អភិវឌ្ឍចំណេះដឹង | March 04, 2021 | 164

ខ្នាតរង្វាស់ជោគជ័យសម្រាប់ពាណិជ្ជកម្មបន្ទាប់បន្សំ

ការចំណាយពេលធ្វើកិច្ចការបន្ទាប់បន្សំជាការសម្រេចចិត្តធំមួយ។ ទាំងពេលវេលានិងធនធានដែលអ្នកចំណាយត្រូវទទួលបានលទ្ធផលមកវិញក្នុងរបៀបច្បាស់លាស់ ប៉ុន្តែតើអ្នកដឹងប្រាកដទេថាកិច្ចការដែលអ្នកកំពុងតែធ្វើនោះនាំទៅរកលទ្ធផលដែលអ្នកត្រូវការមែន? 

 

 

របៀបដែលម្ចាស់ពាណិជ្ជកម្មវៃឆ្លាតធានាបានថាគេវិនិយោគពេលវេលានិងលុយកាក់បានត្រឹមត្រូវលើពាណិជ្ជកម្មបន្ទាប់បន្សំគឺស្ថិតនៅលើតួលេខ។ រង្វាស់គ្មានអ្វីក្រៅពីតួលេខដែលឆ្លុះបញ្ចាំងរបៀបដែលពាណិជ្ជកម្មកំពុងតែមានប្រតិបត្តិការនោះទេ៖ តើអ្នកកំពុងតែធ្វើកិច្ចការអ្វី? តើអ្នកធ្វើកិច្ចការនោះបានរហ័សកម្រិតណា? តើអ្នកទទួលបានចំណូលមកវិញកម្រិតណា? តើអ្នកប្រើប្រាស់ធនធានអ្វីខ្លះនៅក្នុងដំណើរនោះ?

 

គោលដៅរបស់អ្នកគឺការបង្កើតប្រាក់ចំណូលច្រើនដោយការវិនិយោគធនធានតិច។ ក្នុងករណីខ្លះ ប្រហែលអ្នកត្រូវផ្លាស់ប្តូរម៉ោងពេលធ្វើការឱ្យស្របតាមតម្រូវការរបស់អតិថិជន។ ក្នុងករណីខ្លះទៀត អ្នកត្រូវជួលក្រុមអ្នកធ្វើការងារឯករាជ្យបណ្តោះអាសន្ន និងបង្កើតចំណាយដើម្បីបញ្ចប់គម្រោងបានឆាប់រហ័ស។ ទោះជាកិច្ចការបន្ទាប់បន្សំរបស់អ្នកជាអ្វីក៏ដោយ ក៏អ្នកត្រូវការខ្នាតរង្វាស់ទាំងនេះដើម្បីប្រើប្រាស់ដែរ៖

 

១/ អតិថិជន ឬការងារ

ចំនួនអតិថិជន ឬការងារនៅក្នុងកិច្ចការបន្ទាប់បន្សំរបស់អ្នកមានឥទ្ធិពលដោយត្រង់លើចំនួនលុយដែលអ្នកអាចរកបាន។ ហេតុដូច្នេះហើយ ជាការចាំបាច់ដែលអ្នកត្រូវតាមដានគ្រប់ដំណើរនៃការងារទាំងអស់ ដើម្បីដឹងច្បាស់ថាអ្នកអាចធ្វើបានបានខ្លះទៀតនៅជំហានបន្ទាប់។ តាមរយៈខ្នាតរង្វាស់នេះដដែល អ្នកក៏ត្រូវតាមដានប្រភេទអតិថិជនដែលអ្នកកំពុងតែធ្វើការជាមួយដែរ តើគម្រោងរបស់គេធំឬតូចកម្រិតណា ហើយការងារប្រភេទណាខ្លះដែលគេធ្វើ។ 

 

២/ ពេលវេលា

ការតាមដានពេលវេលារបស់អ្នកនៅគ្រប់កិច្ចការប្រហែលមិនមែនងាយស្រួលទេ ប៉ុន្តែខ្នាតរង្វាស់មួយនេះនឹងមានឥទ្ធិពលយ៉ាងខ្លាំងលើទស្សនវិស័យពាណិជ្ជកម្មរបស់អ្នក។ បើពេលវេលារបស់អ្នកប្រើប្រាស់សម្រាប់តែគម្រោងរបស់អតិថិជនបីនាក់ អ្នកមិនអាចបន្ថែមចំនួនអតិថិជនបានទៀតទេ។ ប៉ុន្តែតើនឹងមានរឿងអ្វីកើតឡើងបើគម្រោងទាំងបីនោះមិនអាចនាំប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់ចំណាយលើការងារ និងមិនបានចំណេញអ្វីសោះ? បើបែបនេះមែន អ្នកគួរតែកែតម្រូវគំរូពាណិជ្ជកម្មដើម្បីអាចទទួលយកអតិថិជនបន្ថែមទៀត។ ហើយក៏ប្រហែលដល់ពេលដែលអ្នកត្រូវជួលកម្លាំងបន្ថែមឬបំបែកការងារទៅឱ្យក្រុមអ្នកធ្វើការឯករាជ្យជួយខ្លះ។ 

 

៣/ ផលិតភាព

ទាក់ទងទៅនឹងការតាមដានពេលវេលា ផលិតភាពជាខ្នាតរង្វាស់លទ្ធផលការងារទាំងមូលដែលអ្នកអាចធ្វើបានក្នុងរយៈពេលជាក់លាក់ណាមួយ។ ផលិតភាពរបស់អ្នកនឹងកើនឡើងឬថយចុះទៅតាមស្ថានភាពផ្សេងគ្នា ប៉ុន្តែបើអ្នកតាមដានផលិតភាពក្នុងរយៈពេលមួយឬពីរសប្តាហ៍ អ្នកនឹងអាចកំណត់ដឹងរបៀបជាទូទៅបាន។ ប្រហែលអ្នកនឹងមើលឃើញផលិតភាពខ្ពស់បំផុតសម្រាប់គម្រោងការងាររយៈពេលខ្លីៗជាងគម្រោងធំ។ ព័ត៌មានទាំងអស់នេះអាចជួយអ្នកឱ្យរៀបផែនការបានកាន់តែប្រសើរនិងផ្តោតលើពេលវេលាដែលមានផលិតភាពខ្ពស់បំផុត។ 

 

៤/ ប្រាក់ចំណូល

បើអ្នកមិនតាមដានឱ្យដឹងថាអ្នករកចំណូលបានប៉ុន្មានពីការងារបន្ទាប់បន្សំរបស់អ្នកក្នុងមួយខែៗទេ គឺដល់ពេលដែលអ្នកត្រូវចាប់ផ្តើមអនុវត្តហើយ។ មានកម្មវិធីជាច្រើនដែលអាចជួយអ្នកបង្កើតវិក្កយបត្រស្វ័យប្រវត្តិ និងតាមដានប្រាក់ចំណូល ហើយអាចភ្ជាប់ជាមួយគណនីធនាគារនិងជួយគណនាអត្រាពន្ធថែមទៀត។ គោលដៅនៃការតាមដានប្រាក់ចំណូលគឺដើម្បីដឹងច្បាស់ចំនួនលុយដែលអ្នករកបាន និងអាចដឹងថារដូវកាលណាដែលអ្នករកលុយបានច្រើន។ 

 

៥/ ចំណាយ

ការតាមដានប្រាក់ចំណូលគ្រាន់តែជាទិដ្ឋភាពមួយនៃរូបភាពហិរញ្ញវត្ថុពីការងារបន្ទាប់បន្សំរបស់អ្នកប៉ុណ្ណោះ។ អ្នកក៏ត្រូវដឹងថាអ្នកចំណាយលុយអស់ប៉ុន្មានដែរដើម្បីបង្កើតប្រាក់ចំណូលថ្មី។ បើអ្នកវិនិយោគច្រើនពេក អ្នកនឹងមិនអាចរកប្រាក់ចំណេញបានទេ។ ចំណាយសំដៅដល់ការផ្សព្វផ្សាយ ការទិញសម្ភារៈឬឧបករណ៍ប្រើប្រាស់ ការជួលអ្នកដទៃ និងការបង់ពន្ធ។ 

 

ខ្នាតរង្វាស់ទាំងអស់នេះអាចជួយឱ្យអ្នកមើលឃើញច្បាស់ថាការងារបន្ទាប់បន្សំរបស់អ្នកជោគជ័យកម្រិតណានៅពេលនេះ ហើយអ្នកអាចបន្តរីកចម្រើនទៅដល់កម្រិតណាទៀតនៅពេលខាងមុខ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់