អភិវឌ្ឍចំណេះដឹង | April 05, 2021 | 163

បង្កើតទម្លាប់ពេលយប់ដើម្បីធ្វើឱ្យជីវិតកាន់តែជោគជ័យ

បើអ្នកសួរមនុស្សជោគជ័យថាគេធ្វើរបៀបណាទើបថ្ងៃនីមួយៗរបស់គេមានផលិតភាពខ្ពស់ គេនឹងប្រាប់អ្នកថាអ្វីៗទាំងអស់ចាប់ផ្តើមឡើងតាំងពីយប់មកម៉្លេះ។ តើអ្នកចូលគេរាល់យប់ដោយរបៀបណាទើបត្រៀមលក្ខណៈគ្រប់គ្រាន់ដើម្បីថ្ងៃបន្ទាប់? ការទទួលបានដំណេកស្កប់ស្កល់មិនមែនជារឿងងាយស្រួលទេសម្រាប់សហគ្រិន។ ហេតុដូច្នេះហើយបានជាទម្លាប់ល្អៗមួយចំនួននៅពេលយប់ជារឿងចាំបាច់។ ទម្លាប់ទាំងអស់នេះអាចជួយអ្នកឱ្យទទួលបានថាមពលពេញលេញនិងត្រៀមខ្លួនបានល្អដើម្បីចាប់ផ្តើមថ្ងៃថ្មីដែលពោរពេញដោយផលិតភាព។ 

 

 

១/ ឆាប់ទទួលទានអាហារពេលល្ងាច

ការទទួលទានអាហារពេលល្ងាចយឺតពេលពេកអាចធ្វើឱ្យចង្វាក់បេះដូងរបស់អ្នកលោតញាប់និងធ្វើឱ្យពិបាកគេងឆាប់លក់។ ដូច្នេះអ្នកមិនគួររៀបចំទទួលទានអាហារពេលល្ងាចក្រោយម៉ោង៧យប់ទេ។ បើអ្នកទទួលទានអាហារណាដែលមានជាតិកាហ្វេអ៊ីនដូចជាបង្អែមសូកូឡា ឬទឹកតែទៀតនោះ រាងកាយរបស់អ្នកក៏កាន់តែត្រូវការពេលច្រើនថែមទៀតដើម្បីដំណើរការមុនពេលគេងលក់។ ពេលវេលាទទួលទាននិងអាហារពេលល្ងាចពិតជាមានឥទ្ធិពលខ្លាំងណាស់លើកម្រិតថាមពល ការផ្តោតចិត្ត និងផលិតភាពការងារទាំងអស់របស់អ្នក។

 

២/ ពិនិត្យមើលបញ្ជីការងារត្រូវធ្វើថ្ងៃស្អែក

អ្នកនឹងមិនភ្ញាក់ផ្អើលចំពោះប្រជុំកាលកំណត់ការងារណាមួយទេ បើអ្នកពិនិត្យមើលបញ្ជីការងារត្រូវធ្វើនៅរៀងរាល់យប់មុនពេលចូលគេង។ ប្រហែលអ្នកគិតថាលំហាត់មួយនេះធ្វើឱ្យអ្នកមានអារម្មណ៍មិនស្ងប់ ប៉ុន្តែការពិតវាជួយកាត់បន្ថយអារម្មណ៍មិនច្បាស់លាស់ទៅវិញទេ។ អ្នកនឹងរៀបចំ ហើយប្រុងប្រៀបខ្លួនជាស្រេចដើម្បីចាប់ផ្តើមថ្ងៃថ្មីនៅពេលក្រោកពីដំណេក។ ទម្លាប់មួយនេះក៏ជួយឱ្យខួរក្បាលរបស់អ្នកមានពេលច្រើនដើម្បីដោះស្រាយបញ្ហាដែរ។ ប្រហែលពេលខ្លះអ្នកនឹងគិតឃើញដំណោះស្រាយភ្លាមក្រោយពេកក្រោកពីដំណេក។ 

 

៣/ ទុកទូរសព្ទនៅឆ្ងាយពីខ្លួន

ការមើលបណ្តាញសង្គមមុនពេលចូលគេងមិនត្រឹមតែនាំឱ្យខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍ប៉ុណ្ណោះទេ ប៉ុន្តែទម្លាប់នេះក៏ធ្វើឱ្យអ្នកពិបាកគេងលក់ដោយមិនដឹងខ្លួនដែរ។ ពន្លឺចាំងពីទូរសព្ទរបស់អ្នកធ្វើឱ្យខួរក្បាលរបស់អ្នកច្រឡំពេលថាមិនទាន់យប់ទេ ហើយក៏មិនទាន់ដល់ពេលត្រូវសម្រាកដែរ។ អ្នកត្រូវរៀបចំកំណត់ពេលឆ្លើយឆ្លងទូរសព្ទ និងបណ្តាញសង្គមទាំងអស់ឱ្យបានឆាប់មុនពេលចូលគេង ហើយត្រូវកំណត់ពេលច្បាស់លាស់ដើម្បីទុកទូរសព្ទនៅឱ្យឆ្ងាយពីខ្លួន។ ពេលធ្វើការក៏ដោយ ក៏អ្នកត្រូវកំណត់ពេលដែលត្រូវមើលអ៊ីម៉ែល និងពេលត្រូវហៅទូរសព្ទដែរ គឺដើម្បីបញ្ជៀសការរំខានដល់ការផ្តោតចិត្តលើការងារនីមួយៗរបស់អ្នក។ 

 

៤/ កុំផឹកសារធាតុស្រវឹងមុនពេលចូលគេង

ការផឹកស្រាមុនពេលចូលគេងមិនបានជួយឱ្យអ្នកគេងលក់ស្រួលទេ វាបានត្រឹមតែធ្វើឱ្យអ្នកឈឺក្បាលនិងវិលមុខប៉ុណ្ណោះ។ តាមពិតសារធាតុស្រវឹងកាត់បន្ថយឱកាសនៃការឆាប់ទទួលបានដំណេកក្នុងដំណាក់កាលដំបូងៗ និងនាំទៅរកបញ្ហាសុខភាពជាច្រើនទៀត។ បើពិបាកជៀសផុតពេក អ្នកគួរទុកសម្រាបតែឱកាសពិសេសៗយូរៗម្តងប៉ុណ្ណោះដោយដឹងថាសារធាតុស្រវឹងគ្មានបានជួយអ្វីជាប្រយោជន៍ដល់សុខភាពរបស់អ្នកទេ។ 

 

៥/ កាត់បន្ថយល្បឿននិងទម្ងន់ការងារ

មុនពេលចូលគេង អ្នកត្រូវចាប់ផ្តើមកាត់បន្ថយដំណើរការនិងសកម្មភាពបន្តិចម្តងៗដើម្បីជួយរាងកាយឱ្យដឹងថាដល់ពេលត្រូវសម្រាក។ សកម្មភាពជួយប្រាប់រាងកាយនេះមានដូចជាការងូតទឹកក្តៅឧណ្ហៗ ការអានសៀវភៅកម្សាន្ត ការពត់ខ្លួនប្រាណ ឬការអង្គុយធ្វើសមាធិ។ សកម្មភាពទាំងអស់នេះជួយឱ្យចិត្តរបស់អ្នកជ្រះស្រឡះ និងត្រៀមខ្លួនបានល្អដើម្បីគេងលក់ស្កប់ស្កល់។ ពន្លឺទៀន និងអំពូលអគ្គិសនីដែលមានពណ៌ស្រាលស្រទន់ក៏ជួយឱ្យអ្នកសម្រាកបានល្អមុនពេលគេងដែរ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់