អចលនទ្រព្យ | April 07, 2021 | 70

ក្បួនសម្រាប់ចាប់ផ្តើមវិនិយោគក្នុងវិស័យអចលនទ្រព្យ

មានវិធីសាស្រ្តច្រើនណាស់ដើម្បីបង្កើត អភិវឌ្ឍ និងចាប់ផ្តើមពាណិជ្ជកម្មថ្មីក្នុងវិស័យអចលនទ្រព្យ។ បើទោះជាស្តាប់ទៅងាយស្រួល ប៉ុន្តែការបង្កើតពាណិជ្ជកម្មដែលមានផលចំណេញយូរអង្វែងនិងប្រកបដោយនិរន្តរភាពជាការលំបាក។ យោងតាមទិន្នន័យ ពាណិជ្ជកម្មថ្មីរហូតដល់៧០តែងតែដួលរលំទៅវិញដោយហេតុណាមួយ។ 

 

 

តើអ្នកអាចធ្វើអ្វីបានខ្លះដើម្បីធានាបានថាពាណិជ្ជកម្មក្នុងវិស័យអចលនទ្រព្យរបស់អ្នកមិនស្ថិតនៅក្នុងក្រុមដែលងាយដួលរលំទៅវិញ? បើអនុវត្តតាមក្បួនខាងក្រោមនេះបានត្រឹមត្រូវ ពាណិជ្ជកម្មរបស់អ្នកនឹងមាននិរន្តរភាពជាមិនខាន៖

 

១/ ចាប់ផ្តើមដោយមានគោលដៅច្បាស់លាស់

នៅពេលអ្នកចាប់ផ្តើមបង្កើតពាណិជ្ជកម្មក្នុងវិស័យអចលនទ្រព្យ ឬពាណិជ្ជកម្មថ្មីអ្វីក៏ដោយ គឺត្រូវដឹងច្បាស់ថាមានគោលដៅដូចម្តេចខ្លះ។ សួរខ្លួនឯងថាតើពាណិជ្ជកម្មក្នុងក្តីស្រមៃរបស់អ្នកនោះមានលក្ខណៈដូចម្តេចខ្លះ។ មនុស្សដែលជោគជ័យបំផុតតែងតែមានសុបិនធំ។ ស្រមៃគិតដល់អ្វីៗគ្រប់យ៉ាងដែលអ្នកចង់សម្រេចឱ្យបាន។ បើអ្នកមិនដឹងអំពីគោលដៅចុងក្រោយច្បាស់ទេ អ្នកមិនអាចបង្កើតផែនការលម្អិតដើម្បីសម្រេចគោលដៅទាំងនោះបានទេ។

 

ការយល់និងការស្រមៃគិតដល់លទ្ធផលដែលអ្នកចង់បាននឹងជួយអ្នកឱ្យបង្កើតផែនទីចង្អុលផ្លូវទៅរកជោគជ័យ។ អ្នកនឹងអាចបង្កើតផែនការមួយដោយចាប់ផ្តើមពីចំណុចខាងចុងបញ្ច្រាសមកវិញ រួចហើយកំណត់ដំណាក់កាលសំខាន់ៗដើម្បីងាយស្រួលតាមដានដំណើររីកចម្រើនរបស់អ្នក។ 

 

២/ ស្គាល់តួលេខរបស់អ្នកឱ្យបានច្បាស់

តួលេខរបស់អ្នកអាចធ្វើឱ្យពាណិជ្ជកម្មរបស់អ្នករីកចម្រើនហើយក៏អាចធ្វើឱ្យដួលរលំបានដែរ។ វិនិយោគិនអចលនទ្រព្យជើងចាស់ទាំងអស់ស្គាល់សារៈសំខាន់នៃផលចំណេញពីការវិនិយោគរបស់គេ។ ប៉ុន្តែវិនិយោគិនជើងថ្មីច្រើនតែព្រងើយកន្តើយចំពោះបញ្ហានេះ។ អ្នកត្រូវតែតាមដានគ្រប់ចំណាយលើប្រតិបត្តិការ និងរបាយការណ៍ចំណេញខាតទាំងអស់។ បើអ្នកមិនសូវពូកែខាងគណនាទេ អ្នកត្រូវស្វែងរកមនុស្សម្នាក់ចាំធ្វើរបាយការណ៍រឿងទាំងអស់នេះនិងពន្យល់ប្រាប់អ្នករាល់សប្តាហ៍។ បើអ្នកមិនមានខ្នាតអ្វីវាស់ស្ទង់តួលេខទាំងអស់នេះទេ អ្នកមិនអាចកែតម្រូវអ្វីៗដែលចាំបាច់បានទេ។

 

៣/ ពង្រីក ពង្រីក ពង្រីក

បើអ្នកមិនពង្រីកពាណិជ្ជកម្មរបស់អ្នកទេ វានឹងមិនអាចឈានទៅដល់សក្តានុពលពេញលេញទេ។ សាកគិតក្នុងរបៀបនេះថា អ្នកកំពុងតែដើរសំដៅទៅរកទិសដៅមួយ ប៉ុន្តែអ្នកក៏ឈប់ដើរមុនពេលទៅដល់។ បើអ្នកមើលនាឡិកា អ្នកនឹងឃើញថាពេលវេលាមិនឈប់សម្រាកទេ។ រឿងពាណិជ្ជកម្មក៏ដូចគ្នាដែរ។ បើអ្នកចង់សម្រេចបានភាពអស្ចារ្យ គោលដៅរបស់អ្នកត្រូវតែរីកធំទៅតាមការសម្រេចចិត្តទាំងអស់របស់អ្នក។ ការធ្វើទីផ្សារជាកត្តាចាំបាច់ក្នុងការពង្រីកក្រុមហ៊ុនអចលនទ្រព្យ។ អ្នកត្រូវតែរៀបចំយុទ្ធនាការធ្វើទីផ្សារឱ្យបានល្អដើម្បីបង្កើតពាណិជ្ជកម្មមួយដែលមាននិរន្តរភាព។ 

 

តាមរយៈការអនុវត្តតាមក្បួនទាំងបីនេះ អ្នកនឹងដឹងជានិច្ចថាកំពុងតែធ្វើដំណើរទៅណា អ្នកនឹងហ៊ានសុបិនធំ ហើយអ្នកនឹងមិនឈប់រីកធំនិងកាន់តែប្រសើរនោះទេ។ 

 

ប្រែសម្រួល៖ វេហា

 

មតិយោបល់