បច្ចេកវិទ្យា | January 05, 2021 | 445

អនាគតនៃទីក្រុងដែលពោរពេញដោយផាសុកភាព

អស់ពេលជាច្រើនជំនាន់មកហើយ ទីក្រុងនានានៅជុំវិញពិភពលោកជួបបញ្ហាប្រឈម និងការផ្លាស់ប្តូររាប់មិនអស់។ ធម្មជាតិរបស់មនុស្សនិងការរីកចម្រើនតម្រូវឱ្យយើងគិតរិះរកមធ្យោបាយបង្កើតអ្វីដែលថ្មីនិងរុញច្រានទៅរកអនាគតដែលកាន់តែរុងរឿង។ 

បើទោះជាគេមិនអាចដឹងច្បាស់ថាអនាគតវិបត្តិកូវីដ១៩នឹងទៅជាយ៉ាងណា ក៏គេអាចដឹងច្បាស់ថាបញ្ហានេះនឹងផ្លាស់ប្តូរការរចនាទីក្រុងកាន់តែគួរឱ្យចង់រស់នៅ។

 

ក្រៅពីការបង្កើតកន្លែងកាន់តែច្រើនសម្រាប់មនុស្សរស់នៅ ទីក្រុងទំនើបៗក៏កំពុងតែបង្កើតគំនិតនៃធ្វើឱ្យអ្នករស់នៅមានអារម្មណ៍ថាទីក្រុងរបស់គេចំណាយពេលដើរត្រឹមតែ១៥នាទីប៉ុណ្ណោះពីកន្លែងរស់នៅទៅកន្លែងគោលដៅនានា។ ទីក្រុងសកលដូចជា Paris, Melbourne, Detroit, និង Ottawaជាដើមកំពុងតែរុញច្រានទៅរកការអនុវត្តគំនិតមួយនេះ។ ទីក្រុងបែបនេះតម្រូវឱ្យមានសាលារៀននៅក្បែរ ងាយស្រួលរកកន្លែងទិញអាហារ មធ្យោបាយធ្វើដំណើរដោយជើងកាន់តែច្រើន និងកាត់បន្ថយច្បាប់ទម្លាប់ដែលរាំងស្ទះដល់គំនិតច្នៃប្រឌិតរបស់សហគមន៍។ 

គំនិតនៃទីក្រុងដែលដើរត្រឹមតែ១៥នាទីនឹងផ្តល់ឱកាសពិតប្រាកដដល់អ្នករស់នៅដើម្បីផ្លាស់ប្តូរទៅតាមការចង់បានរបស់មនុស្ស។ បរិស្ថាននិងសុខភាពត្រូវតែជាចំណុចស្នូលនៃការបង្កើតទីក្រុងទំនើបទៅតាមការស្រមៃចង់បានរបស់មនុស្ស។

យោងតាមការសិក្សារបស់ក្រុមអ្នកជំនាញ មនុស្សនៅតាមទីក្រុងធំៗចំណាយពេលជាង៩០ភាគរយនៃជីវិតរបស់គេរស់នៅនិងធ្វើការក្នុងអគារ ហើយខ្យល់ពុលនៅក្នុងអគារមានកម្រិតធ្ងន់ធ្ងរជាងខ្យល់ពុលនៅខាងក្រៅអគារពី២ទៅ៥ដង។ ខ្យល់ពុលក្នុងអគារបណ្តាលមកពីផ្សែង ធូលី សារធាតុគីមីពីថ្នាំលាបជញ្ជាំង និងម៉ាស៊ីនប្រើប្រាស់ជាច្រើនទៀត។ 

វិបត្តិកូវីដ១៩បង្ខំមនុស្សឱ្យគិតដល់របៀបរស់នៅឡើងវិញ ហើយយើងត្រូវតែចាប់យកឱកាសនេះដើម្បីផ្លាស់ប្តូរ។ បច្ចេកវិទ្យានឹងនៅតែបន្តផ្លាស់ប្តូរជីវិតរបស់មនុស្ស ប៉ុន្តែមនុស្សត្រូវតែគិតដល់ការច្នៃប្រឌិតទីក្រុងដែលមានបរិស្ថានល្អនិងផាសុកភាព។

ប្រែសម្រួល៖ វេហា

មតិយោបល់