គំនិតអាជីវកម្ម | April 08, 2021 | 77

គន្លឹះដែលតារាល្បីឈ្មោះ Jessica Alba ប្រែក្លាយពាណិជ្ជកម្មបរាជ័យទៅជាជោគជ័យខ្លាំង

ក្រុមហ៊ុនThe Honest Companyរបស់តារាស្រីJessica Alba ជាគំរូជោគជ័យមួយសម្រាប់សហគ្រិនជើងថ្មី គឺទទួលបានចំណូលពីការលក់មិនក្រោម៣០០លានដុល្លារទេក្នុងមួយឆ្នាំៗ ក្នុងពេលដែលក្រុមហ៊ុនផ្សេងទៀតឈរជើងបានទាំងលំបាក។ ប៉ុន្តែក្រុមវិនិយោគិនបានព្រងើយកន្តើយនិងមិនចង់វិនិយោគជាមួយទេក្នុងពេលចាប់ផ្តើម។ 

 

 

កាលពីឆ្នាំ២០០៩ លោកស្រីAlba ជួបបញ្ហាមួយគឺលោកស្រីមិនអាចស្វែងរកផលិតផលកូនក្មេងដែលធានាចំពោះសុវត្ថិភាពនិងល្អសម្រាប់បរិស្ថាន។ ក្រោយពីកូនតូចរបស់លោកស្រីមានប្រតិកម្មនឹងផលិតផលដែលក្រុមហ៊ុនអះអាងថាមានសុវត្ថិភាព លោកស្រីក៏បង្កើតគំនិតមួយ គឺស្វែងរកដំណោះស្រាយដោយខ្លួនឯង។ 

 

ពេលលោកស្រីនិយាយអំពីគម្រោងនោះប្រាប់វិនិយោគិន ហើយគេមិនយកចិត្តទុកដាក់ទេ។ អារម្មណ៍ដែលមនុស្សដទៃមើលមិនឃើញសក្តានុពលពាណិជ្ជកម្មនេះធ្វើឱ្យលោកស្រីខកចិត្តយ៉ាងខ្លាំង ប៉ុន្តែលោកស្រីនៅតែមិនបោះបង់គំនិតនោះចោល។ ត្រឹមតែ៥ឆ្នាំក្រោយមក ក្រុមហ៊ុន The Honest Company បានរីកចម្រើនឈានដល់កម្រិតតម្លៃខ្ទង់ពាន់លានដុល្លារ។ តើមានអ្វីខ្លះប្រែប្រួលនៅក្នុងរយៈពេលប្រាំឆ្នាំនោះ? 

 

នៅក្នុងពិភពលោកមួយដែលសហគ្រិនភាគច្រើនបោះបង់គំនិតចោលក្រោយពេលជួបការបដិសេធមួយលើកឬពីរលើក លោកស្រីAlba បានចំណាយពេលទាំងនោះស្វែងរកការគាំទ្រទាំងក្នុងចំណោមមិត្តភក្តិនិងវិនិយោគិន និងឆ្លើយគ្រប់សំណួរដែលគេចង់ដឹង។ ក្នុងពេលជាមួយគ្នានោះដែរ វិនិយោគិនដែលបដិសេធគំនិតនោះក្នុងពេលដំបូងៗក៏ចាប់ផ្តើមមានកូនខ្លួនឯង ហើយមើលឃើញចន្លោះខ្វះខាតដូចគ្នាក្នុងទីផ្សារ។ 

 

បរាជ័យជាផ្នែកមួយនៃដំណើររបស់សហគ្រិនគ្រប់គ្នា។ នៅពេលអ្នកយកចិត្តទុកដាក់ពិតប្រាកដចំពោះគំនិតអ្វីមួយ អ្នកពិបាកនិយាយគ្នាជាមួយមនុស្សដែលមើលមិនឃើញសក្តានុពលនិងទស្សនវិស័យរបស់អ្នកណាស់។ ប៉ុន្តែមានគន្លឹះមួយចំនួនដែលអ្នកអាចរៀនបានពីលោកស្រីJessica Albaក្នុងជម្នះដាក់កាលដំបូងៗនេះ៖

 

១/ ស្វែងរកការរិះគន់ដែលគួរឱ្យស្រឡាញ់

លោកស្រីAlba ប្រមូលមិត្តភក្តិមកធ្វើជាក្រុមប្រឹក្សាដែលចាំផ្តល់យោបល់គ្រប់ដំណាក់កាល។ មនុស្សទាំងនោះមិនបានផ្តល់សង្ឃឹមក្លែងក្លាយឬចាំលួងលោកស្រីទេ ប៉ុន្តែគេហ៊ានសួរសំណួរត្រង់ៗដែលបង្ហាញគ្រប់ចំណុចខ្សោយទាំងអស់ដែលត្រូវកែតម្រូវ។ ការពឹងផ្អែកលើមិត្តដែលអាចទុកចិត្តបានបែបនេះជាការទទួលបានក្តីស្រឡាញ់ដ៏រឹងមាំ។ 

 

២/ ដឹងថាអតិថិជនរបស់អ្នកចង់បានអ្វី

នៅពេលដំបូងៗ មនុស្សគ្រប់គ្នាប្រាប់លោកស្រីAlba ថានាងគួរតែចាប់ផ្តើមពីផលិតផលតែមួយ បន្ទាប់មកចាំពង្រីកនៅពេលទទួលបានជោគជ័យ។ ប៉ុន្តែគំនិតនេះមិនដូចគ្នានឹងទស្សនវិស័យរបស់លោកស្រីAlba ដែលចង់បានផលិតផលសុវត្ថិភាពគ្រប់បែបយ៉ាងសម្រាប់កូនក្មេងទេ។ លោកស្រីដឹងថាម្តាយឪពុកចង់បានផលិតផលដែលមានសុវត្ថិភាពសម្រាប់កូនប្រើប្រាស់ ទីបំផុតលោកស្រីAlbaក៏ព្រងើយកន្តើយចំពោះដំបូន្មានធម្មតាៗទាំងនោះ ហើយដាក់ចេញផលិតផល១៧មុខក្នុងពេលតែមួយ។ 

 

៣/ ជឿជាក់លើគំនិតរបស់ខ្លួនឯង

លោកស្រីAlba ដឹងតាមបទពិសោធន៍ផ្ទាល់ខ្លួនថានោះជាគំនិតដែលមានតម្រូវការខ្លាំង។ ពិតជាមានចន្លោះខ្វះខាតមែននៅក្នុងទីផ្សារដេលលោកស្រីដឹងច្បាស់ ហើយលោកស្រីជឿជាក់លើសមត្ថភាពរបស់ខ្លួនឯងក្នុងការបំពេញតម្រូវការនេះ។ លោកស្រីគ្រាន់តែព្យាយាមពន្យល់ឱ្យវិនិយោគិនជឿតាមប៉ុណ្ណោះ។ ជំនឿលើខ្លួនឯងនោះបានជួយលោកស្រីឱ្យជម្នះបរាជ័យ និងរុញច្រានយោបល់អវិជ្ជមានចេញឆ្ងាយ។

 

ប្រែសម្រួល៖ វេហា

មតិយោបល់