អចលនទ្រព្យ | April 06, 2021 | 83

កន្លែងដែលល្អបំផុតសម្រាប់វិនិយោគអចលនទ្រព្យនៅក្នុងតំបន់អាស៊ី

សព្វថ្ងៃនេះគេដឹងជាទូទៅហើយថាទ្វីបអាស៊ីមានមនុស្សរស់នៅច្រើនជាងគេបំផុតនៅក្នុងពិភពលោកនេះ។ ហើយគេក៏ដឹងទៀតដែរថាទ្វីបមួយនេះមានជាតិសាសន៍ចម្រុះរស់នៅជាមួយគ្នា។ ដោយសារភូមិសាស្រ្តដែលមានឆ្នេរសមុទ្រវែងបំផុត ទ្វីបមួយនេះក៏មានធាតុអាកាសផ្លាស់ប្តូរច្រើន និងមានរុក្ខជាតិព្រមទាំងសត្វជាច្រើនប្រភេទ ហើយមនុស្សរស់នៅទ្វីបមានមានរបៀបជាច្រើនដើម្បីសម្របសម្រួលទៅតាមបរិស្ថាន។ 

 

 

បើនិយាយអំពីឱកាសវិនិយោគក្នុងវិស័យអចលនទ្រព្យវិញ ទ្វីបមួយនេះក៏ផ្តល់ជម្រើសល្អជាច្រើនដែរ៖

 

សិង្ហបុរី

សិង្ហបុរីជាប្រទេសរិកចម្រើនមួយនិងមានវិន័យល្អបំផុតនៅក្នុងទ្វីបអាស៊ី។ ជីវភាពរស់នៅក្នុងប្រទេសនេះអាចចាត់ទុកបានថាមានលំដាបពិភពលោក ហើយឧស្សាហកម្មទេសចរណ៍ក៏រឹងមាំបំផុតដែរ។ បើទោះជាមានផ្ទៃតូច ក៏ប្រទេសនេះបង្កើតបានទីផ្សារចាស់ទុំដែលអាចបញ្ជៀសបញ្ហាហិរញ្ញវត្ថុផ្សេងៗបានយ៉ាងប្រសើរ ហើយរដ្ឋាភិបាលសិង្ហបុរីដែលមានស្ថិរភាពក៏ទទួលបានការជឿទុកចិត្តពីវិនិយោគិនដែរ។

 

ក្រុងសៀងហៃ ប្រទេសចិន

ក្រុងសៀងហៃផ្តល់ទីផ្សារអចលនទ្រព្យទំបំផុតរបស់ប្រទេសចិន ហើយតម្រូវការក៏បានកើនឡើងជាប្រចាំដែរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ភាគច្រើននៃការរីកចម្រើនក្នុងទីផ្សារអចលនទ្រព្យមានការចូលរួមពីវិនិយោគិនបរទេសពីជុំវិញពិភពលោក។ រៀងរាល់ឆ្នាំ វិនិយោគិនក្នុងប្រទេសចិនទទួលបានការព្រមានអំពីតម្លៃផ្ទះនៅក្នុងក្រុងសៀងហៃដែលឡើងហួសពីការគ្រប់គ្រង។ 

 

ក្រុងហូជីមិញ ប្រទេសវៀតណាម

វៀតណាមទទួលបានចំណាត់ថ្នាក់ពីក្រុមហ៊ុននាំចេញដែលស្វែងរកពលកម្មតម្លៃថោកថាជាប្រទេសចិនទីពីរ។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតម្លៃពលកម្មក្នុងប្រទេសចិនបានឡើងខ្ពស់គួរឱ្យកត់សម្គាល់បើប្រៀបធៀបជាមួយនឹងប្រទេសវៀតណាម។ កត្តាមួយនេះធ្វើឱ្យវៀតណាមលេចធ្លោកនិងទាក់ទាញវិនិយោគិនកាន់តែខ្លាំង។ ជាលទ្ធផល គេឃើញការវិនិយោគដោយផ្ទាល់ពីបរទេសកើនឡើងយ៉ាងខ្លាំង ហើយក៏មានការវិនិយោគច្រើនលើហេដ្ឋារចនាសម្ព័ន្ធ និងកន្លែងស្នាក់នៅសម្រាប់ចំនួនប្រជាជនដែលកើនឡើងដែរ។ 

 

ក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

បើទោះជាទីផ្សារផ្ទះសម្បែងក្នុងប្រទេសម៉ាឡេស៊ីនៅមិនទាន់ត្រឡប់ទៅរកភាពរឹងមាំវិញបាន ក៏ក្រុមអ្នកជំនាញមួយចំនួនរំពឹងថានឹងកាន់តែប្រសើរឡើងតាមរយៈសេដ្ឋកិច្ចល្អ ស្ថានភាពនយោបាយដែលមានស្ថិរភាពនិងគោលនយោបាយសេរីដែរ។ ទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ីក៏នឹងបន្តទាក់ទាញអ្នកទិញបរទេសដោយសារកត្តាជាច្រើនផ្សេងទៀតដែរដូចជាតម្លៃសមរម្យនិងការមិនមានពន្ធបន្ថែមស្មុគស្មាញ។  

 

ក្រុងបាងកក ប្រទេសថៃ

បាងកកជាក្រុងមួយដែលមានមនុស្សទៅលេងច្រើនជាងគេបំផុតនៅមុនពេលមានវិបត្តិនយោបាយ គឺមានទេសចរបរទេសប្រហែល៣៥លាននាក់ទៅកម្សាន្តរាល់ឆ្នាំ។ ប្រហែលគ្មានអ្វីចៃដន្យទេដែលមានភ្ញៀវចិនជាច្រើនទៅស្របពេលដែលតម្លៃខុនដូឡើងខ្ពស់ហើយចំនួនទិញលក់ក៏កើនឡើងខ្លាំងដែរនៅក្នុងក្រុងបាងកក។ ក្រុងមួយនេះបានក្លាយជាទិសដៅទាក់ទាញបំផុតសម្រាប់ក្រុមអ្នកទិញអចលនទ្រព្យពីបរទេស។ ហេតុដូច្នេះហើយ ទីផ្សារអចលនទ្រព្យរបស់ក្រុងបាងកកប្រហែលជាជម្រើសល្អបំផុតនៅក្នុងតំបន់អាស៊ាន។  

 

ប្រែសម្រួល៖ វេហា

មតិយោបល់