អភិវឌ្ឍចំណេះដឹង | April 07, 2021 | 69

កំហុសដែលម្ចាស់ពាណិជ្ជកម្មនិងអ្នកគ្រប់គ្រងតែងតែបង្កើត

បញ្ហាប្រឈមធំបំផុតមួយសម្រាប់ម្ចាស់ពាណិជ្ជកម្មខ្នាតតូចបច្ចុប្បន្ននេះគឺការបង្កើតវប្បធម៌មួយដែលសមាជិកក្រុមការងារទាំងអស់អាចចូលរួមទទួលខុសត្រូវចំពោះលទ្ធផលនៃការងារ។ ប្រហែលអ្នកនិងក្រុមការងាររបស់អ្នកព្យាយាមអនុវត្តគម្រោងមួយដើម្បីឆ្លើយតបតម្រូវការទីផ្សារបច្ចុប្បន្ន។ បញ្ហាស្ថិតនៅត្រង់ថាតើអ្នកអាចប្រមូលផ្តុំនិងដឹកនាំមនុស្សគ្រប់គ្នាឱ្យប្តេជ្ញាចិត្តចូលរួមប្រែក្លាយគម្រោងនោះទៅជាការពិតបានដោយរបៀបណា? 

 

 

នៅក្នុងដំណើរការនេះ មានកំហុសច្រើនណាស់ដែលម្ចាស់ពាណិជ្ជកម្មបង្កើតឡើង ហើយក៏រាំងស្ទះគោលដៅ។ ក្នុងចំណោមកំហុសទាំងអស់នេះ មានកំហុសបីដែលលេចធ្លោនិងកើតឡើងជាញឹកញាប់៖

 

១/ មិនបញ្ចូលទំនួលខុសត្រូវផ្ទាល់ខ្លួនទៅក្នុងការងារ

ទំនួលខុសត្រូវពីបុគ្គលនិងសមាជិកម្នាក់ៗក្នុងក្រុមហ៊ុនត្រូវតែជាគុណតម្លៃស្នូល។ ក្រុមហ៊ុនខ្លះបណ្តោយឱ្យបុគ្គលិកមួយចំនួនតូចក្លែងបន្លំអតិថិជនដោយរំពឹងថាទទួលបានផលចំណេញឆាប់ ហើយសកម្មភាពស្មោះត្រង់របស់បុគ្គលិកភាគច្រើនផ្សេងទៀតនឹងអាចទូទាត់កំហុសឆ្គងបាន។ ម្ចាស់ពាណិជ្ជកម្មឬមេដឹកនាំព្រងើយកន្តើយមិនព្រមកែតម្រូវឥរិយាបថមិនល្អ ដោយរំពឹងចង់បានតុល្យភាព។ ប៉ុន្តែមធ្យោបាយប្រសើរក្នុងការបញ្ជៀសបញ្ហាទាំងនេះគឺត្រូវអនុវត្តគោលការណ៍ដែលហាមឃាត់សកម្មភាពនិងឥរិយាបថមិនស្មោះត្រង់ទាំងអស់ ទោះតូចតាចឬធំក៏ដោយ។ នៅពេលមនុស្សមានទំនួលខុសត្រូវចំពោះខ្លួនឯង និងចំពោះគ្នាទៅវិញទៅមក ទំនុកចិត្តនឹងកើនឡើង ហើយរនាំងទាំងអស់នឹងធ្លាក់ចុះ។

 

២/ មិនមានភាពច្បាស់លាស់ចំពោះគោលដៅក្រុមហ៊ុន

ម្ចាស់ពាណិជ្ជកម្មក្នុងទីនេះមិនបានបង្ហាញឱ្យច្បាស់ថាអ្វីជាគោលដៅរបស់ក្រុមហ៊ុនទេ។ មេដឹកនាំរបៀបនេះជឿថាបើគេគ្រាន់តែជំរុញបុគ្គលិកគ្រប់ពេល ដំណើររីកចម្រើននឹងកើតឡើង ហើយគេនឹងទៅដល់គោលដៅកាន់តែធំ។ ទោះជាយ៉ាងណា កត្តាកំណត់ព្រំដែនមួយគឺថា មេដឹកនាំនោះមិនបានផ្តល់ឧបករណ៍បន្ថែម ឬការណែនាំច្បាស់លាស់ដែលចាំបាច់ដើម្បីសម្រេចគោលដៅនោះទេ។ ជាលទ្ធផល ក្រុមការងារប្រឹងប្រែងមែន ប៉ុន្តែមិនយូរប៉ុន្មានគេនឹងអស់កម្លាំងចិត្ត ខ្វះទិសដៅ និងលែងមានសាមគ្គីភាព រួចក៏បោះបង់ចោល។ 

 

ទង្វើបែបនេះជាការបង្ហាញឱ្យឃើញច្បាស់ថាមេដឹកនាំមិនមានចម្លើយគ្រប់គ្រាន់ ហើយបុគ្គលិកនិងក្រុមការងារក៏គ្មានជំនឿចិត្តចង់ធ្វើការ ឬទទួលខុសត្រូវអ្វីដែរ។ 

 

៣/ កំណត់ព្រំដែនច្រើនពេករហូតដល់ក្រុមការងារធ្វើអ្វីលែងកើត

ចំណុចមួយនេះផ្ទុយគ្នាស្រឡះពីកំហុសទីពីរខាងលើ ប៉ុន្តែសុទ្ធតែនាំទៅរកអន្តរាយបានដូចគ្នា។ គន្លឹះនៅត្រង់នេះគឺត្រូវផ្តល់ទាំងសមត្ថភាព និងលទ្ធភាពដល់ក្រុមការងារក្នុងការច្នៃប្រឌិតរកមធ្យោបាយដើម្បីសម្រេចបានលទ្ធផលតាមការចង់បានរបស់អ្នក។ ផ្តល់ការគាំទ្រនិងការលើកទឹកចិត្ត ប៉ុន្តែមិនត្រូវគ្រប់គ្រងល្អិតល្អន់ស្ថានការណ៍ពេកទេ។ ផ្តល់ឱកាសខ្លះឱ្យក្រុមការងារបានបង្កើតកំហុស និងសេរីភាពដើម្បីពួកគេអាចរៀនបាន។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់