អភិវឌ្ឍចំណេះដឹង | April 06, 2021 | 86

សហស្ថាបនិកក្រុមហ៊ុនApple បង្កើតក្រុមហ៊ុនថ្មីមួយទៀត

លោកSteve Wozniak បង្កើតក្រុមហ៊ុនថ្មីមួយទៀតក្រោយពីបង្កើតក្រុមហ៊ុនApple ជាមួយលោកSteve Jobs កាលពី៤៥ឆ្នាំមុន។

 

 

ពេលនេះ មិនដូចកាលពីបង្កើតក្រុមហ៊ុនApple នៅក្នុងកន្លែងដាក់រថយន្តរបស់ម្តាយឪពុកទេ ប៉ុន្តែលោក Steve Wozniak បង្កើតពាណិជ្ជកម្មបច្ចេកវិទ្យាបៃតងនិងលំហហិរញ្ញវត្ថុសម័យទំនើប ដែលហៅថាEfforce។ Efforce ជាទីផ្សារមួយសម្រាប់ក្រុមហ៊ុនធំៗនិងម្ចាស់ឧស្សាហកម្មដើម្បីទទួលបានដើមទុនទាក់ទងនឹងគម្រោងបៃតង។ បើតាមការប្រកាសរបស់ក្រុមហ៊ុនថ្មីនេះ វិនិយោគិនអាចចូលរួមក្នុងគម្រោងថាមពលប្រកបដោយប្រសិទ្ធភាពបានតាមរយៈការទិញដើម្បីសង្គ្រោះអនាគត។ 

 

បើតាមលោកWozniak ការប្រើប្រាស់ថាមពលនិងការបញ្ចេញឧស្ម័នCO2 នៅទូទាំងពិភពលោកបានកើនឡើងយ៉ាងខ្លាំង និងនាំទៅរកការផ្លាស់ប្តូរអាកាសធាតុ និងបញ្ហាធ្ងន់ធ្ងរចំពោះបរិស្ថាន។ យើងអាចធ្វើឱ្យបញ្ហានេះធូរស្រាលបាន និងកាត់បន្ថយការប្រើប្រាស់ថាមពលដោយមិនបាច់ផ្លាស់ប្តូររបៀបរបបរស់នៅ។ យើងអាចសង្គ្រោះបរិស្ថានបានតាមរយៈការធ្វើឱ្យថាមពលកាន់តែប្រសើរឡើង។ 

 

លោកWozniak បង្កើតក្រុមហ៊ុនថ្មីនេះ ដើម្បីធ្វើជាវេទិកាវិសហមជ្ឈការទីមួយដែលអនុញ្ញាតឱ្យមនុស្សគ្រប់គ្នាចូលរួមនិងទទួលបានផលចំណេញជាហិរញ្ញវត្ថុពីគម្រោងថាមពលប្រកបដោយប្រសិទ្ធភាពនៅជុំវិញពិភពលោក និងបង្កើតការផ្លាស់ប្តូរបរិស្ថានឱ្យកាន់តែមានអត្ថន័យ។

 

លោកJacopo Visetti សហស្ថាបនិកក្រុមហ៊ុន Efforce និងជាប្រធានគម្រោង ពន្យល់ថា នៅក្នុងពេលដ៏លំបាកនេះ ក្រុមហ៊ុនតូចៗជាច្រើនកំពុងតែត្រដរឈរជើង។ គេមិនអាចផ្លាស់ប្តូរទៅប្រើប្រាស់សម្ភារៈដែលប្រើប្រាស់ថាមពលកម្រិតទាប និងការផ្លាស់ប្តូរផ្សេងទៀតដែលនាំទៅរកការសន្សំសំចៃថាមពលក្នុងរយៈពេលយូរអង្វែងទេ។ ប៉ុន្តែក្រុមហ៊ុនEfforce ជួយឱ្យម្ចាស់ពាណិជ្ជកម្មចុះឈ្មោះលើគេហទំព័រដើម្បីកែប្រែនិងទទួលបានដើមទុនពីវិនិយោគិនទាំងអស់នៅជុំវិញពិភពលោក។ ពេលនោះក្រុមហ៊ុននឹងមានដើមទុនគ្រប់គ្រាន់ដើម្បីប្រើប្រាស់សម្រាប់គម្រោងនេះនិងកែប្រែរចនាសម្ព័ន្ធចាំបាច់ផ្សេងទៀត។ 

 

ប្រែសម្រួល៖ វេហា

 

មតិយោបល់