អភិវឌ្ឍចំណេះដឹង | April 05, 2021 | 148

គន្លឹះជួយឱ្យអ្នកស្វែងរកជោគជ័យឆាប់ឃើញក្នុងជីវិត

តើជាទូទៅមនុស្សចង់បានអ្វីនៅពេលគេនិយាយអំពីរឿងជោគជ័យ? មនុស្សខ្លះចង់បានផ្ទះធំនៅដាច់តែឯង មនុស្សខ្លះចង់បានរថយន្តទំនើប ហើយអ្នកខ្លះទៀតចង់បានទំនាក់ទំនងល្អជាមួយគ្រួសារនិងមនុស្សដែលគេស្រឡាញ់។ សរុបមកមនុស្សយើងចង់បានអ្វីៗគ្រប់យ៉ាងដោយមិនដឹងមូលហេតុពិតប្រាកដ។ ជាលទ្ធផល យើងព្រងើយកន្តើយនឹងរឿងអវិជ្ជមានដែលត្រូវកើតឡើងដើម្បីវាស់ស្ទង់កម្រិតចង់បានរបស់យើង។ ពេលខ្លះទៀត មនុស្សយើងក៏ភ្លេចថាជីវិតនេះមានគ្រប់រសជាតិទាំងសុខនិងទុក្ខនៅជាមួយគ្នា ហើយមនុស្សដែលមានជោគជ័យច្រើនក្នុងជីវិតក៏ជៀសមិនផុតពីបញ្ហានិងបរាជ័យខ្លះដែរ។ 

 

 

ខាងក្រោមនេះជាគន្លឹះទៅរកជោគជ័យដែលជួយអ្នកឱ្យរក្សាបានតុល្យភាពជីវិត៖

 

១/ ជីករណ្តៅចាក់គ្រឹះមុននឹងចាប់ផ្តើមសាងសង់

អ្នកសាងសង់អគារខ្ពស់ស្កឹមស្កៃមិនចាប់ផ្តើមសាងសង់ភ្លាមដោយមិនបានជីកដីបុកគ្រឹះជាមុននោះទេ។ អ្នកក៏មិនមិនអាចបង្កើតមូលដ្ឋានសម្រាប់ជីវិតជោគជ័យដោយមិនបានយល់ពីប្រភពនិងកត្តាជំរុញចិត្តខ្លួនឯងនោះទេ។ អ្នកត្រូវតែជីកឱ្យជ្រៅដើម្បីយល់ស្នូលនៃការពិតពីក្រោយការចង់បានទាំងអស់របស់អ្នកនិងកត្តាអ្វីខ្លះដើមជំរុញចិត្តអ្នកជានិច្ច ព្រមទាំងអ្វីខ្លះដែលអ្នកយកចិត្តទុកដាក់ពិតប្រាកដមុននឹងចាប់ផ្តើមកសាងខ្លួនលើផ្លូវជោគជ័យ។ អាជីពដែលបង្កើតឡើងលើគ្រឹះមិនរឹងមាំនឹងមិនអាចស្ថិតស្ថិរយូរអង្វែងបានទេ។

 

២/ បង្កើតបណ្តាញទំនាក់ទំនងរឹងមាំ

សាកគិតបន្តិចទៅមើលថាដំណើរឆ្ពោះទៅរកជោគជ័យនឹងមានភាពលំបាកយ៉ាងណាខ្លះបើគ្មានបណ្តាញទំនាក់ទំនងរឹងមាំទេ។ បើគ្មានសន្តិសុខនិងមូលដ្ឋានរឹងមាំ អ្នកនឹងមិនអាចជម្នះព្យុះភ្លៀងដែលតែងតែកើតឡើងដោយជៀសមិនផុតនោះទេ។ ដើម្បីទទួលបានជោគជ័យពិតប្រាកដ អ្នកត្រូវតែត្រៀមចិត្តចែករំលែកទាំងជោគជ័យនិងបរាជ័យជាមួយមនុស្សដទៃ។ អ្នកត្រូវបង្កើតបណ្តាញទំនាក់ទំនងរឹងមាំ និងប្រព័ន្ធបរិស្ថានដែលគាំទ្រអ្នកទាំងពេលជោគជ័យនិងពេលបរាជ័យ។ 

 

៣/ ពង្រឹងចិត្តដែលនៅមិនស្ងៀមរបស់អ្នក

អ្នកត្រូវមានទំនួលខុសត្រូវចំពោះទម្លាប់ដែលអ្នកជ្រើសរើសដើម្បីពង្រឹងខ្លួនឯង។ ខួរក្បាលរបស់អ្នកមានតួនាទីនិងចំណែកជាច្រើនគឺផ្នែកខ្លះទទួលខុសត្រូវខាងអភិវឌ្ឍទម្លាប់ និងផ្នែកខ្លះទៀតទទួលខុសត្រូវខាងសម្រេចចិត្តលំបាកៗ។ ជាទូទៅមនុស្សភាគច្រើនមិនសូវបានអភិវឌ្ឍខួរក្បាលផ្នែកបង្កើតទម្លាប់ទេ ដែលជាផ្នែកមូលដ្ឋានបំផុតរបស់ខួរក្បាល។ អ្នកត្រូវតែពង្រឹងផ្នែកនេះដែលគ្រប់គ្រងចិត្តនៅមិនស្ងៀមរបស់អ្នកតាមរយៈការបង្កើតទម្លាប់រឹងមាំដើម្បីបង្រៀនចិត្តរបស់អ្នកឱ្យផ្តោតលើរឿងដែលត្រឹមត្រូវនៅក្នុងពេលដែលត្រឹមត្រូវ។ 

 

៤/ កំណត់គោលដៅឱ្យធំជាងសមត្ថភាព

ពាក្យចាស់តែងនិយាយថាបាញ់តម្រង់ទៅរកព្រះចន្ទ បើមិនត្រូវទេក៏គង់ចំផ្កាយខ្លះដែរ។ បើអ្នកតម្រង់ទៅរកគោលដៅធំ អ្នកនឹងអាចសម្រេចបានជោគជ័យក្នុងកម្រិតខ្លះទោះជាមិនបានទៅដល់គោលដៅធំពិតប្រាកដនោះក៏ដោយ។ នៅពេលលោកប្រធានាធិបតី John F Kennedy ប្រកាសផែនការបញ្ជូនមនុស្សទៅភពព្រះចន្ទកាលពីទសវត្សទី៦០នោះ លោកបានកំណត់ផ្លូវឱ្យសហរដ្ឋអាមេរិកវិនិយោគយ៉ាងច្រើនលើគម្រោងមួយនេះលើសពេលណាទាំងអស់នៅក្នុងប្រវត្តិសាស្រ្តមនុស្ស។ ដូច្នេះនៅពេលអ្នកចង់តម្រង់ទៅរកគោលដៅអ្វីមួយធំ អ្នកមិនត្រូវស្ទាក់ស្ទើរទេ គឺត្រូវប្រកាសឱ្យគេដឹង ស្វែងរកជំនួយ និងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់