អភិវឌ្ឍចំណេះដឹង | April 08, 2021 | 89

ទម្លាប់ដែលសហគ្រិនស្រីជោគជ័យមានដូចគ្នា

ការបោះជំហានមុនគេក្នុងពាណិជ្ជកម្មនិងក្នុងជីវិតកម្រជារឿងចៃដន្យឬព្រេងសំណាងណាស់។ ជាទូទៅ ជោគជ័យបែបនេះតម្រូវឱ្យមានការប្រឹងប្រែង ការជម្នះ និងទម្លាប់ត្រឹមត្រូវមួយចំនួន។ លោកស្រី Amy Vetter ជាអនុប្រធានផ្នែកអប់រំនិងប្រធានផ្នែកគណនេយ្យនៅក្រុមហ៊ុនកម្មវិធីគណនេយ្យលើអ៊ីនថឺណិតឈ្មោះXero ចែករំលែកគំនិតមួយចំនួនដែលលោកស្រីជឿថាជាលក្ខណៈទូទៅរបស់សហគ្រិនស្រីដែលជោគជ័យ៖

 

 

១/ បង្កើតផ្លូវដើរដោយខ្លួនឯង

នៅពេលដែលលោកស្រី Amy Vetter ចាប់ផ្តើមអាជីពក្នុងក្រុមហ៊ុនគណនេយ្យនិងសវនកម្ម លោកស្រីបានផ្តល់សវាកម្មដែលជួយឱ្យពាណិជ្ជកម្មទាំងអស់រីកចម្រើនយ៉ាងខ្លាំង។ ក្នុងពេលជាមួយគ្នា លោកស្រីក៏បានចូលរួមក្នុងសន្និសីទនិងបង្រៀនជំនាញនៅតាមសកលវិទ្យាល័យ ដែលត្រួសត្រាយផ្លូវអាជីពមកដល់កម្រិតបច្ចុប្បន្ននេះ។ លោកស្រីបានរៀនបង្កើតផ្លូវដើរដោយខ្លួនឯង ពីយាយរបស់លោកស្រីដែលជាម្ចាស់ហាងលក់វត្ថុបុរាណ មុនពេលពេលដែលមនុស្សស្រីភាគច្រើនមានពាណិជ្ជកម្មដោយខ្លួនឯង។

 

២/ មិនខ្លាចបរាជ័យ

ចាប់តាំងពីអាយុ១២ឆ្នាំមក លោកស្រី Amy Vetter ហ៊ានជិះរថយន្តក្រុងតែម្នាក់ឯងទៅកន្លែងធ្វើការរបស់ម្តាយ។ ការសង្កេតឃើញម្តាយធ្វើការ ពេលខ្លះបរាជ័យប៉ុន្តែក៏រៀនពីកំហុសទាំងនោះវិញ លោកស្រីបានក្លាយទៅជាមនុស្សដែលហ៊ានប្រថុយច្រើន។ ដរាបណាអ្នករៀនពីបរាជ័យ និងធ្វើឱ្យបានកាន់តែប្រសើរឡើង អ្នកមានសមត្ថភាពបត់បែននិងកែតម្រូវទៅរកជោគជ័យឃើញមិនខាន។

 

៣/ មានមិត្តភក្តិដែលចាំគាំទ្រ

ទោះបីជាមនុស្សចាំណែនាំអំពីភាពជាអ្នកដឹកនាំឬជាមិត្តភក្តិនៅក្រៅកន្លែងធ្វើការដែលអ្នកអាចនិយាយរឿងគ្រប់យ៉ាងជាមួយបាន ក៏មនុស្សទាំងអស់នេះជាបណ្តាញគាំទ្រចាំបាច់សម្រាប់អ្នកដែរ។ អ្នកត្រូវកំណត់ឱ្យដឹងមនុស្សស្រីដែលមានកម្រិតខ្ពស់និងកម្រិតក្រោមអ្នកទាំងអស់ដែលអាចជួយអ្នកនៅក្នុងកាលៈទេសៈផ្សេងៗគ្នា។ 

 

៤/ ដើរឆ្លងកាត់ទ្វារដែលបើកចំហ

មានពេលច្រើនណាស់ដែលមនុស្សស្រីទទួលបានឱកាសដែលគេគិតថាគេមិនទាន់ត្រៀមលក្ខណៈរួចរាល់ ដូច្នេះគេសុខចិត្តបណ្តោយឱ្យអ្នកដទៃចាប់យកឱកាសនោះទៅវិញ។ បើអ្នកជាមនុស្សដែលត្រៀមខ្លួនដើម្បីអនាគតជោគជ័យធំ អ្នកត្រូវទាញយកប្រយោជន៍ពីឱកាសទាំងនោះនិងពង្រីកឱកាសទាំងនោះឱ្យកាន់តែធំថែមទៀត។ 

 

៥/ បង្កើតពេលទំនេរផ្ទាល់ខ្លួន

សម្រាប់លោកស្រី Amy Vetter ពេលវេលាបែបនេះគឺសម្រាប់សកម្មភាពផ្ទាល់ខ្លួនដែលមិនទាក់ទងនឹងការងារ ដូចជាការរត់ហាត់ប្រាណ ឬការហាត់យោគៈជាដើម ដែលអាចជួយរក្សាតុល្យភាពរវាងតម្រូវការពីការងារនិងគ្រួសារ។ នៅពេលអ្នកជួបបញ្ហាគ្រប់យ៉ាងដែលកើតឡើងរាល់ថ្ងៃ អ្នកមិនអាចដោះស្រាយអស់ទេ។ ប៉ុន្តែអ្នកអាចដកឃ្លា និងបង្កើតពេលវេលាផ្ទាល់ខ្លួនដើម្បីបញ្ចូលថាមពលជាថ្មី។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់