អភិវឌ្ឍចំណេះដឹង | April 07, 2021 | 66

ជំនាញចាំបាច់ដែលជួយឱ្យក្លាយជាមេដឹកនាំពាណិជ្ជកម្មខ្លាំងពូកែ

អ្នកមិនចាំបាច់ត្រូវតែស្ពាយទេពកោសល្យឬជំនាញពីកំណើតមកដើម្បីក្លាយជាមេដឹកនាំពាណិជ្ជកម្មខ្លាំងពូកែក្នុងសម័យបច្ចុប្បន្ននេះទេ ពីព្រោះថាអ្នកអាចរៀនជំនាញទាំងអស់នេះបានគ្រប់ពេល។ នៅក្នុងស្ថានភាពលំបាកដែលបណ្តាលមកពីវិបត្តិកូវីដ១៩នេះ គេពិបាករកបានមេដឹកនាំដែលមានសមត្ថភាពពិតប្រាកដណាស់។ ប៉ុន្តែនេះក៏ជាពេលល្អដែរសម្រាប់សហគ្រិនដែលមានមហិច្ឆតាធំចង់បង្ហាញភាពលេចធ្លោក្នុងការបង្កើតគំនិតច្នៃប្រឌិតដើម្បីដោះស្រាយបញ្ហាស្មុគស្មាញដែលកំពុងតែកើតឡើងរាល់ថ្ងៃ។ 

 

 

សហគ្រិនដែលមានសមត្ថភាពខ្លាំងពូកែក្នុងការដឹកនាំពាណិជ្ជកម្មនិងឆ្លើយតបបញ្ហាគ្រប់យ៉ាងរបស់អតិថិជនបាន ត្រូវមានជំនាញចាំបាច់ដូចខាងក្រោមនេះ៖

 

១/ ផ្តោតលើការផ្លាស់ប្តូរនិងការរៀន

មនុស្សភាគច្រើនគិតថាគេមានជំនាញឬចម្លើយទាំងអស់ទាក់ទងនឹងភាពជាអ្នកដឹកនាំ។ យើងកំពុងតែរស់នៅក្នុងពិភពលោកមួយដែលផ្លាស់ប្តូរជានិច្ច ហើយរបៀបដែលអាចដោះស្រាយបញ្ហាបានកាលពីមុនប្រហែលលែងអាចប្រើប្រាស់បានទៀតហើយ។ មេរៀនសំខាន់បំផុតដែលអ្នកត្រូវតែយកចិត្តទុកដាក់គ្រប់ពេលទាំងនៅក្នុងសាលានិងនៅក្រៅសាលាគឺរៀនរបៀបរៀន។ 

 

មេដឹកនាំសហគ្រិនជោគជ័យដូចលោកBill Gates និងលោកElon Musk ជាដើម ជាមនុស្សដែលបានលូកជ្រៅទៅក្នុងពិភពបច្ចេកវិទ្យា និងអានសៀវភៅថ្មីៗរាល់សប្តាហ៍ដើម្បីពង្រីកចិត្ត បើទោះជាមានចំណេះដឹងខ្ពស់លើសមនុស្សជុំវិញខ្លួនហើយក៏ដោយ។

 

២/ យកចិត្តទុកដាក់ចំពោះពិភពលោក

ការស្តាប់ដោយយកចិត្តទុកដាក់ពិតប្រាកដជាជំនាញមួយក្នុងភាពជាអ្នកដឹកនាំដែលមានតម្លៃជាងជំនាញវោហារសាស្រ្តទៅទៀត។ បើមិនចេះស្តាប់ទេ អ្នកមិនអាចរៀនឬដឹងអ្វីពីក្រុមការងារនិងមនុស្សជុំវិញខ្លួនទេ ហើយតាមរយៈការនិយាយច្រើនពេក អ្នកនឹងបិទច្រកវិភាគទានវិជ្ជមានទាំងអស់ និងមើលលែងឃើញគំនិតច្នៃប្រឌិត។ គន្លឹះដើម្បីក្លាយជាមនុស្សពូកែស្តាប់និងសង្កេតគឺត្រូវធ្វើយ៉ាងណាឱ្យអ្នកដទៃដឹងថាអ្នកកំពុងតែស្តាប់គេពិតប្រាកដ ដោយបង្ហាញទឹកមុខនិងកាយវិការទទួលដឹង និងមិននិយាយកាត់ ឬព្យាយាមរកចម្លើយដើម្បីតបវិញភ្លាមៗ។  

 

៣/ ប្រាប់ទិសដៅ ប៉ុន្តែមិនបាច់ប្រាប់របៀប

នៅក្នុងពាណិជ្ជកម្ម របៀបនេះគេហៅថាទំនាក់ទំនង ជាជាងចេញបញ្ជា។ ជំនាញមួយនេះមិនពិបាករៀនទេ ប៉ុន្តែវាតម្រូវឱ្យអ្នកហ្វឹកហាត់ និងមានវិន័យច្បាស់លាស់ដើម្បីធ្វើឱ្យមានប្រសិទ្ធភាព។ ចំណុចចាប់ផ្តើមគឺធ្វើយ៉ាងណាឱ្យមនុស្សយល់ទស្សនវិស័យនិងគុណតម្លៃរបស់អ្នក មើលឃើញតាមរយៈសកម្មភាពរបស់អ្នកដែលប្តេជ្ញាចំពោះទិសដៅដូចគ្នា និងការស្នើសុំត្រង់ៗឱ្យគេជួយអ្នកសម្រេចទិសដៅនោះ។ ការបញ្ជាមិនអាចបង្កើតជំនឿចិត្តឬការប្តេជ្ញាចិត្តបានទេ ហើយបានត្រឹមតែបង្កើតអារម្មណ៍រុញច្រានត្រឡប់វិញប៉ុណ្ណោះ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់