អភិវឌ្ឍចំណេះដឹង | March 05, 2021 | 151

គន្លឹះសម្រាប់គ្រប់គ្រងក្រុមការងារពីចម្ងាយយ៉ាងមានប្រសិទ្ធភាព

គំនិតនៃការធ្វើការងារនៅផ្ទះមិនមែនជារឿងថ្មីទេ។ សម្រាប់មនុស្សភាគច្រើន ការងារនៅការិយាល័យនិងការងារនៅផ្ទះមិនមានអ្វីខុសគ្នាទេ។ មុនពេលមានបដិវត្តន៍ឧស្សាហកម្ម រោងចក្រតម្រូវឱ្យបុគ្គលិកទៅធ្វើការនៅកន្លែងផ្ទាល់។ បន្ទាប់មក នៅដើមសតវត្សទី២០ អគ្គិសនីនិងបណ្តាញគមនាគមន៍សាធារណៈទាក់ទាញបុគ្គលិកទៅធ្វើការនៅការិយាល័យ។ ឥឡូវបញ្ហាកូវីដ១៩ បានបង្ខំមនុស្សឱ្យត្រឡប់មកធ្វើការនៅក្នុងផ្ទះវិញ។ 

 

 

ហេតុដូច្នេះហើយ ស្ថានភាពបច្ចុប្បន្ននេះមិនមែនជារឿងថ្មីទេ វាជាផ្លូវចាស់ដែលមនុស្សធ្លាប់ដើរមកជាយូរមកហើយ។ សូម្បីតែរបៀបធ្វើការពីចម្ងាយដូចសព្វថ្ងៃនេះក៏មិនមានអ្វីថ្មីដែរ។ ក្រុមហ៊ុនIBM បានតម្លើងឧបករណ៍ចាំបាច់តាមផ្ទះបុគ្គលិកដើម្បីសម្រួលការងារតាំងពីទសវត្សឆ្នាំ១៩៨០មកម៉្លេះ។ នៅត្រឹមឆ្នាំ២០០៩ បុគ្គលិកសកលចំនួន៤០ភាគរយរបស់ក្រុមហ៊ុនIBM ធ្វើការនៅផ្ទះ។ 

 

សូម្បីមុនពេលមានការរីករាលដាលនៃមេរោគបច្ចុប្បន្ននេះ ក៏វប្បធម៌នៃការងារពីចម្ងាយបានរីកចម្រើនខ្លះរួចទៅហើយ។ វិបត្តិកូវីដ១៩បានបង្ខំមនុស្សជាច្រើនឱ្យសំងំនៅក្នុងផ្ទះ ហើយយើងក៏មិនដឹងច្បាស់ថាស្ថានភាពនឹងទៅជាយ៉ាងណាដែរ ប៉ុន្តែកំណើននៃរបៀបធ្វើការនៅផ្ទះនឹងមានឥទ្ធិពលវែងឆ្ងាយទៅមុខ។ ក្នុងពេលជាមួយគ្នានេះ អ្នកអាចប្រើប្រាស់គន្លឹះខ្លះខាងក្រោមដើម្បីគ្រប់គ្រងក្រុមការងារពីចម្ងាយនិងដើរលើផ្លូវទៅរកជោគជ័យពិតប្រាកដ៖ 

 

១/ ជ្រើសរើសបច្ចកវិទ្យាក្នុងរបៀបវៃឆ្លាត

មានឧបករណ៍ជាច្រើនសម្រាប់ជួយដល់របៀបធ្វើការពីចម្ងាយ តាំងពីGoogle និងMicrosoft  រហូតដល់ Slack និងSkype។ កម្មវិធីVirbela  កម្មវិធី Smartsheet និងកម្មវិធីជាច្រើនទៀតដែលជួយក្នុងការគ្រប់គ្រងពេលវេលា ការចែកចាយឯកសារ ការគ្រប់គ្រងគម្រោង ការគ្រប់គ្រងធនធានមនុស្ស ការរៀបចំពេលប្រជុំជាដើម។ ទោះជាយ៉ាងណា អ្នកត្រូវចងចាំថាអ្វីៗទាំងអស់នេះគ្រាន់តែជាឧបករណ៍ប៉ុណ្ណោះ គឺបច្ចេកវិទ្យាសម្រាប់ជួយអ្នកធ្វើការ។ បើក្រុមការងាររបស់អ្នកពិបាកប្រើប្រាស់កម្មវិធីណាមួយ ប្រហែលកម្មវិធីមិនមែនល្អសម្រាប់ការងារបស់អ្នកទេ។ 

 

២/ បណ្តុះបណ្តាលរបៀបអនុវត្តការងារ

ការបណ្តុះបណ្តាលមិនបានបាត់បង់សារៈសំខាន់ដោយគ្រាន់តែបុគ្គលិករបស់អ្នកធ្វើការពីផ្ទះមកនោះទេ។ មានដំណើរការងារមួយចំនួនដែលតម្រូវឱ្យបុគ្គលិករៀនក្នុងរបៀបត្រឹមត្រូវទៅតាមលំដាប់ដោយទើបអាចអនុវត្តបាន។ ដោយសាររបៀបធ្វើការពីចម្ងាយក៏លុបបំបាត់របាំងភូមិសាស្រ្ត ការបណ្តុះបណ្តាលរបៀបធ្វើការអន្តរវប្បធម៌ក៏ប្រហែលចាំបាច់ដែរ។ អ្នកក៏ត្រូវចងចាំដែរថាមនុស្សរៀនក្នុងរបៀបផ្សេងគ្នា ប៉ុន្តែមនុស្សភាគច្រើនរៀនបានល្អបំផុតនៅពេលជួបមុខគ្នានិងចូលរួមជាមួយគ្នា។ ដូច្នេះការបណ្តុះបណ្តាលមិនមែនគ្រាន់តែជារូបភាពនិងសំឡេងដែលថតទុករួចចាក់ឱ្យបុគ្គលិកមើលនិងស្តាប់នោះទេ វាគួរតែមានការចូលរួមនិងឆ្លើយឆ្លងគ្នាខ្លះទៅតាមស្ថានភាពជាក់ស្តែង។

 

៣/ បង្កើតវប្បធម៌ក្រុមការងារពីចម្ងាយ

ក្រុមការងារពីចម្ងាយក៏មានតម្រូវការដូចគ្នានឹងក្រុមការងារទូទៅដែរដើម្បីធ្វើការបានល្អ គឺត្រូវមានការលើកទឹកចិត្ត ការទទួលស្គាល់ និងការផ្តល់រង្វាន់ជាដើម។ ជាក់ស្តែងក្រុមហ៊ុន E.On របស់អាល្លឺម៉ង់បានប្រើប្រាស់កម្មវិធីBuzzដើម្បីទទួលស្គាល់ការងាររបស់បុគ្គលិកម្នាក់ៗ ហើយជាលទ្ធផល គេឃើញកម្លាំងចិត្តបុគ្គលិកកើនឡើង។ ក្រុមការងារដែលមានភាពជឿជាក់លើគ្នា បញ្ជៀសទំនាស់ លើកទឹកចិត្តឱ្យមានទំនាក់ទំនង និងបង្កើនសហប្រតិបត្តិការ ក៏ជួយបង្កើនឱកាសជោគជ័យដែរ។ ដូច្នេះហើយ តើអ្នកអាចជួយកិច្ចការទាំងអស់នេះបានដោយរបៀបណា? បន្ថែមពីលើការផ្តល់យន្តការត្រឹមត្រូវសម្រាប់រក្សាទំនាក់ទំនងទាន់ពេលវេលា អ្នកក៏គួរតែលើកទឹកចិត្តឱ្យមានកិច្ចសហការគ្នាតាមរយៈគម្រោងការងារនីមួយៗដែរ។ 

 

៤/ ម៉ឹងម៉ាត់ ប៉ុន្តែត្រូវចេះបត់បែន

ការបំពេញការងារក្នុងក្រុមដែលធ្វើការពីចម្ងាយមិនមែនដូចគ្នានឹងការងារនៅក្នុងការិយាល័យជាមួយគ្នាទេ។ អត្ថប្រយោជន៍មួយនៃរបៀបធ្វើការថ្មីនេះគឺភាពបត់បែន និងការមិនចាំបាច់ត្រូវធ្វើដំណើរ។ ជាការចាំបាច់ដែលមេដឹកនាំត្រូវទទួលស្គាល់ចំណុចនេះ និងរក្សាភាពបត់បែនឱ្យបានល្អ ប៉ុន្តែការងារទាំងអស់ត្រូវតែធ្វើឱ្យរួចរាល់ទៅតាមការគ្រោងទុក។ ការបង្កើតម៉ោងពេលស្នូលទៅតាមកិច្ចការនីមួយអាចនាំទៅបង្កើនផលិតភាពបាន។ ម៉ោងស្នូលជួយធានាបានថាសមាជិកក្រុមការងារទាំងអស់អាចទាក់ទងនិងឆ្លើយឆ្លងគ្នាភ្លាមៗនៅក្នុងពេលនិងទីកន្លែងខុសគ្នា។ 

 

ប្រែសម្រួល៖ វេហា

 

មតិយោបល់