អភិវឌ្ឍចំណេះដឹង | March 03, 2021 | 158

ជោគជ័យយឺតៗជាគន្លឹះសំខាន់ដើម្បីជោគជ័យធំ

លោកស្រី Chloe Zhao បានបង្កើតប្រវត្តិសាស្រ្តក្នុងពេលថ្មីៗនេះនៅព្រឹត្តិការណ៍ទទួលពាន់រង្វាន់ Golden Globe Awards ប្រចាំឆ្នាំលើកទី៧៨ ដោយបានក្លាយជាមនុស្សស្រីទីពីរនិងជាមនុស្សស្រីអាស៊ីដំបូងគេ ដែលទទួលបានពាន់រង្វាន់នេះ ក្នុងស្នាដៃជាអ្នកដឹកនាំរឿង។ 

 

 

លោកស្រីZhao មានអាយុ៣៨ឆ្នាំ កើតនិងធំដឹងក្តីឡើងនៅក្នុងក្រុងប៉េកាំង ចូលរៀននៅសាលាក្នុងក្រុងឡុងដ៍ ហើយបញ្ចប់វិទ្យាល័យនៅក្នុងសហរដ្ឋអាមេរិក និងបន្តរៀនវិទ្យាសាស្រ្តនយោបាយនៅទីនោះទៀត។ ក្រោយពីរៀនចប់ លោកស្រីបានចំណាយពេលច្រើនឆ្នាំធ្វើការជាច្រើនកន្លែងរហូតដល់ពេលមួយក៏សម្រេចចិត្តចុះឈ្មោះចូលរៀនផ្នែកថតខ្សែភាពយន្តនៅសាកលវិទ្យាល័យNew York។ 

 

ពីរបីឆ្នាំក្រោយមក លោកស្រីបានបង្កើតវិធីសាស្រ្តនិទានរឿងនិងទទួលបានការជឿទុកចិត្តពីមនុស្សដែលលោកស្រីប្រុងនឹងថតជាខ្សែភាពយន្តជីវិត។ ពេលរៀបចំថតខ្សែភាពយន្តជីវិតលោកស្រីបានចំណាយពេលមួយឆ្នាំដើម្បីស្គាល់មនុស្សនៅក្នុងតំបន់ដែលលោកស្រីចង់ថតនោះ។ បន្ថែមពីលើនេះ លោកស្រីក៏ចំណាយពេលបីឆ្នាំនៅក្នុងតំបន់ដើម្បីធ្វើការជាគ្រូបង្រៀននៅក្នុងសហគមន៍និងសរសេរគ្រោងរឿងចំនួន៣០ដង។ 

 

លោកស្រីបានចាប់ផ្តើមថតខ្សែភាពយន្តជីវិតដោយចំណាយដើមទុនផ្ទាល់ខ្លួន៧០០០០ដុល្លារនិងប្រមូលបន្ថែម៣០០០០ដុល្លារទៀត ហើយក៏បានឃើញលទ្ធផលរឿងដំបូងនៅឆ្នាំ២០១៥ ដែលមានចំណងជើងថា “Songs My Brother Taught Me”។ ខ្សែភាពយន្តទីពីររបស់លោកស្រីចេញផ្សាយនៅឆ្នាំ២០៧ មានចំណងជើងថា“The Rider”។ 

 

លោកស្រីZhao បានប្រាប់ថា គន្លឹះជោគជ័យរបស់លោកស្រីគឺការចាប់ផ្តើមស្គាល់សហគមន៍បន្តិចម្តងៗឱ្យបានច្បាស់ប្រសើរជាងចាប់ផ្តើមភ្លាមដោយគម្រោងធំតែម្តង។ កេរ្តិ៍ឈ្មោះក្នុងការងាររបសលោកស្រីZhaoបាននាំឱ្យលោកស្រីដឹកនាំផលិតរឿង “Nomadland” នៅឆ្នាំ២០២០ដែលជាការថតយកលំនាំតាមសៀវភៅរបស់លោកស្រី Jessica Bruder ក្នុងចំណងជើងដូចគ្នា។

 

បើទោះជាកន្លងមកលោកស្រីដឹកនាំគម្រោងតូចៗរហូតដល់រកជោគជ័យឃើញ  ការងារបន្ទាប់របស់លោកស្រីមានទ្រង់ទ្រាយធំគឺលោកស្រីនឹងត្រូវដឹកនាំដំណើរការផលិតខ្សែភាពយន្តរបស់ក្រុមហ៊ុនMarvel ចំណងជើង“Eternals” ដែលសម្តែងដោយលោកស្រី Angelina Jolie និងលោកស្រី Salma Hayek ហើយគ្រោងនឹងចេញផ្សាយនៅចុងឆ្នាំនេះ និងមានគម្រោងដឹកនាំការផលិតរឿងប្រភេទវិទ្យាសាស្រ្តថែមទៀត។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់