អភិវឌ្ឍចំណេះដឹង | February 23, 2021 | 93

គន្លឹះបង្កើតជំនឿចិត្តមុតមាំចេញពីខាងក្រៅទៅក្នុង

មានធនធាននិងដំបូន្មានជាច្រើនពីអ្នកជំនាញអំពីរបៀបបង្កើតជំនឿចិត្តនិងភាពជឿជាក់លើខ្លួនឯង។ មនុស្សដែលងាយប្រឈមបញ្ហាក៏ទទួលយកការណែនាំទាំងអស់នេះដូចគេស្រេកឃ្លានណាស់។ សុបិនចង់ជម្នះការភ័យខ្លាចទាំងអស់និងព្រំដែនដែលកំណត់ដោយខ្លួនឯងតាមរយៈការអានដំបូន្មានខ្លះៗពិតជាគួរឱ្យទាក់ទាញណាស់។ 

មនុស្សដែលខ្វះជំនឿចិត្តលើខ្លួនឯងអាចចូលរួមថ្នាក់ទ្រឹស្តីចិត្តវិទ្យាមូលដ្ឋាន រួចហើយក៏ចាប់ផ្តើមសរសេរសៀវភៅនិងដំបូន្មានរាប់មិនអស់ស្តីពីរបៀបបង្កើតជំនឿចិត្ត ប៉ុន្តែទ្រឹស្តីទាំងនោះមិនបានជួយកែប្រែបញ្ហាក្នុងរយៈពេលយូរអង្វែងបានទេ។ 

 

 

ខាងក្រោមនេះជាមធ្យោបាយមួយចំនួនដើម្បីបង្កើតជំនឿទុកចិត្តលើខ្លួនឯងដោយផ្តើមចេញពីខាងក្រៅទៅក្នុង៖

 

១/ កំណត់ឱ្យដឹងរបៀបរស់នៅដែលអ្នកចង់បាន

កត្តាធំបំផុតដែលបំផ្លាញជំនឿចិត្តគឺការមិនដឹងថាអ្នកត្រូវដើរទៅរកទិសដៅណាក្នុងជីវិត។ អ្នកមិនចាំបាច់ដឹងច្បាស់ថាត្រូវទៅឱ្យដល់ទីណាទេ គឺគ្រាន់តែមានត្រឹមទិសដៅត្រូវធ្វើដំណើរទៅក៏គ្រប់គ្រាន់ដែរ។ ចំណាយពេលកន្លះម៉ោងសរសេររៀបរាប់អំពីជីវិតដែលអ្នកចង់រស់នៅប្រសិនបើមានវេទមន្តអាចប្រែក្លាយការចង់បាននោះឱ្យទៅជាការពិត។ ដើម្បីបង្កើតទិសដៅបាន អ្នកអាចប្រើប្រាស់សំណួរទាំងបីដើម្បីសួរដេញដោលខ្លួនឯង៖ តើអ្នកនឹងត្រូវធ្វើអ្វី? តើមនុស្សដទៃនឹងមើលមកអ្នកក្នុងរបៀបណា? តើអ្នកគិតយ៉ាងណាចំពោះខ្លួនឯង? កត់ត្រាចម្លើយឱ្យបានក្បោះក្បាយចំពោះសំណួរទាំងនេះ ដោយប្រើប្រាស់ភាសាចេញពីអារម្មណ៍របស់អ្នក។ 

 

២/ សរសេរគោលដៅទុក រួចប្រឹងប្រែងដើម្បីសម្រេចគោលដៅទាំងនោះ

មានធនធានច្រើនណាស់សម្រាប់ជួយអ្នកឱ្យសរសេរគោលដៅ។ ទោះជាយ៉ាងណា ចំណុចសំខាន់គឺត្រូវសរសេរគោលដៅដែលផ្អែកលើសកម្មភាពជាជាងគោលដៅដែលផ្អែកលើលទ្ធផល។ ឧទាហរណ៍នៃរបៀបសរសេរគោលដៅទីមួយខាងលើគឺ «ខ្ញុំនឹងប្រឹងប្រែងដើម្បីទទួលបានការឡើងតំណែង» ចំណែកឧទាហរណ៍នៃការរបៀបសរសេរគោលដៅប្រភេទទីពីរគឺ «ខ្ញុំនឹងរៀនជំនាញចាំបាច់ បន្ទាប់មកដាក់ពាក្យសុំឡើងតំណែង»។ តាមរយៈការធ្វើឱ្យប្រាកដថាគោលដៅទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នក ភាពជឿជាក់របស់អ្នកមិនមែនស្ថិតនៅលើព្រេងសំណាងទៀតទេ។ 

 

៣/ អានសៀវភៅអភិវឌ្ឍខ្លួនដែលសរសេរដោយអ្នកជំនួញជោគជ័យ

បើទោះជាមានសៀវភៅអភិវឌ្ឍខ្លួនល្អៗជាច្រើនមែន ប៉ុន្តែវិធីដែលមានសុវត្ថិភាពនិងសន្សំសំចៃពេលវេលាបំផុតរបស់អ្នកគឺការអានសៀវភៅស្វ័យប្រវត្តិរូបរបស់អ្នកជំនួញនិងសហគ្រិនជោគជ័យ។ បើមនុស្សដូចលោកRichard Branson ឬលោកBill Gates សរសេរសៀវភៅអំពីដំណើរឆ្ពោះទៅរកជោគជ័យ អ្នកអាចទុកចិត្តនិងជឿជាក់លើទ្រឹស្តីនិងគំរូទាំងអស់នៅក្នុងសៀវភៅទាំងនោះ។ ការស្តាប់ឬអានសៀវភៅរបស់បុគ្គលដែលជោគជ័យពិតប្រាកដបែបនេះជាការវិនិយោគពេលវេលាយ៉ាងប្រសើរជាងអានតែទ្រឹស្តីរបស់មនុស្សទើបរៀនចប់ពីសាលាដែលមិនមានបទពិសោធជាក់ស្តែង។  

 

៤/ យល់តុល្យភាពរវាងការរៀនទ្រឹស្តី និងការអនុវត្តសកម្មភាព

ឧបសគ្គទូទៅមួយចំពោះជោគជ័យគឺការគិតច្រើនជ្រុលនិងមិនព្រមចាប់ផ្តើមធ្វើសកម្មភាព។ មានតែសកម្មភាពទេដែលអាចបង្កើតជំនឿចិត្ត មិនមែនជំនឿចិត្តកើតចេញពីការរៀនទ្រឹស្តីនោះទេ។ ដើម្បីរក្សាតុល្យភាព សម្រាប់រៀងរាល់ពេលមួយម៉ោងដែលអ្នកអាន ឬមើលវីដេអូមេរៀនអ្វីមួយ អ្នកត្រូវចំណាយពេលពីរម៉ោងដើម្បីជួបជាមួយអ្នកជំនាញសួរបញ្ជាក់ និងចំណាយពេលប្រាំពីរម៉ោងទៀតដើម្បីអនុវត្តឬធ្វើសកម្មភាពជាក់ស្តែង។ អ្នកអាចហៅរូបមន្តនេះថា ១០/២០/៧០។ 

 

៥/ ឧស្សាហ៍ធ្វើកិច្ចការថ្មីៗឱ្យបានញឹកញាប់

ការមានទម្លាប់ទៀងទាត់ពេកនាំឱ្យបាត់បង់គំនិតច្នៃប្រឌិតនិងធ្វើឱ្យជីវិតគួរឱ្យធុញទ្រាន់។ ការស្វែងរកដំណើរផ្សងព្រេងប្លែកៗជារឿងសំខាន់ណាស់។ អ្នកត្រូវសាកល្បងធ្វើកិច្ចការថ្មីៗជាប្រចាំដោយសារវាអាចបង្កើនជំនឿចិត្តរបស់អ្នកតាមរយៈការរៀនជំនាញជាច្រើនមុខនិងសាកល្បងពិសោធឱ្យបានច្រើន ហើយមិនយូរប៉ុន្មានអ្នកនឹងយល់ឃើញថាកិច្ចការនោះនាំភាពរីករាយខ្លាំងបំផុតមកឱ្យអ្នក។ ទំនុកចិត្តលើខ្លួនឯងមានន័យថាបើអ្នកធ្វើកិច្ចការអ្វីមួយដែលអ្នកមានជំនាញច្បាស់លាស់ ហើយអ្នកដឹងច្បាស់ អ្នកនឹងមានភាពជឿជាក់មិនខាន។

 

ប្រែសម្រួល៖ វេហា

មតិយោបល់