អភិវឌ្ឍចំណេះដឹង | February 23, 2021 | 85

គំនិតដែលរារាំងសហគ្រិនមិនឱ្យបោះជំហានធំក្នុងពាណិជ្ជកម្ម

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រធានបទស្តីពីឥទ្ធិពលនៃគំនិត និងសក្តានុពលមនុស្សមានយកចិត្តទុកដាក់កាន់តែច្រើនទាំងក្នុងទ្រឹស្តីនិងក្នុងការពិសោធជាក់ស្តែង។ ការសិក្សាទាំងអស់នេះបានបង្ហាញភស្តុតាងយ៉ាងច្បាស់ថាគំនិតរបស់មនុស្សយើងពិតជាមានឥទ្ធិពលមហាសាល និងបង្កើតបានជាការពិតតាមជីវិតរបស់យើង។ 

 

 

ក្នុងពេលដែលការផ្លាស់ប្តូរគំនិតនិងការទទួលយកបែបផែនគំនិតវិជ្ជមាននិងជំនឿអាចផ្លាស់ប្តូរជីវិតរបស់មនុស្សបានមែន យើងក៏ដឹងដែរថា ការប្រើប្រាស់គំនិតខុសអាចនាំទៅរកការបំផ្លិចបំផ្លាញខ្លួន និងការខកខានមិនបានសម្រេចសក្តានុពល។ 

ខាងក្រោមនេះជាគំនិតមួយចំនួនដែលមើលទៅសម្បកក្រៅដូចជាមិនមានអ្វីប៉ះពាល់ ប៉ុន្តែការព្រមទទួលយកគំនិតទាំងនេះបានត្រឹមតែធ្វើឱ្យសហគ្រិនហ៊ានប្រថុយតូចតាចតែបុែណ្ណោះ៖

 

១/ ការធ្វើជាអ្នកធំឯកោណាស់

គ្មានអ្វីអាថ៌កំបាំងទេថាមនុស្សយើងជាសត្វសង្គម គឺយើងរស់នៅក្នុងសហគមន៍ និងជួយគាំទ្រគ្នាទៅវិញទៅមក។ សហគមន៍មានន័យថាជាសុវត្ថិភាពនិងការរស់នៅ។ នៅពេលអ្នកជឿថាការឡើងខ្ពស់ផុតពេកនៅឱ្យឯកោ អ្នកកំពុងតែប្រើប្រាស់អារម្មណ៍ភ័យខ្លាចប្រឆាំងនឹងខ្លួនឯងហើយ។ ការភ័យខ្លាចនៅម្នាក់ឯងនេះនាំទៅរកការភ័យខ្លាចថាអ្នកមិនអាចរស់នៅបានម្នាក់ឯងទេ។ ទីបំផុតអារម្មណ៍ភ័យខ្លាចនេះកំណត់ព្រំដែនជោគជ័យរបស់អ្នក។ 

ជំនួសមកវិញ អ្នកត្រូវទទួលស្គាល់ថាជោគជ័យជាការកំណត់ដោយខ្លួនរបស់អ្នកផ្ទាល់។ ក្នុងពេលដែលដំណើរឆ្ពោះទៅរកជោគជ័យនឹងរុញច្រានអ្នកឱ្យរីកចម្រើនទិដ្ឋភាពជាច្រើនអ្នកក៏អាចជ្រើសរើសរក្សាតែទំនាក់ទំនងណាដែលសំខាន់បំផុតក្នុងជីវិតបានហើយ។ របៀបដែលអ្នកចំណាយពេលគ្រប់វិនាទីជាជម្រើសផ្ទាល់ខ្លួនរបស់អ្នក។ 

 

២/ ត្រូវមានភាពប្រាកដនិយម

ការមានភាពប្រាកដនិយមជាសត្រូវចំពោះសហគ្រិនភាពនិងនវានុភាព។ ប្រាកដនិយមមានន័យថាត្រូវដាក់ព្រំដែនលើកិច្ចការដែលអ្នកអាចសម្រេចបាន។ ហើយអ្វីដែលប្រាកដនិយមនោះគឺអាស្រ័យលើប្រព័ន្ធជំនឿរបស់មនុស្សម្នាក់ៗតែប៉ុណ្ណោះ។ សង្គមមនុស្សមិនដែលវិវត្តរីកចម្រើនទៅមុខដោយសារមនុស្សដែលមានភាពប្រាកដនិយមទេ។ ការជឿថាមនុស្សអាចហោះលើមហាសមុទ្របានជារឿងគ្មានភាពប្រាកដនិយមទេ រហូតដល់បងប្អូនពីរនាក់បានបង្កើតយន្តហោះដោយជោគជ័យទើបមនុស្សចាប់ផ្តើមកែប្រែគំនិតវិញ។ នៅពេលសហគ្រិនជឿលើភាពប្រាកដនិយម គេបណ្តោយឱ្យការភ័យខ្លាចនិងជំនឿនៃព្រំដែនរបស់គេកំណត់លទ្ធភាពដែលគេអាចសម្រេចបានក្នុងជីវិត។ ជំនួសមកវិញ អ្នកត្រូវជឿក្នុងភាពអស្ចារ្យនិងសក្តានុពលគ្រប់យ៉ាងដែលអ្នកអាចបង្កើតបានក្នុងជីវិត។

 

៣/ ពេញចិត្តតែចំពោះអ្វីដែលខ្លួនឯងមាន

ចិត្តរបស់មនុស្សយើងមានពីរស្រទាប់គឺចិត្តដែលមានសកម្មភាពនិងចិត្តដែលចាំតែទទួលយកបទពិសោធ។ ចិត្តស្រទាប់ទីពីរនេះច្រើនតែមានទំនោរទៅរកអ្វីដែលអ្នកផ្តោតញឹកញាប់ដោយមិនដឹងខ្លួន។ នៅពេលអ្នកផ្តោតលើការរកលុយ ចិត្តរបស់អ្នកនឹងគិតរកមធ្យោបាយកាន់តែច្រើនដើម្បីរកលុយដែរ។ នៅពេលអ្នកគិតកាន់តែច្រើនដល់រឿងដែលត្រូវដឹងគុណ ចិត្តរបស់អ្នកក៏ស្វែងរកហេតុផលកាន់តែច្រើនដែរដើម្បីដឹងគុណ។ ហើយនៅពេលដែលដឹងគុណកាន់តែច្រើន អ្នកនឹងទទួលបានកម្លាំងចិត្តកាន់តែច្រើនដើម្បីបន្តរីកចម្រើននិងសម្រេចបានជោគជ័យកាន់តែច្រើនក្នុងជីវិត។   

បន្តដំណើរទៅមុខជានិច្ច ចាប់ផ្តើមសាទរចំពោះជោគជ័យប្រចាំថ្ងៃរបស់អ្នក និងស្វែងរកពេលរំឭកការដឹងគុណចំពោះអ្វីៗគ្រប់យ៉ាងដែលអ្នកបានទទួលដើម្បីអ្នកអាចឈានទៅរកជោគជ័យកាន់តែធំក្នុងជីវិត។

 

ប្រែសម្រួល៖ វេហា

មតិយោបល់