អភិវឌ្ឍចំណេះដឹង | February 23, 2021 | 77

អាថ៌កំបាំងចំពោះជោគជ័យរបស់អ្នកស្ថិតនៅលើការសួរសំណួរដែលត្រូវ

លោកBenjamin Franklin មិនត្រឹមតែល្បីដោយសារមានមុខលើក្រដាសលុយធំបំផុតរបស់សហរដ្ឋអាមេរិកទេ ប៉ុន្តែក៏ល្បីឈ្មោះដោយសារការចាប់ផ្តើមនិងការបញ្ចប់ថ្ងៃនីមួយៗរបស់លោកតាមរយៈការសួរខ្លួនឯងសំណួរដ៏មានឥទ្ធិពលមួយចំនួនដែរ។ លោកក្រោកពីដំណេកនៅរាល់ព្រឹកដំណាលគ្នានឹងថ្ងៃរះ ហើយចាប់ផ្តើមដោយសួរសំណួរថា «តើថ្ងៃនេះខ្ញុំអាចធ្វើអ្វីបានល្អខ្លះ?»

បន្ទាប់ពីរកចម្លើយឃើញ និងទទួលទានអាហារពេលព្រឹករួច លោកចាប់ផ្តើមធ្វើការ សិក្សា សរសេរ គិត និងចុងបញ្ចប់នៃថ្ងៃនីមួយៗ មុនពេលចូលគេង លោកក៏សួរសំណួរខ្លួនឯងមួយទៀតថា «តើថ្ងៃនេះខ្ញុំបានធ្វើកិច្ចការល្អអ្វីបានខ្លះ?»

 

 

ជាងនេះទៅទៀត ទោះជាថ្ងៃអ្វីក៏ដោយ ហើយទោះជាចុងសប្តាហ៍ឬរដូវកាលសម្រាកអ្វី ក៏លោកមិនដែលផ្លាស់ប្តូរទម្លាប់សួរខ្លួនឯងក្រោយពេលក្រោកនិងមុនពេលគេងនេះដែរ។ ពេលវេលាប្រចាំថ្ងៃរបស់លោកBenjamin ពិតជាមមាញឹកណាស់។ រហូតដល់សព្វថ្ងៃនេះ លោកនៅតែទទួលបានការគោរព។ កាលវិភាគប្រចាំថ្ងៃរបស់លោកបានជួយឱ្យសម្រេចគោលដៅ សុបិន និងកំណត់បុគ្គលិកលក្ខណៈរបស់លោក។ ហេតុដូច្នេះហើយ បើអ្នកបានជួបគាត់ផ្ទាល់ ហើយសួររករបៀបសម្រេចគោលដៅនិងផ្លាស់ប្តូរផ្នត់គំនិត លោកប្រាកដជាឆ្លើយថា មធ្យោបាយល្អបំផុតដើម្បីផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកគឺត្រូវសួរសំណួរខ្លួនឯងរាល់ថ្ងៃ។ 

តើមានប្រយោជន៍អ្វីខ្លះពីការចោទឆ្លើយសំណួររបស់ខ្លួនឯង? 

 

១/ សំណួរបណ្តុះបុគ្គលិកលក្ខណៈនិងកំណត់ផ្នត់គំនិតរបស់អ្នក

សំណួរបង្កើតគំរូថ្មីកាន់តែងាយបត់បែននៅក្នុងខួរក្បាលដែលប្រើប្រាស់ពត៌មានយ៉ាងច្រើន។ ពេលអ្នកបង្កើតគំរូនិងរបៀបកាន់តែច្រើន ខួរក្បាលរបស់អ្នកនឹងកាន់តែងាយស្រួលស្វែងរកដំណោះស្រាយល្អៗនិងអស្ចារ្យ។ នៅពេលមានបញ្ហាអ្វីមួយកើតឡើង ខួរក្បាលរបស់អ្នកជ្រើសរើសជម្រើសដែលល្អបំផុតពីក្នុងចំណោមជម្រើសច្រើន ជាជាងប្រកាន់ខ្ជាប់តែលើគំរូចាស់និងគ្មានប្រសិទ្ធភាព។ តាមរយៈសំណួរនិងចម្លើយ កុមារអាចរៀនយល់ដឹងអំពីហេតុនិងផល ហើយគេក៏យល់អត្ថន័យរបស់ពាក្យដែរ ដូច្នេះមនុស្សពេញវ័យក៏អាចប្រើប្រាស់វិធីនេះបានដូចគ្នា។ 

 

២/ សំណួរជួយអ្នកឱ្យបើកចិត្ត និងឡើងផុតពីផ្នត់គំនិតធម្មតា

ពេលណាខួរក្បាលរបស់អ្នកកាន់តែមានភាពបត់បែន វាអាចស្រូបយកពត៌មានបានកាន់តែច្រើនដែរ និងជួយឱ្យអ្នកមើលឃើញទស្សនៈផ្សេងៗ ហើយកាន់តែលែងសូវលំអៀង។ ការផ្លាស់ប្តូរទាំងអស់នេះនឹងរុញច្រានបើកព្រំដែននៃលទ្ធភាពកាន់តែទូលំទូលាយសម្រាប់អ្នកដើម្បីសម្រេចសក្តានុពលកាន់តែធំ។ 

 

៣/ ការឧស្សាហ៍ឆ្លើយសំណួរធ្វើឱ្យអ្នកគិតបានកាន់តែរហ័ស

តើអ្នកធ្លាប់ជួបនរណាដែលគិតនិងធ្វើការយឺតយ៉ាវទេ? ជាទូទៅមនុស្សប្រភេទនោះឆ្លើយសំណួរយឺតណាស់។ ភាពយឺតយ៉ាវទាំងនេះសុទ្ធតែមានទំនាក់ទំនងនឹងគ្នា។ បើអ្នកសំណួរសំណួរដដែលៗកាន់ញឹកញាប់ អ្នកនឹងគិតរកចម្លើយបានកាន់តែរហ័ស។ នៅពេលអ្នកអាចឆ្លើយសំណួរ«តើខ្ញុំអាចធ្វើអ្វីបានខ្លះសម្រាប់សុបិនរបស់ខ្ញុំនៅថ្ងៃនេះ?»ក្នុងពេលត្រឹមតែមួយនាទី ផែនការប្រចាំថ្ងៃរបស់អ្នកនឹងកាន់តែមានភាពច្បាស់លាស់ ហើយអ្នកលែងឈប់នៅពាក់កណ្តាលទីឬត្រង់ផ្លូវបំបែកដើម្បីជ្រើសរើសទៀតហើយ។   

 

៤/ តាមរយៈការបង្កើតសំណួរត្រូវ អ្នកអាចបង្កើតក្តីសុខនិងអារម្មណ៍ស្ងប់បាន

អ្នកប្រហែលបានដឹងហើយថាអារម្មណ៍ស្ងប់មានន័យយ៉ាងណា ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាចំណាយពេលយល់ដឹងមូលហេតុដែលនាំឱ្យមានអារម្មណ៍ស្ងប់បែបនេះទេ។ នៅពេលអ្នកចាប់ផ្តើមសួរសំណួរកាន់តែជ្រៅអំពីរឿងសំខាន់ទាំងអស់នេះ អ្នកចាប់ផ្តើមយល់កាន់តែច្រើនអំពីអារម្មណ៍ខ្លួនឯង។ បើអ្នកឆ្លើយសំណួរទាក់ទងនឹងក្តីសុខរបស់ខ្លួនឯងរាល់ថ្ងៃ អ្នកនឹងចង់ញញឹមដោយមិនដឹងខ្លួន។ ដោយសារនៅពេលដែលអ្នកប្រឹងប្រែងអភិវឌ្ឍអត្តចរិត អ្នកដឹងខ្លួនថាអ្នកកំពុងតែចំណាយពេលដើម្បីខ្លួនឯង ហើយអ្នកនឹងកាន់តែពេញចិត្តចំពោះខ្លួនឯង។ 

 

៥/ អ្នកនឹងបង្កើតគំនិតច្នៃប្រឌិតនិងរៀនផ្លាស់ប្តូរទស្សនៈ

តើអ្នកដឹងថាការសម្លឹងមើលសំណួរពីទស្សនៈផ្សេងមានសារៈសំខាន់យ៉ាងណាទេ? តាមរយៈការអនុវត្តបែបនេះ អ្នកអភិវឌ្ឍគំនិតស្រមើស្រមៃនិងរៀនសម្លឹងមើលជីវិតពីទស្សនៈផ្សេង គឺអ្នកហ៊ានគិតថា «តើនឹងមានរឿងអ្វីកើតឡើងបើខ្ញុំធ្វើខុសពីមុន?» សោកនាដកម្មធំបំផុតរបស់មនុស្សគឺការរស់នៅពេញមួយជីវិតដោយគិតថាមានតែគំនិតរបស់ខ្លួនឯងទេដែលត្រឹមត្រូវ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់