាល់អតិថិជននិងឆ្លើយតបបានចំគោលដៅ។ 

 

៤/ ផ្តល់តម្លៃដល់ទំនាក់ទំនងស៊ីជម្រៅ

មនុស្សមិនសូវពូកែនិយាយស្តីក៏មិនសូវមានមិត្តច្រើនដែរ ប៉ុន្តែមិត្តដែលគេមានគេផ្តល់តម្លៃយ៉ាងខ្លាំង។ នៅពេលអ្នកធ្វើការជាមួយអតិថិជន ទំនាក់ទំនងស្មោះត្រង់និងការផ្តល់តម្លៃពិតប្រាកដជាកត្តានាំទៅរកការជឿទុកចិត្តគ្នានិងជួយដល់ការសម្រេចចិត្តរបស់អតិថិជន។

 

៥/ ជាមនុស្សប្រាកដនិយម

មនុស្សពូកែនិយាយច្រើនមានទំនោរទៅតាមអារម្មណ៍នៅក្នុងដំណើការលក់ ដោយមិនសូវមានព័ត៌មានអំពីលទ្ធផលនៃអ្វីដែលគេប្រឹងនិយាយនោះទេ។ ទោះជាយ៉ាងណា មនុស្សមិនសូវចូលចិត្តនិយាយច្រើនផ្តោតការយកចិត្តទុកដាក់លើលទ្ធផលឬផលិតផលដែលគេផ្តល់ជូនអតិថិជន ហើយគេអាចដឹងចំណុចដែលត្រូវការតម្រូវបានល្អទៅតាមការចង់បានរបស់អ្នកអតិថិជន។

 

ប្រែសម្រួល៖ វេហា

 

មតិយោបល់