អភិវឌ្ឍចំណេះដឹង | March 04, 2021 | 182

រៀនបង្កើតផ្នត់គំនិតមិនចុះចាញ់ឧបសគ្គតាមកំពូលសហគ្រិន

បើអ្នកសួរកំពូលសហគ្រិនណាម្នាក់អំពីរបៀបបង្កើតផ្នត់គំនិតមិនចុះចាញ់ឧបសគ្គ គេនឹងប្រាប់ថាលក្ខណសម្បត្តិមួយដែលអ្នកត្រូវមានដើម្បីក្លាយជាមនុស្សជោគជ័យគឺភាពរឹងប៉ឹងផ្លូវចិត្ត។ ប្រហែលអ្នកធ្លាប់ឮពាក្យចិត្តមានះពីមុនមកហើយ បើគ្រាន់តែស្តាប់ដូចជាងាយស្រួលណាស់ ប៉ុន្តែការពិតមិនមែនបែបនេះទេ។ 

 

មានភាពខុសគ្នារវាងការគិតថាអ្នកមានចិត្តរឹងប៉ឹង និងការរស់នៅពិតប្រាកដជាមួយចិត្តរឹងប៉ឹងរាល់ថ្ងៃ។ ភាពរឹងមាំផ្លូវចិត្តនឹងកាន់តែលំបាកធ្វើបាននៅពេលអ្នកឈានទៅកាន់តែឆ្ងាយក្នុងដំណើរសហគ្រិនភាព។ អ្នកគ្មានផ្លូវគេចផុតពីបញ្ហាទេ ហើយបើអ្នកមិនមានចិត្តរឹងមាំ បញ្ហានឹងផ្តួលរំលំអ្នកជាមិនខាន។ 

 

នៅពេលអ្នកគិតដល់បញ្ហាលំបាកដែលប្រឈមមុខអ្នកនៅថ្ងៃនេះ វានឹងងាយស្រួលជម្នះណាស់នៅពេលមួយឆ្នាំមុខទៀត។ ប៉ុន្តែភាពងាយស្រួលនោះកើតឡើងបានលុះត្រាតែអ្នកមានចិត្តរឹងមាំដែរ។ តើអ្នកអាចក្លាយជាមនុស្សមានចិត្តរឹងប៉ឹងបានដោយរបៀបណា? ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលកំពូលសហគ្រិនបានប្រើប្រាស់និងទទួលបានជោគជ័យ៖

 

 

១/ លោក Tony Robbins

យោងតាមលោក Tony Robbins ការក្លាយជាមនុស្សដែលមានចិត្តរឹងមាំប្រៀបដូចជាការលើកទម្ងន់ដែរ។ បើអនុវត្តជាប្រចាំ អ្នកនឹងកាន់តែមានភាពរឹងមាំ។ គ្មាននរណាម្នាក់ចាប់ផ្តើមលើកទម្ងន់បានច្រើនភ្លាមៗនោះទេ។ ដំណើរការទាំងអស់ត្រូវចាប់ផ្តើមពីតិចទៅច្រើន និងត្រូវអនុវត្តឱ្យបានទៀងទាត់។ ទោះជាយ៉ាងណា ការហ្វឹកហាត់ធ្វើឱ្យចិត្តរឹងមាំមានភាពលំបាកជាងការធ្វើឱ្យរាងកាយរឹងមាំទៅទៀត គឺវាទាក់ទងនឹងការឈឺចាប់និងការសប្បាយ។ បើអ្នកមានអារម្មណ៍ឈឺចាប់ច្រើនជាងសប្បាយ អ្នកនឹងមិនធ្វើសកម្មភាពទេ។ ប៉ុន្តែបើអ្នកសប្បាយច្រើនជាងឈឺចាប់ អ្នកនឹងពេញចិត្តធ្វើ ហើយបើអ្នកធ្វើសកម្មភាពកាន់តែច្រើន ចិត្តរបស់អ្នកក៏កាន់តែរឹងមាំដែរ។ 

 

២/ លោក Grant Cardone

យោងតាមលោក Grant Cardone ការធ្វើឱ្យចិត្តរឹងមាំចាប់ផ្តើមពីការមានភាពក្លាហាន។ មនុស្សយើងម្នាក់ៗមានភាពក្លាហានដើម្បីរស់នៅឱ្យបានល្អបំផុត ប៉ុន្តែមនុស្សភាគច្រើនមិនចង់ទាញយកប្រយោជន៍ពីការពិតមួយនេះទេ។ យើងច្រើនតែសុខចិត្តសំងំរស់នៅជាមួយការឈឺចាប់ក្នុងជីវិត ដោយមិនហ៊ានប្រថុយជម្នះ។ មនុស្សម្នាក់មានភាពក្លាហានក្នុងចិត្តស្រាប់ទៅហើយ វាជាសភាវគតិ។ បើមានរឿងអាក្រក់អ្វីមួយកើតឡើងចំពោះមនុស្សជាទីស្រឡាញ់របស់អ្នក អ្នកនឹងមានភាពក្លាហានភ្លាមដើម្បីប្រឈមនឹងស្ថានការណ៍។ នៅពេលអ្នកមានចិត្តរឹងមាំ អ្នកហ៊ានប្រថុយនឹងអ្វីៗទាំងអស់។ ចុះនឹងមានរឿងអ្វីកើតឡើងនៅពេលការប្រថុយនោះមិនទទួលបានជោគជ័យ? គឺអ្នកបានរៀនពីបទពិសោធនោះ។ 

 

៣/ លោក Eric Thomas

យោងតាមលោក Eric Thomas ការធ្វើឱ្យមានចិត្តរឹងមាំចាប់ផ្តើមពីការមិនព្រមសំងំសុខតែមួយកន្លែង។ នៅពេលអ្នកសំងំសុខក្នុងជីវិតនេះ អ្នកនឹងលែងចង់ធ្វើអ្វីទាំងអស់ដើម្បីសម្រេចសុបិនផ្សេងទៀត។ អ្នកនឹងពេញចិត្តតែចំពោះអ្វីៗទាំងអស់ដែលអ្នកមាន និងមិនចង់រុញច្រានព្រំដែននៃលទ្ធភាពទេ។ គោលដៅរបស់អ្នកគួរតែអភិវឌ្ឍរាល់ថ្ងៃ បើទោះជាបីក្នុងបរិមានឬកម្រិតតូចក៏ដោយ។ អ្នកត្រូវតែជឿជាក់ទាំងស្រុងលើសុបិនរបស់ខ្លួនឯង។ ដើម្បីកាន់តែមានចិត្តរឹងមាំថែមទៀត អ្នកត្រូវចាប់ផ្តើមដោយការផ្លាស់ប្តូរទម្លាប់។ 

 

៤/ លោក Ben Newman

យោងតាមលោក Ben Newman ដើម្បីក្លាយមនុស្សដែលមានចិត្តរឹងមាំ អ្នកត្រូវចាប់ផ្តើមផ្លាស់ប្តូររបៀបគិត។ ការផ្លាស់ប្តូររបៀបគិតផ្តើមចេញពីការរៀបចំផ្នត់គំនិតឡើងវិញ។ ចាប់ផ្តើមផ្តោតចិត្តលើដំណោះស្រាយជាជាងបញ្ហា។ មនុស្សភាគច្រើនរអ៊ូរទាំគ្រប់ពេល ប៉ុន្តែមិនចង់ស្វែងរកដំណោះស្រាយទេ ហេតុអ្វី? គឺការរអ៊ូងាយស្រួលជាងការស្វែងរកដំណោះស្រាយ។ បើអ្នកចង់ក្លាយជាមនុស្សមានចិត្តរឹងមាំ អ្នកមិនត្រូវធ្វើដូចមនុស្សទូទៅទេ។ អ្នកត្រូវតែក្លាយជាមនុស្សម្នាក់ដែលហ៊ានប្រឈមមុខនឹងបញ្ហា ហើយបន្តប្រយុទ្ធដល់ទីបំផុត។  

 

ប្រែសម្រួល៖ វេហា

មតិយោបល់